ជាតិ
ទស្សនៈ! ការរៀបចំអភិវឌ្ឍន៍ទីក្រុងឲ្យសមស្របតាមតម្រូវការពលរដ្ឋគ្រប់រូប
09, Oct 2022 , 10:59 am        
រូបភាព
ដោយ៖ Ses Aronsakda គឺជាអ្នកស្រាវជ្រាវវ័យក្មេងនៅអង្គការវេទិកាអនាគត
 
ចូរស្រមៃមើលទីក្រុងមួយដែលជនចាស់ជរាអាចធ្វើដំណើរទៅផ្សារទិញទំនិញដោយមិនចាំបាច់ត្រូវការជំនួយពីអ្នកដទៃ។ហើយជនដែលមានចក្ខុវិញ្ញាណខ្សោយអាចធ្វើដំណើរទៅលេងមិត្តភក្តិបាន​យ៉ាង​ងាយស្រួល។​ចំណែកឯស្ត្រីមានផ្ទៃពោះអាចធ្វើដំណើរទៅពិនិត្យ​សុខភាពជា​ប្រចាំដោយគ្មានភាពលំបាក។ រីឯ​កុមារ​អាចធ្វើដំណើរទៅសាលារៀន និងត្រឡប់មកផ្ទះវិញដោយគ្មាន​ការ​បារម្ភ។

 
នេះជាទីក្រុងមួយដែលសូម្បីតែ​អ្នកមានចំនូលតិចតួចក៏អាចមានលទ្ធភាព​ធ្វើដំណើរ​បំពេញការងារ​យ៉ាង​ប្រសើរ។ នៅក្នុងទីក្រុងបែប​នេះ ប្រជាពលរដ្ឋ​គ្រប់រូបអាចធ្វើការបម្លាស់ទីបានប្រកបដោយសមធម៌  ​ដោយ​មិន​គិត​ពី​លទ្ធភាព​​​រាង​កាយ​ និង​ស្ថាន​ភាពសេដ្ឋកិច្ច​សង្គម ឬក៏​អាយុ​​របស់​ពួកគេឡើយ។
 
សម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ការបម្លាស់ទីប្រកបដោយសមធម៌ពេញលេញ​មិនទាន់​សម្រេច​​បាននៅ​ឡើយ​ទេ ​ព្រោះ​ទីប្រជុំជន និងទីក្រុងរបស់ប្រទេសកម្ពុជាត្រូវបានរចនាឡើងសម្រាប់ យានជំនិះ​ឯកជន ជាពិសេស។
 
រថយន្ត និងទោចក្រយានយន្តគឺជា ឧបសគ្គ សម្រាប់សង្គមបរិយាបន្ន
 
នៅក្នុងទីក្រុងមួយដែលរៀបចំឡើងសម្រាប់​តែធ្វើដំណើរតាមយា​នយន្ត បុគ្គល ដែលមិនអាច​បើក​បរ​បាន​គឺ មិន​អាចធ្វើដំណើរទៅណាដោយ​ខ្លួនឯងបានឡើយ។ 
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បើកបររថយន្ត អ្នកបើកបរត្រូវមានអាយុលើសពី ១៨ ឆ្នាំ ហើយ​ឆ្លងកាត់ការប្រឡងបើកបរដោយជោគជ័យ រួមទាំងត្រូវមានកាយសម្បទា ផ្លូវចិត្ត​មាំ​មួន​ និង​ភ្នែកអាច​មើលច្បាស់ល្អ។ ទោះបីជាមិនមានការតម្រូវឲ្យប្រឡងបើកបរ និងការកំណត់អាយុ សម្រាប់អ្នកបើកបរទោចក្រយាន​យន្តក៏ដោយ ក៏អ្នកបើកបរត្រូវវមានកាយសម្បទា និងផ្លូវចិត្តមាំ​មួន​ដើម្បី​មានភាពក្លាហានគ្រប់គ្រាន់ក្នុ​ងកាបើក​បរ​ម៉ូតូលើផ្លូវដ៏​មមាញឹកដែរ ។
 
យ៉ាងណាមិញ លក្ខខណ្ឌទាំងនេះ បានផាត់ចេញនូវជនដែលមានពិការភាពផ្លូវចិត្ត ឬរាងកាយ មនុស្ស​​ចាស់ កុមារ អ្នកដែលមិនមានលទ្ធភាពចូលរៀនបើកបរ អ្នកដែលមិនមានលទ្ធភាព​ទិញ និង​​ដំណើរ​ការ​យានយន្ត និងជនដទៃទៀត។
 
