ជាតិ
លោក នួន ផារ័ត្ន ប្រាប់អភិបាលក្រុងអាស៊ានថា ផែនការជាតិចាក់វ៉ាក់សាំងធ្វើឱ្យកម្ពុជាបើកសេដ្ឋកិច្ចបានលឿន
08, Oct 2022 , 11:33 am        
រូបភាព
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានថ្លែងប្រាប់ថ្នាក់ដឹកនាំក្រុងប្រមាណ៤០ដែលមកពីប្រទេសសមាជិកអាស៊ានថា ការអនុវត្តដោយជោគជ័យនូវផែនការជាតិចាក់វ៉ាក់សាំងប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ បាននាំឱ្យកម្ពុជាអាចបើកប្រទេសឡើងវិញយ៉ាងពេញលេញតាំងពីខែវិច្ឆិកាឆ្នាំ២០២១។


ដោយបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិនេះត្រូវបានដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរនោះ លោកអភិបាលរងរាជធានីក៏អះអាងផងដែរថា កម្ពុជាកំពុងដំណើរចាក់វ៉ាក់សាំងដូសទី៥ដល់ប្រជាពលរដ្ឋកម្ពុជា។
 
បច្ច័យវិជ្ជមានដែលកើតចេញពីផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានលោក នួន ផារ័ត្ន បង្ហាញនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់តាមរយៈតួលេខនៃកំណើនសេដ្ឋកិច្ច។ លោក នួន ផារ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះ៖«នៅក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថាមានកំណើន ៥,៤ភាគរយ ក្រោយពីមានការបើកឡើងវិញនូវសកម្មភាពនៅក្នុងវិស័យទេសចរណ៍ សិប្បកម្ម និងកសិកម្ម។»។
 



អភិបាលរងរាជធានីភ្នំពេញបានលើកឡើងអំពីស្ថានភាពនៃការងើបឡើងវិញរបស់កម្ពុជានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum) នាថ្ងៃទី៦ដល់ថ្ងៃទី៨ខែតុលាឆ្នាំ២០២២ក្នុងខេត្តចាវ៉ាខាងកើត (East Java) នៃប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៃក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា ក្រោមប្រធានបទធំគឺ៖«ការសម្រេចបាននូវទីក្រុងឆា្លតប្រកបដោយភាពធន់ និងចីរភាពតាមគន្លងថ្មី»។ ប្រធានបទនេះត្រូវបានកំណត់ឡើងក្នុងបរិបទដែលប្រទេសទាំងអស់នៅលើពិភពលោកកំពុងពិភាក្សាអំពីការស្ដារប្រទេសឡើងវិញ ពិសេសនៅតាមទីក្រុងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
 
បើទោះជាការដាក់យុទ្ធសាស្ត្រវ៉ាក់សាំងត្រឹមត្រូវដើម្បីអនុញ្ញាតឱ្យកម្ពុជាបានបើកសេដ្ឋកិច្ចរបស់ខ្លួនបានយ់ាងលឿនវិញក៏ដោយ បើតាមលោកអភិបាលរងរាជធានីភ្នំពេញ មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវបានរកឃើញនារយៈពេលនៃការផ្ទុះជំងឺកូវីដ នៅក្នុងក្របខណ្ឌនៃការគ្រប់គ្រងទីក្រុង។ សម្រាប់លោក នួន ផារ័ត្ន ចំណុចប្រឈមទាំងនោះរួមមាន៖ ការផ្គត់ផ្គង់ទឹកស្អាត ប្រពន្ធគ្រប់គ្រងអនាម័យ ការកើនឡើងនៃផលប៉ះពាល់ទៅលើប្រជាជនងាយរងគ្រោះ ប្រព័ន្ធបច្ចេកវិទ្យាដែលមិនទាន់មានប្រសិទ្ធភាព និងសមត្ថភាពដែលនៅមានកម្រិតនៃអាជ្ញាធរមូលដ្ឋានដែលត្រូវឆ្លើយតបជាបន្ទាន់។


 
ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញបានដោះស្រាយបញ្ហាទាំងនេះ។ នេះបើតាមការបញ្ជាក់របស់លោក នួន ផារ័ត្ន តាមរយៈបទបង្ហាញរបស់លោកនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ដើម្បីចែករំលែកបទពិសោធន៍របស់ភ្នំពេញជាមួយទីក្រុងនានានៅក្នុងតំបន់អាស៊ាន។
 
លោក នួន ផារ័ត្ន គូសបញ្ជាក់ថា៖«ទី១ យើងជឿជាក់ថា ការបន្តកិច្ចសហប្រតិបត្តិការរវាងទីក្រុងក្នុងការប្រឆាំងការរាលដាលនៃជំងឺកូវីដនៅតែជាកិច្ចការចាំបាច់។ ទី២ តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា គឺការបញ្ចេញថវិកាដើម្បីឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងបង្កើតឱកាសការងារ និងការឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋក្រីក្រ។។ ទី៣ បង្កើនសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងកែសម្រួលឡើងវិញនូវច្បាប់វិនិយោគដើម្បីអនុញ្ញាតឱ្យទីក្រុងនីមួយបានទទួលស្វយ័តភាពច្រើនជាងមុនក្នុងការទាក់ទាញវិនិយោគសម្រាប់ដែនដីរបស់ខ្លួន និងទី៤ចុងក្រោយ គឺការពិនិត្យឡើងវិញនូវការប្រើប្រាស់ដី ប្រព័ន្ធដឹកជញ្ជូន ការស្ដារប្រព័ន្ធលូ និងការពង្រឹងការត្រៀមរៀបចំកសាងតំបន់បៃតង និងប្រព័ន្ធផ្ដល់ដំណឹងជាមុនអំពីគ្រោះទឹកជំនន់ជាដើម។»។
 
ទោះយ៉ាងនេះក៏ដោយ សម្រាប់លោកអភិបាលរងរាជធានីភ្នំពេញ រាល់ទីក្រុងទាំងអស់នៅក្នុងតំបន់អាស៊ានត្រូវបន្តកិច្ចសហការជាមួយគ្នាដើម្បីសម្រេចបានទីក្រុងឆ្លាត ដែលមានភាពធន់ និងមានចីរភាព៕



Tag:
 នួន ផារ័ត្ន
  អាស៊ាន
  អភិបាលក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com