ជាតិ
ក្រសួងទេសចរណ៍នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារ
08, Oct 2022 , 11:29 am        
រូបភាព
ដោយ:
ក្រសួងទេសចរណ៍ រៀបចំបោះពុម្ពផែនទីម្ហូបអាហារតំបន់ និងសៀវភៅម្ហូបអាហារតំបន់ ដើម្បីប្រែក្លាយម្ហូបតាមតំបន់ទៅជាផលិតផលទេសចរណ៍ថ្មី។ ឯកសារទាំងពីរនេះ ក៏ជាជំនួយសម្រាប់ទេសចរ ដែលចង់សិក្សាបន្ថែមពីវប្បធម៌អាហារតាមតំបន់។ លើសពីនេះក្រសួងទេសចរណ៍ នឹងធ្វើឱ្យកម្ពុជាក្លាយជាទេសចរណ៍ម្ហូបអាហារ។


 
អាហារតាមតំបន់ក៏ជាផលិតផលទេសចរណ៍មួយយ៉ាងសំខាន់ដែរនាពេលបច្ចុប្បន្ន។ ទេសចរទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា តែងចង់សិក្សាពីវប្បធម៌ ការរស់នៅ និងជាពិសេសភ្លក់ម្ហូបតាមតំបន់។ ប៉ុន្តែទំនៀមទម្លាប់ធ្វើអាហារតាមតំបន់មួយចំនួនមិនបានរក្សាទុកឡើយ ហើយមួយចំនួនទៀតមិនបានរៀបចំត្រឹមត្រូវ។ ចំណែកអាហារតាមតំបន់មួយចំនួនទៀតមិនត្រូវបានភ្ញៀវទេសចរជាតិ ឬអន្តរជាតិស្គាល់នោះទេ។
 
ជាមួយគ្នាក្រសួងទេសចរណ៍បានចងក្រងអាហារតាមតំបន់ក្នុងរាជធានី-ខេត្តទាំង២៥ ក្នុងប្រទេសកម្ពុជាដើម្បីធ្វើជាផែនទីអាហារតាមតំបន់ និងសៀវភៅម្ហូបតាមតំបន់។ ឯកសារទាំងពីរនេះ កំពុងបោះពុម្ព នឹងគ្រោងចេញផ្សាយ នឹងដាក់តាមមន្ទីរទេសចរណ៍តាមរាជធានី-ខេត្តដើម្បីឱ្យភ្ញៀវទេសចរអាចស្វែងរកព័ត៌មានទាំងនោះបាន។
 
លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានThmeyThmey25ថា ការធ្វើផែនទីម្ហូបអាហារដើម្បីផ្សារភ្ជាប់ម្ហូបអាហារ និងវប្បធម៌តាមតំបន់ជាមួយតំបន់ទេសចរណ៍ផ្ទាល់។ តាមរយៈផែនទីនេះទេសចរអាចដើរកម្សាន្ត ហើយពួកគេនឹងដឹងពីម្ហូបតំបន់ទាំងនោះមានអ្វីខ្លះ។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍
 
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏កំពុងបោះពុម្ព សៀវភៅមគ្គទេសក៍ម្ហូបអាហារក្នុងពេលដំណាលគ្នានេះដែរ។ ក្នុងសៀវភៅនោះមានរំលេចឈ្មោះម្ហូបអាហារ ជាមួយរូបភាព និងប្រវត្តិខ្លះៗនៃម្ហូបតាមតំបន់។ កូនសៀវភៅនេះ ក៏ជាជំនួយសម្រាប់ទេសចរចង់ស្វែងយល់ និងសិក្សាបន្ថែមពីអាហារតាមតំបន់ដែរ។
 
«ម្ហូបក៏ជាផលិតផលទេសចរណ៍ដែរ។  ផលិតផលដែលផ្សារភ្ជាប់ជាមួយវប្បធម៌របស់ប្រជាជន។ នេះជាការភ្ជាប់ផលិតផលទេសចរណ៍ទៅ តំបន់ទេសចរណ៍គ្រប់រាជធានី-ខេត្តតែម្ដង។ ភ្ញៀវទេសចរមើលសៀវភៅនេះអាចនឹងចង់ទៅកន្លែងផ្ទាល់ដើម្បីភ្លក់ និងសិក្សាបន្ថែម»។ នេះជាការបញ្ជាក់របស់លោក អាំង សុវណ្ណរ័ត្ន។
 
ក្រៅពីឯកសារអាហារតាមតំបន់ទាំងពីរ ដែលគ្រោងចេញផ្សាយ ក្រសួងទេសចរណ៍ កំពុងផ្សព្វផ្សាយវីដេអូ មួយចំនួន ដើម្បីកំណត់ថាកម្ពុជា ជាប្រទេសទេសចរណ៍អាហារ។ ការធ្វើបែបនេះដើម្បីឱ្យទេសចរឃើញម្ហូបចង់មកកម្សាន្តកម្ពុជា ឬមកកម្ពុជាដើម្បីភ្លក់ម្ហូបតាមតំបន់។
 
អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍រូបនេះ បន្ថែមដូច្នេះ៖ «ក្រសួងកំពុងជំរុញផ្សព្វផ្សាយ ឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារដែលមានភាពទាក់ទាញ និងប្រជាប្រិយភាព ដើម្បីចង់ឱ្យភ្ញៀវមកកម្ពុជាដើម្បីភ្លក់ម្ហូបអាហារយើង។ ម្ហូបជាផលិតផលទេសចរណ៍មួយដែរ ដូច្នេះទើបយើងព្យាយាមធ្វើពិពិធកម្មអាហាររហូត ដើម្បីភាពទាក់ទាញ»។
 
បើតាមលោក អាំង សុវណ្ណរ័ត្ន ផែនទីអាហារ និងសៀវភៅមគ្គទេសក៍អាហារក្រសួងទេសចរណ៍បានរៀបចំរួចរាល់ហើយ នឹងកំពុងបោះពុម្ពផ្សាយ។ ក្រសួងនឹងបោះពុម្ពផែនទីអាហារតាមតំបន់ចំនួន ១ម៉ឺនក្បាល និងកូនសៀវភៅមគ្គទេសក៍អាហារតាមតំបន់ចំនួន ៥ពាន់ក្បាល។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ នឹងរៀបចំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាជនតាមតំបន់ និងសហគមន៍មួយចំនួនពាក់ព័ន្ធនឹងការបដិសណ្ឋារកិច្ចទេសចរ៕


កង្កែបបោបជាអាហារតាមតំបន់ដែលពេញនិយមសម្រាប់ប្រជាជនខ្មែរ។

 

Tag:
 ម្ហូបអាហារ
  ផែនទីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com