ទោះជា​កំណែទម្រង់ថ្មីៗបានពង្រីកសិទ្ធិក្នុងការបើកបរដោយរួមបញ្ចូលទម្រង់នៃ​ពិការភាព​រាង​កាយមួយ​ចំនួន​ក្តី វាបានត្រឹមតែ​ព្យាបាលរោគសញ្ញានៃហេដ្ឋារចនា​សម្ព័ន្ធ​មិន​ស្មើ​ភាពគ្នា​តែប៉ុណ្ណោះ ជាជាងដោះ​ស្រាយ​​​​ដើម​ហេតុ​។ផ្ទុយទៅវិញវាបានដាក់បន្ទុក​ដ៏ធ្ងន់ធ្ងរនៃ​ការ​បើក​បរ និង​ហានិភ័យ​ទៅលើ​បុគ្គល​​ដែល​ងាយ​រង​គ្រោះទៅវិញ។ 
 
លើសពីនេះទៅទៀត ការពឹងផ្អែកជាចម្បងលើយានយន្តនិងទោចក្រយានយន្ត ក៏មានគុណវិបត្តិ​ជា​ច្រើន ​​ដូចជា គ្រោះថ្នាក់ចរាចរណ៍ ជាកត្តាចម្បងនៃការស្លាប់និងរបួសនៅកម្ពុជា។ ជាពិសេស​អ្នក​ប្រើប្រាស់ទោចក្រ​យានយន្ត​មានហានិភ័យខ្ពស់ធ្ងន់ធ្ងរ ។ 
 
បច្ចុប្បន្ននេះ ការឡើងថ្លៃនៃប្រេងឥន្ធនៈធ្វើឱ្យមាន​ការចំណាយកាន់តែខ្ពស់សម្រាប់ប្រជាជនកម្ពុជា ដែល​ភាគ​ច្រើន​​មាន​ប្រាក់ចំណូលដ៏តិចតួចដែល​ជា​ការដាក់​បន្ទុក​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​មកលើក្រុម​គ្រួសារ​​របស់​ពួកគេ។ការ​សិក្សា​មួយ​បង្ហាញថា ក្នុងចំណោមប្រទេស​អាស៊ីអាគ្នេយ៍គេ​​ប៉ាន់​ប្រមាណ​ថាអ្នកមាន​កម្ម​សិទ្ធិរថយន្តធុនមធ្យម ត្រូវ​ចំណាយ​ប្រចាំឆ្នាំជាមធ្យម (រួមបញ្ចូលប្រេងឥន្ធនៈ ការថែទាំ និងពន្ធ) ប្រមាណចំនួន ៥,២៦១ ដុល្លារ ក្នុងមួយឆ្នាំ ខណៈដែលចំណាយ​ប្រចាំឆ្នាំ​សម្រាប់​ទោចក្រយានយន្តវិញ ចំណាយប្រមាណ ៣៥៣ ដុល្លារក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ 2020 ។
 
យោងតាមទស្សនៈដែលផ្តោតលើសមធម៌សង្គម ការរៀបចំទីក្រុងជុំវិញតម្រូវការការ​ប្រើប្រាស់​យាន​ជំនិះ​ឯកជន បានរារាំងភាពបម្លាស់ទីរបស់ប្រជាពលរដ្ឋមួយផ្នែកធំ ហើយធ្វើឱ្យពួក​គេប្រឈមនឹង​ហានិភ័យ​​ខ្ពស់​និងរងសំពាធ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរថែមទៀតផង។ ហេតុដូច្នេះ ការប្រើប្រាស់​យានជំនិះ​ឯកជន មិនមែនជាមូលដ្ឋាន​គ្រឹះនៃប្រព័ន្ធមធ្យោយបាយធ្វើដំនើរនិងដឹកជញ្ជូនដែលងាយស្រួល សុវត្ថិភាព និងមានតម្លៃសមរម្យនោះទេ។
 
