ជាតិ
សង្គមជាតិ
បង្ក្រាបអំពើជួញដូរមនុស្ស៖ ៥១ថ្ងៃ បរទេស១១៨នាក់ ត្រូវជួយសង្គ្រោះ និងជនល្មើស៦៧នាក់ ត្រូវចាប់ខ្លួន
10, Oct 2022 , 2:39 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ពាក់ម៉ាស់) អមដំណើរសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពេលសម្តេច ចុះពិនិត្យមើលសមិទ្ធផលមួយចំនួនរបស់ខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ២០២២។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ពាក់ម៉ាស់) អមដំណើរសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពេលសម្តេច ចុះពិនិត្យមើលសមិទ្ធផលមួយចំនួនរបស់ខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ២០២២។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
 រយៈពេល៥១ថ្ងៃ ដោយគិតពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ច បានរកឃើញជនបរទេស១១៨នាក់ (៥សញ្ជាតិ) ដែលរងគ្រោះក្នុងបទល្មើសផ្សេងៗ​ រួមមាន ការបង្ខាំង ការជំរិតទារប្រាក់ ការធ្វើទារុណកម្ម ការជួញដូរមនុស្ស អំពើសញ្ចារកម្ម និងល្បែងស៊ីសងអនឡាញខុសច្បាប់ ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលចេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។



ក្នុងបទល្មើសខាងលើ សមត្ថកិច្ច បានឃាត់ជនសង្ស័យ៦៧នាក់ ដែលជាជនជាតិខ្មែរផង និងជាជនបរទេសផង ហើយបានបញ្ជូនពួកគេទៅតុលាការ។ មានក្រុមហ៊ុន៩ នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ដោយ៥ក្រុមហ៊ុន ត្រូវបិទចោលទាំងស្រុង និង៤ក្រុមហ៊ុនទៀត ត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន ដើម្បីបន្តការស្រាវជ្រាវ។ 
 
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានបង្ហាញលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំង ដែលលួចបើកល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងទីកន្លែងធ្វើការរបស់ជនបរទេសផងដែរ។ សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំងនានា រហូតដល់ជិត១ម៉ឺនទីតាំង នៅទូទាំងប្រទេស ដោយរកឃើញ១១៦ទីតាំង ដែលលួចបើកល្បែងស៊ីសងខុសច្បាប់។ សមត្ថកិច្ច បានអនុវត្តតាមច្បាប់លើទីតាំងទាំងនោះ ហើយមនុស្ស២៥៣នាក់ ដែលពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងទៅតុលាការ។ 
 
សមត្ថកិច្ច បានចុះត្រួតពិនិត្យជនបរទេស២៧៦០នាក់ (១៤សញ្ជាតិ) នៅ១០ទីតាំង ក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះ ជនបរទេស១៩៤៦នាក់ ដែលមានលិខិតឆ្លងដែន។ តែក្នុងចំណោមជនបរទេស១៩៤៦នាក់ ដែលមានលិខិតឆ្លងដែននេះ មាន១៥១២នាក់ គ្មានបណ្ណការងារ។ ជនបរទេសទាំង១៥១២នាក់ ដែលគ្មានបណ្ណការងារ ត្រូវបានផាកពិន័យ និងអប់រំ មុនអនុញ្ញាតឲ្យចេញពីក្រុមហ៊ុន។ ជាមួយគ្នានេះ សមត្ថកិច្ច បានបណ្តេញជនបរទេស៦៨៥នាក់ ចេញពីកម្ពុជា និងត្រៀមបណ្តេញជនបរទេស៩២០នាក់ទៀត។  
 
បន្ថែមពីនេះ សមត្ថកិច្ច បានចុះត្រួតពិនិត្យពលករបរទេសនៅ១៦គោលដៅ ដោយរកឃើញពលករបរទេសជាង២២០០នាក់ ដោយក្នុងនោះ ពលករបរទេសជាង១៥០០នាក់ (១១សញ្ជាតិ) គ្មានបណ្ណការងារ ហើយត្រូវផាកពិន័យ។ 
 
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អះអាងថា ក្នុងរយៈពេលចុងក្រោយ ចំនួនពាក្យបណ្តឹងអំពីបទល្មើសជួញដូរមនុស្ស ដែលសមត្ថកិច្ចទទួលបាន មានតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងរយៈពេលដំបូងនៃការចាប់ផ្តើមធ្វើប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស។ 
 
តាមរយៈសេចក្តីប្រកាសព័ត៌មាន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្ត ឲ្យបន្តស្រាវជ្រាវលើបទល្មើសទាំងនេះ ដែលនៅសេសសល់៕  
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com