ជាតិ
អ្នកនិពន្ធវ័យក្មេង តុន ច័ន្ទរិទ្ធ ប្រាប់យុវជនឱ្យហ៊ានសម្រេចចិត្ត និងផ្ដល់ឱកាសដល់ខ្លួនឯង
08, Oct 2022 , 8:59 pm        
រូបភាព
អ្នកនិពន្ធវ័យក្មេង តុន ច័ន្ទរិទ្ធ ប្រាប់យុវជនឱ្យហ៊ានសម្រេចចិត្ត និងផ្ដល់ឱកាសដល់ខ្លួនឯង
អ្នកនិពន្ធវ័យក្មេង តុន ច័ន្ទរិទ្ធ ប្រាប់យុវជនឱ្យហ៊ានសម្រេចចិត្ត និងផ្ដល់ឱកាសដល់ខ្លួនឯង
ភ្នំពេញ៖  លោក តុន ច័ន្ទរិទ្ធ គឺជាអ្នកនិពន្ធសៀវភៅឯករាជ្យមួយរូប ដែលបានឈ្នះពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យកាលពីថ្មីៗនេះ។ ទម្រាំក្លាយជាម្ចាស់ជ័យលាភី យុវជនច័ន្ទរិទ្ធ បានឆ្លងកាត់កម្មវិធីប្រកួតជាច្រើន។ លោក ច័ន្ទរិទ្ធ ចាត់ទុកការប្រកួតជាកន្លែងស្ទង់ចំណេះ និងផ្ដល់ឱកាសដល់ខ្លួនឯងបង្ហាញសមត្ថភាព។

 
លោក តុន ច័ន្ទរិទ្ធ ជាអ្នកនិពន្ធសៀវភៅឯករាជ្យដ៏វ័យក្មេងមួយរូប មានដើមកំណើតនៅខេត្តបាត់ដំបង។ តុន ច័ន្ទរិទ្ធ ជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែក  និងមានចំណង់ទៅលើការសរសេរសៀវភៅ។ ដូច្នេះហើយទើប លោកបានជ្រើសយកជំនាញអក្សរសាស្រ្តខ្មែរ ហើយ ក្នុងឆ្នាំ ២០១៧ និស្សិតរូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយជោគជ័យ។ 
 
បច្ចុប្បន្ន ច័ន្ទរិទ្ធ កំពុងបម្រើការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ឆ្លៀតពីការងារ អ្នកកំលោះរូបនេះ ប្រែខ្លួនទៅជាអ្នកនិពន្ធម្នាក់ ដោយបាននិពន្ធ និងចងក្រងសៀវភៅ សម្រាប់ប្រិយមិត្តអ្នកអានរបស់ខ្លួន។ ការនិពន្ធរបស់លោក បានចាប់ផ្តើមក្នុងឆ្នាំ ២០១៩ សៀវភៅទាំងនោះភាគច្រើនទាក់ទងនឹងការលើកទឹកចិត្ត ផ្សារភ្ជាប់ យុវវ័យ និងសង្គមជាដើម។ ស្នាដៃនិពន្ធសៀវភៅដំបូងរបស់លោក មានចំណងជើងថា «អ្នកពិតជាពិសេស តោះ!ទៅមុខទៀត» និងសៀវភៅ «និទានម៉ែ»។


រូបភាពផ្តល់ដោយ លោក តុន ច័ន្ទរិទ្ធ
 
អក្សរសិល្ប៍ ផ្សារភ្ជាប់នឹងយុវជន
 
នេះមិនមែនជារឿងចៃដន្យឡើយ ក្នុងការសរសេរសៀវភៅមួយក្បាលៗនេះឡើង។ តែវាជាចេតនារបស់អ្នកនិពន្ធ ច័ន្ទរិទ្ធ ក្នុងការចូលរួមចែករំលែកឱ្យសង្គមមួយនេះបានដឹង តាមរយៈការអាន។ លើសពីនេះ រូបលោក ក៏បានសបញ្ជាក់ពីគុណតម្លៃនៃអក្សរសិល្ប៍ ការប្រើប្រាស់ពាក្យពេចន៍ និងការសរសេរ។ ស្នាដៃនិពន្ធសៀវភៅដំបូងរបស់លោក មានចំណងជើងថា «អ្នកពិតជាពិសេស តោះ!តទៅមុខទៀត» និងស្នាដៃទី២ មានចំណងជើងថា «និទានម៉ែ»។ ចំណងជើង និងខ្លឹមសារនៃសៀវភៅទាំងនេះ  គឺលោកបានដកស្រង់នូវរឿងរ៉ាវជាច្រើន ដែលកើតឡើងក្នុងសង្គមនាសម័យបច្ចុប្បន្ន។ មិនថា វិជ្ជមាន ឬអវិជ្ជមាន ដើម្បីឱ្យអ្នកអានបានសិក្សាស្វែងយល់ ពីកោសិកាសង្គម។
 