ការផ្តល់អាទិភាពដល់មធ្យោបាយថ្មើរជើងនិងការជិះកង់ និងមធ្យោបាយធ្វើដំណើរសាធារណៈ
 
ផ្ទុយពី​ទី​ក្រុង​ដែលផ្តោតលើយានជំនិះ ទីក្រុងដែលរៀបចំឡើងជុំវិញការធ្វើ​ដំណើរដោយ​ថ្មើរជើងនិ​ងជិះកង់ និង​មធ្យោបាយសាធារណៈ​ដូចជា​រថ​យន្តក្រុង​ឬរថភ្លើងជាដើម មានលក្ខណៈ​ប្រសើរជាង​ក្នុង​ការ​ផ្តល់​នូវលទ្ធភាពបម្លាស់​ទី​ប្រកប​ដោយសមធម៌​សម្រាប់​ប្រជាពលរដ្ឋគ្រប់រូប។
 
​បម្លាស់​ទី​ដោយ​ថ្មើរជើងនិងជិះកង់គឺស្ទើរតែមិនចាំបាច់ត្រូវការចំណាយថវិកាឡើយ ដូច្នេះគ្រប់បុគ្គល អាច​ធ្វើ​ដំណើរ​​ប្រកប​ដោយ​សុវត្ថិភាព ងាយស្រួល និងមានតម្លៃសមរម្យ។ លើសពីនេះទៅទៀត ហេដ្ឋា​រចនា​សម្ព័ន្ធសម្រាប់​អ្នកថ្មើរជើងនិងជិះកង់​ដែល​​​​រចនាឡើងយ៉ាងល្អ អាចអនុញ្ញាត​ឱ្យជនពិការ​ដែលពឹង​ផ្អែក​លើរទេះរុញ អាចធ្វើដំណើរក្នុងទីក្រុងដោយ​សុវត្ថិភាព​​ដោយ​មិនចាំបាច់មានជំនួយពីអ្នកដទៃ។
 
សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ មធ្យោបាយធ្វើដំណើរសាធារណៈ មានសារៈសំខាន់ខ្លាំងណាស់។ វាអាច​ជួយ​សន្សំ​ការចំណាយ ប្រកបដោយនិរន្តរភាព និងបំពេញតម្រូវការ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមានពិការ​ភាព​ផងដែរ។
 
តំបន់ភូមិស្រុកដែលត្រូវបានរៀបចំឡើងជុំវិញប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈ នឹងផ្តល់នូវភាព​ងាយស្រួល​ខ្លាំង​ជូនប្រជាជនរស់នៅនៅទីនោះក្នុងការធ្វើដំណើរទៅកាន់កន្លែងនានាក្នុងក្រុង​។ ការចំណាយលើការសាងសង់​និង​ដំណើរការប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈ មានប្រសិទ្ធិភាព​ខ្ពស់​ជាង បើធៀបទៅនឹង​ការសាងសង់ហេដ្ឋា​រចនា​​សម្ព័ន្ធដែលផ្តោតលើយានយន្ត។ កត្តាទាំងនេះ នឹង​ធ្វើឱ្យ​បម្លាស់ទីតាមមធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​មាន​តម្លៃសមរម្យជាងសម្រាប់ប្រជាពលរដ្ឋ​ទូទៅ និងអនុញ្ញាតប្រជាពលរដ្ឋក្រីក្រក៏អាចមាន​លទ្ធភាព​ធ្វើដំណើរជា​ប្រចាំ​ផងដែរ។
 
លើសពីនេះទៅទៀត ប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈ​អាចធ្វើការកែច្នៃដើម្បី​សម្រួលដល់​ជន​មាន​​ពិការភាព​បានងាយស្រួលជាង បើធៀបនឹងយានជំនិះឯកជន។ ឡានក្រុងអាចបំពាក់ឧបករណ៍​លើក​រទេះរុញ ដើម្បីឲ្យអ្នកប្រើ​ប្រាស់​រទេះរុញឡើងជិះឡានក្រុងដោយសុវត្ថិភាព​ រីឯស្ថានីយដឹក​ជញ្ជូន​អាចបំពាក់ជណ្តើរយន្តនិងផ្លូវជម្រាល ដើម្បី​បង្កើន​ភាពងាយស្រួលក្នុងការធ្វើដំណើរ ជូនជនពិការ។
 
