ជាតិ
បាក់ឌុប៖ មណ្ឌលប្រឡង ២២១មណ្ឌលនៅទូទាំងប្រទេស នឹងបើកទ្វារទទួលបេក្ខជននៅថ្ងៃទី៥ ធ្នូ
09, Oct 2022 , 9:29 pm        
រូបភាព
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១។ រូបភាព៖ សែម វណ្ណា
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១។ រូបភាព៖ សែម វណ្ណា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកមណ្ឌលប្រឡងចំនួន ២២១មណ្ឌល ស្មើនឹង៥២ ២៧បន្ទប់ ដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៥ ធ្នូខាងមុខ។ បើតាមក្រសួងអប់រំ ក្នុងចំណោមមណ្ឌលប្រឡងទាំង២២១មណ្ឌល មាន១៤៥មណ្ឌល សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម និង៧៦មណ្ឌល សម្រាប់វិទ្យាសាស្រ្ត។


 
ថ្ងៃទី៥ ធ្នូ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលប្រឡងចំនួន២២១មណ្ឌល នៅគ្រប់រាជធានី-ខេត្ត ដើម្បីដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ 
 
រាជធានីភ្នំពេញ មានមណ្ឌលប្រឡងច្រើនជាង គឺ៣០មណ្ឌល ខណៈខេត្តកណ្ដាល មានចំនួន ១៩មណ្ឌល។ ចំណែកខេត្តតាកែវ មានចំនួន ១៧មណ្ឌល និងខេត្តព្រៃវែង មាន១៥មណ្ឌល។ សម្រាប់ខេត្តបាត់ដំបង, កំពង់ចាម និងសៀមរាប មានចំនួន ១៤មណ្ឌល។
 
ដោយឡែកខេត្តកំពង់ធំវិញ មានចំនួន ១២មណ្ឌល, កំពង់ស្ពឺ មានចំនួន ១១មណ្ឌល និងកំពត មានចំនួន ១០មណ្ឌល។ ចំពោះខេត្តត្បូងឃ្មុំ មានចំនួន ៩មណ្ឌល, កំពង់ឆ្នាំង មានចំនួន ៨មណ្ឌល, បន្ទាយមានជ័យ និងស្វាយរៀង មានចំនួន ៧មណ្ឌល។
 
រីឯខេត្តពោធិ៍សាត់ និងព្រះសីហនុ មានចំនួន ៥មណ្ឌល, ក្រចេះ មានចំនួន ៤មណ្ឌល, កោះកុង ព្រះវិហារ រតនគិរី និងឧត្តរមានជ័យ មានចំនួន ៣មណ្ឌល។ បើតាមក្រសួងអប់រំ ខេត្តដែលមានមណ្ឌលប្រឡងតិចជាងគេ គឺមណ្ឌលគិរី ស្ទឹងត្រែង កែប និងខេត្តប៉ៃលិន មានចំនួន ២មណ្ឌលប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា ក្នុងចំណោមមណ្ឌលប្រឡងទាំង២២១មណ្ឌល គឺមាន១៤៥មណ្ឌល សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម និង ៧៦មណ្ឌលទៀត សម្រាប់ថ្នាក់វិទ្យាសាស្រ្ត៕ 
 

Tag:
 បាក់ឌុប
  ប្រឡង
  ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com