ជាតិ
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងជំរុញឱ្យទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន
08, Oct 2022 , 6:59 pm        
រូបភាព
រូបភាព៖  PATA Cambodia Chapter
រូបភាព៖ PATA Cambodia Chapter
ភ្នំពេញ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាប្រចាំឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នៅថ្ងៃទី៥ ដល់៩វិច្ឆិកា ដើម្បីផ្សព្វផ្សាយ និងដាក់តាំងបង្ហាញដោយផ្ទាល់នូវ ស្តង់ឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈ និងបច្ចេកវិទ្យាពាណិជ្ជកម្មចម្រុះជាច្រើន។ កម្មវិធីនេះ ក៏ជាផ្នែកមួយ ជំរុញឱ្យទេសចរអន្តរជាតិមកកម្ពុជាកើនឡើង តាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងភាពទាក់ទាញនៃផលិតផលយ៉ាងសម្បូរបែបក្នុងវិស័យទេសចរណ៍។


 
កម្មវិធីតាំងពិព័រណ៍ គឺជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយដ៏មានសក្តានុពល ដែលបង្ហាញឱ្យឃើញនូវភាពច្នៃប្រឌិតខ្ពស់ឥតឈប់ឈរ និងការបង្កើនទំនាក់ទំនង ចែករំលែកបទពិសោធចំណេះដឹងថ្មីៗដល់គ្នាទៅវិញទៅមករវាងដៃគូសហការ។ ក្នុងនោះ វាក៏ជាការជួបគ្នារវាងបណ្ដាអ្នកលក់ និងអ្នកទិញដែលស្ថិតក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសឥណ្ឌា តួកគី សរុបចំនួន៧៥ក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះ នឹងមានការរៀបចំស្ដង់ចំនួន ៧០០ផងដែរ។
 
ស្ថិតក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាប្រចាំឆ្នាំ២០២២ លោក ធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ការតាំងពិព័រណ៍នេះ នឹងជួយឱ្យវិស័យទេសចរណ៍មានការផ្លាស់ប្តូរ តាមរយៈការផ្សារភ្ជាប់ទីផ្សារនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ពាណិជ្ជករកម្ពុជា នឹងមានឱកាសជួបផ្ទាល់ជាមួយ ពាណិជ្ជករបណ្តាប្រទេសអាស៊ាន។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(អង្គុយកណ្ដាល) ក្នុងសន្និសីទសារព័ត៌មានស្ដីពីការតាំងពិព័រណ៍ពាណិជ្ជកម្ម។ រូបភាព៖ ហេង ស្រីលីន
 
ប្រធានសមាគមរូបនេះ បញ្ជាក់ថា៖ «ការដាក់តាំងបង្ហាញ ម្ហូបអាហារ ភេសជ្ជៈ ទេសចរណ៍ ក៏ជាផ្នែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ។ លើសពីនេះ ចរន្តភ្ញៀវទេសចរ និងមានការផ្លាស់ប្តូរ ជាពិសេសភ្ញៀវអន្តរជាតិនឹងកើនឡើងជាងមុន បន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ ពីសំណាក់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ានរបស់យើង ទៅលើវិស័យទេសចរណ៍នៅកម្ពុជា»។
 
 លើសពីនេះអ្នកតំណាងមកពីក្រុមហ៊ុន ទាំង៧៥ ក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសមួយចំនួន នឹងដើរទស្សនកិច្ចនៅខេត្តចំនួនជាប់សមុទ្រក្នុងប្រទេសកម្ពុជា ដូចជាខេត្តកំពត កែប កោះកុង និងព្រះសីហនុ។ តាមរយៈទស្សនកិច្ចនេះ លោក ធួន ស៊ីណាន ជឿជាក់ថាពួកគេនឹងបានឃើញសក្តានុពលទេសចរណ៍សមុទ្រកម្ពុជា ហើយនឹងនាំទេសចរអន្តរជាតិចូលមកកម្ពុជាកាន់តែច្រើន។
 
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ក៏បានអំពាវនាវឱ្យអាជីវករកម្ពុជាក្នុងវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មចូលរួមពិព័រណ៍ពាណិជ្ជកម្មនេះ ដើម្បីបានជួបជាមួយអ្នកបណ្ដាក់ទុន ពីប្រទេសផ្សេងដើម្បីលក់ផលិផលរបស់ខ្លួន។ សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ នឹងធ្វើឡើងនៅឆ្នេរជំទាវម៉ៅ(ឆ្នេរត្រជាក់ចិត្ត) ខេត្តព្រះសីហនុ។ អ្នកចូលរួមទាំងអស់ អាចដើរទស្សនាតាមស្តង់ និងភ្លក់នូវមុខម្ហូប ប្រចាំតំបន់នានាផងដែរ៕
 
 

Tag:
 PATA
  ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com