ការរៀបចំដងផ្លូវ​សម្រាប់អ្នកថ្មើរជើងនិងអ្នកជិះកង់ ជាមួយនឹងមធ្យោបាយធ្វើដំណើរសាធារណៈ នឹង​ផ្តល់​​នូវបម្លាស់​ទី​ប្រកបដោយសមធម៌ ក្នុងការធ្វើដំណើរទាំងផ្លូវជិតនិងផ្លូវឆ្ងាយ។ ជនពិការ កុមារ ក្មេង​ជំទង់ ស្ត្រី និង​គ្រួសារ​ដែលមានចំណូលទាប អាចទទួល​បានឱកាសការងារ លំនៅ​ដ្ឋាន​ សេវាកម្មថែទាំសុខភាព និងសេវាកម្មសំខាន់ៗផ្សេងទៀត ប្រសើរជាង​មុន នៅពេលដែល​មានការ​រៀប​​ចំ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
 
លើសពីបម្លាស់ទីប្រកបដោយសមធម៌
 
នៅពេលដែលមនុស្ស​ធ្វើ​ដំណើរ​តាម​មធ្យោបាយរៀងៗ​ខ្លួន ពោលគឺ​រថយន្ត​និងទោចក្រយាន​យន្ត​ផ្ទាល់​ខ្លួន ​ទំនាក់​ទំនងគ្នាក្នុងសហគមន៍គឺស្ទើរតែមិនអាចទៅរួចទេ។វាមិន​ខុស​ពីអារម្មណ៍​ខណៈ​ដែល​​​ជួបមិត្តភក្តិ ពេលដើរនៅលើចិញ្ចើមផ្លូវ ​ធៀប​នឹង​​អារម្មណ៍​ពេល​ដែលបើកបរយានជំនិះ គ្រាន់​តែ​ឆ្លង​កាត់​គ្នា។ 
 
បញ្ហាបន្ថែមពី​នេះ​ទៅទៀត គឺទិដ្ឋភាពតាមដងផ្លូវដែលមានចំណតរថយន្តជាច្រើន និង ចរាចណ៏កក់កុញ ធ្វើឱ្យ​ខូច​​​សោភ័ណភាព​តាមដងផ្លូវដែល​បណ្តាលមកពី​ការ​ពឹង​ផ្អែក​លើ​យានជំនិះ​ឯកជន។ ជាលទ្ធផល កង្វះការប្រា ស្រ័យទាក់ទង់ និង ទិដ្ឋភាព​​​នេះបានជះ​ឥទ្ធិពលអវិជ្ជមានដល់ទីប្រជុំជននិងទីក្រុង និងបង្កើនគម្លាត​សង្គមកម្ពុជា។ 
 
ផ្ទុយទៅវិញ ទីក្រុងមួយដែលផ្តោតសំខាន់លើតម្រូវការអ្នកថ្មើរជើងនិងមធ្យោបាយធ្វើដំណើរសាធារណៈ ក៏​ជួយ​​ជំរុញឱ្យមានការរួបរួមគ្នា ការជឿទុកចិត្តគ្នា និងការយស់ឃើញថាខ្លួនឯងជាសមាជិកមួយ​នៃ​សហគមន៍​ផងដែរ។
 
នៅពេលដែលមានទីធ្លាត្រូវបានរៀបចំសម្រាប់មនុស្ស និងសកម្មភាពផ្សេងៗនោះ គុណភាពនៃទីធ្លា​សាធារណៈ​នឹងមានភាពប្រសើរឡើង។ 
 
នេះគឺដោយសារតែមានការបើកឱកាសសម្រាប់ការធ្វើទំនាក់ទំនង សកម្មភាពពាណិជ្ជកម្ម ការ​កម្សាន្ត​នានា។ ការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សនឹងមនុស្សកាន់តែច្រើន ជំរុញឱ្យមាន​ការចេះ​ចែក​រំលែកទីធ្លា និងការកសាង​សហគមន៍មួយជុំវិញទីធ្លាសាធារណៈ។
 
នៅពេលដងផ្លូវដែលផ្តោតលើយានយន្តជាសំខាន់ ​វា​នឹង​បង្កឲ្យ​មានការ​កកស្ទះ​​ចរាចរណ៍​ក្នុងអំឡុង​ពេល​ម៉ោងកកស្ទះ។ ប៉ុន្តែវាបែរជាស្ងាត់គ្មានមនុស្ស​នៅពេល​ហួសម៉ោងកកស្ទះ ដែល​បង្កឲ្យមានក្តីបារម្ភ​ពី​ទំនុកចិត្ត និងសុវត្ថិភាពផងដែរ ។ 
 
