ជាតិ
សង្គមជាតិ
ចៅហ្វាយខេត្តព្រះសីហនុ ហាមថៅកែដកឯកសារផ្ទាល់ខ្លួនរបស់បុគ្គលិក-កម្មករទៅទុក
11, Oct 2022 , 5:39 pm        
រូបភាព
លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំ១ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំ១ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ហាមម្ចាស់អាជីវកម្មនានា រួមមាន កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម ឬបុគ្គលផ្សេងទៀត មិនឲ្យដកហូតយកឯកសារច្បាប់ផ្ទាល់ខ្លួនរបស់បុគ្គលិក ដូចជា ឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណ លិខិតឆ្លងដែន និងបណ្ណការងារ ជាដើម ទៅរក្សាទុក «ជាដាច់ខាត»។ បម្រាមរបស់លោក ធ្វើឡើងតាមរយៈសេចក្តីណែនាំ១ ដែលចេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។



លោកអភិបាលខេត្តព្រះសីហនុ ព្រមានទុកជាមុនដូច្នេះថា៖«ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា លិខិតឆ្លងដែន ឬបណ្ណការងារ ឬឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលិក ត្រូវបានរក្សាទុកនៅម្ចាស់អាជីវកម្ម ឬបុគ្គលណាមួយនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។ 
 
ក្រៅពីនេះ លោក បានណែនាំលើចំណុចផ្សេងៗទៀត ទៅដល់ថៅកែ ឬម្ចាស់អាជីវកម្មក្នុងខេត្តព្រះសីហនុ។ ម្ចាស់កាស៊ីណូ ត្រូវសុំលិខិតអនុញ្ញាតបើកទីតាំងអាជីវកម្មពីរដ្ឋបាលខេត្តព្រះសីហនុ មុនសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ម្ចាស់អាជីវកម្ម ត្រូវដាក់តាំងស្លាកឈ្មោះអាជីវកម្ម ដែលសរសេរជាអក្សរខ្មែរឲ្យធំជាងអក្សរបរទេស ហើយអក្សរខ្មែរ ត្រូវស្ថិតនៅពីលើអក្សរបរទេស។ 
 
ទីតាំងអាជីវកម្ម ត្រូវបើកចំហ ដោយមិនត្រូវបិទបាំង ឬហ៊ុមព័ទ្ធសំណាញ់ ឬរបងបន្លាលួស និងមិនត្រូវបិទសិទ្ធិសេរីភាពកម្មករ-និយោជិត ក្នុងការចេញចូលឡើយ។ ម្ចាស់អាជីវកម្ម ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ-និយោជិត និងបញ្ជីបើកប្រាក់ខែឲ្យបានច្បាស់លាស់ត្រឹមត្រូវតាមកិច្ចសន្យាការងារ។ 
 
តាមរយៈសេចក្តីណែនាំ លោក គួច ចំរើន លើកឡើងថា កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ សង្កេតឃើញមានទីតាំងកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន និងអគារស្នាក់នៅរួម ជាដើម មិនជូនដំណឹងពីការបើកដំណើរការអាជីវកម្មរបស់ខ្លួនទៅរដ្ឋបាលខេត្ត និងមិនបានលើកស្លាកឈ្មោះអាជីវកម្ម។ លោក បន្តថា រដ្ឋបាលខេត្ត សង្កេតឃើញទៀតថា ទីតាំងអាជីវកម្មខ្លះ បានហ៊ុមព័ទ្ធរបង ដែលធ្វើឲ្យអាជ្ញាធរ ពិបាកក្នុងការត្រួតពិនិត្យ ហើយបង្កលក្ខណៈដល់ជនឆ្លៀតឱកាស ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការបង្ខាំងមនុស្ស ដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ជាដើម។ 
 
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្ស បទល្មើសអាជីវកម្មផ្លូវភេទ និងបទល្មើសបង្ខាំងមនុស្ស ជាដើម សមត្ថកិច្ច រកឃើញបទល្មើសទាំងនេះនៅខេត្តព្រះសីហនុច្រើនជាងគេ៕ 
 

Tag:
 គួច ចំរើន
  បទល្មើសជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com