សៀវភៅទាំងនោះ បានរៀបរាប់ពីជំហានចាប់ផ្តើមរបស់មនុស្ស ដែលទើបនឹងដុះពន្លកថ្មីក្នុងការដូសខាត់មនសិការយុវជន និងមនុស្សជុំវិញខ្លួនក្នុងការកែប្រែសង្គម។ ការតស៊ូ និងភាពក្លាហាន បានលេចឡើងក្នុងទំព័រសៀវភៅ។
 
អ្នកតែងនិពន្ធរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ថា៖ « សៀវភៅនេះភាគច្រើន គឺចង់ឱ្យយុវជនសម្លឹងមើលខ្លួនឯងជាមនុស្សវិជ្ជមាន។ ឱ្យតម្លៃលើជីវិតពួកគេ ហើយប្រើប្រាស់ជីវិត ទៅតាមចំណែករៀងៗខ្លួនឯង និងសង្គមជាតិ»។


 
ការសាកល្បង ដើម្បីពិសោធ
 
លើសពីការតែងនិពន្ធ លោក ច័ន្ទរិទ្ធ ជាមនុស្សចូលចិត្តការប្រកួតប្រជែង។ យុវជនរូបនេះ បានទទួលបានជ័យលោភី ជាហូរហែ ពីកម្មវិធីប្រកួតប្រជែងជាច្រើន។ ដូចជា ការនិយាយជាសាធារណៈ ប្រកួតសរសេរល្ខោនវិទ្យុ ទទួលបានចំណាត់ថ្នាក់លេខ២។ កម្មវិធី ប្រកួតស្នាដៃនិពន្ធរឿងខ្លី ក្រោមប្រធានបទ «សីលធម៌នៃការរស់នៅ» ក្នុងកម្មវិធីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៥ ឆ្នាំ២០២២ និងទទួលបានពានរង្វាន់លេខ ១ ក្រោមស្នាដៃនិពន្ធសាច់រឿង «សង្គមនេះ»។
 
តាមរយៈបទពិសោធប្រកួតប្រជែងក្នុងកម្មវិធីជាច្រើន បានធ្វើឱ្យ លោក ច័ន្ទរិទ្ធ បានសិក្សាពីខ្លួនឯងបន្ថែមទៀត និងអាចស្វែងរកខ្លួនឃើញ តាមរយៈការសាកល្បង បើទោះការប្រឹងប្រែងខ្លះបរាជ័យ ឬជោគជ័យក៏ដោយ។   ជាពិសេស វាជាគ្រូបង្រៀន និងជាបទពិសោធថ្មី សម្រាប់រូបលោករៀនពីខ្លួនឯង។ យុវជន ច័ន្ទរិទ្ធ លើកឡើងដូច្នេះ៖ «ការសាកល្បងអាចឱ្យអ្នកស្គាល់ខ្លួនឯងច្បាស់ជាងមុន»។ 
 
អ្នកនិពន្ធរូបនេះ បានផ្ដាំផ្ញើដល់យុវជន យុវជនត្រូវមានគោលដៅសម្រាប់ដឹកនាំ និងស្វែងរកក្តីស្រមៃ។ លើសពីនេះ យុវជនគួរតែសាកល្បងបង្ហាញសមត្ថភាព ដើម្បីរៀនសិក្សាពីខ្លួនឯង ស្វែងរកគោលដៅ ដែលត្រូវទៅ កុំគិតថាខ្លួនឯងធ្វើមិនបាន និងរៀនឱ្យតម្លៃលើការសម្រេចចិត្ត និងរៀនផ្តល់ឱកាសដល់ខ្លួនឯង៕ 
 
 

Tag:
 ការនិពន្ធ
  យុវជន
  តុន ច័ន្ទរិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com