ដោយឡែក ដងផ្លូវដែល​មាន​​ចរាចរណ៍ដោយថ្មើរជើងនិងការជិះកង់ឥតឈប់ឈរ មានបណ្តាហាងនានា សួនកុមារ និងទីធ្លាតូចៗ នឹងមានបរិយាកាសរាក់ទាក់ និងមានភាពកក់ក្តៅ ដោយសារ​តែកន្លែង​ដែល​មាន​វត្តមានមនុស្សច្រើន ត្រូវបានគេយល់ថាមានសុវត្ថិភាពជាង និងកាន់តែមានទំនុកចិត្ត ព្រោះ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​​នៅក្បែរនោះ។
 
កត្តាទាំងនេះគឺជាភាពខុសគ្នារវាងមជ្ឈដ្ឋានដែលផ្តោតលើការឆ្លើយតបនឹងតម្រូវការរបស់មនុស្ស និង​មជ្ឈដ្ឋាន​ដែលផ្តោតលើយានជំនិះជាចម្បង។
 
ដោយ​សារ​កង្វះកត្តា​ទាំង​នេះ​នៅ​ក្នុង​ទីក្រុង ធ្វើឲ្យអ្នកទីក្រុងនៅកម្ពុជាយើងជា​ច្រើន​ប្រាថ្នា​ចង់​បាន​ការ​ប្រាស្រ័យ​ទាក់​ទងរវាងគ្នានឹងគ្នានៅតាម​ភូមិ​ជន​បទ។ អ្វីដែលធ្វើឱ្យទំនាក់ទំនង​ឃ្លាត​ឆ្ងាយពីគ្នា​នឹងគ្នា​នោះ​គឺ ទីធ្លាសាធារណៈដែល​ត្រូវបានលះបង់ឲ្យយានជំនិះ​។

​អ្វីដែលទីក្រុង​នៅកម្ពុជាកំពុងខ្វះខាត
 
ការបម្លាស់ទីប្រកបដោយសមធម៌ អនុញ្ញាតឱ្យអ្នកទីក្រុងអាចធ្វើដំណើរដោយងាយស្រួល ក្នុង​តម្លៃសមរម្យ និងមានសុវត្ថិភាព។ ការរៀបចំប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈ និងការធ្វើ​ដំណើរ​ដោយថ្មើរជើងនិងជិះកង់ អាច​ធានាបានថាប្រជាពលរដ្ឋទាំងអស់ដែលមានវ័យ សមត្ថភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមផ្សេងៗគ្នា សុទ្ធតែមានឱកាសទទួល​បានអត្ថប្រយោជន៍​និង​លទ្ធភាព​ធ្វើ​ដំណើរបានដោយងាយស្រួល។
 
លើសពីនេះទៅទៀត បរិស្ថានទីក្រុងដែលមានភាពងាយស្រួលសម្រាប់​អ្នកថ្មើរជើងនិងជិះកង់ នឹង​រួម​ចំណែក​ដល់​ការ​កសាងទំនាក់ទំនងសង្គម បង្កើនភាពរួបរួមជា​សហគមន៍។​ការចល័តប្រកប​ដោយ​សមធម៌ គឺជាធាតុផ្សំដ៏​សំខាន់ក្នុង​ការបង្កើតសង្គមមួយដែលស្អិតរមួត។ ទីក្រុងដែលសម្រេច​បាននូវ​ការ​ចល័តប្រកបដោយសមធម៌ មិនត្រឹមតែផ្តល់​ឱកាសប្រកបដោយភាពយុត្តិធម៌ឱ្យប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជាទីក្រុងដែលអាចធ្វើឱ្យអ្នករស់នៅរួបរួមគ្នាផងដែរ៕
 
Ses Aronsakda គឺជាអ្នកស្រាវជ្រាវវ័យក្មេងនៅអង្គការវេទិកាអនាគត ។ ក្រោយទទួលបានការអប់រំ ជា​ស្ថាបត្យករ គាត់បានធ្វើការសិក្សាស្រាវជ្រាវអំពីការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងនៃទីក្រុងភ្នំពេញ ព្រម​ទាំ​ងមានចំណាប់អារម្មណ៍លើរាល់ទិដ្ឋភាពនានាអំពីទីក្រុង និងការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង។
 

© រក្សាសិទ្ធិដោយ thmeythmey.com