ជាតិ
សុខភាព
កម្ពុជា ផ្តល់សេវាវះកាត់ភ្នែកដល់ពលរដ្ឋបានជិត៣,៣ម៉ឺនករណី ក្នុងឆ្នាំ២០២១
13, Oct 2022 , 6:59 pm        
រូបភាព
រូបតំណាង៖ គ្រូពេទ្យកំពុងពិនិត្យភ្នែកឱ្យស្ត្រីម្នាក់ នៅគ្លីនិកបែកចានឯកទេសភ្នែក កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក គ្លីនិកបែកចានឯកទេសភ្នែក
រូបតំណាង៖ គ្រូពេទ្យកំពុងពិនិត្យភ្នែកឱ្យស្ត្រីម្នាក់ នៅគ្លីនិកបែកចានឯកទេសភ្នែក កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក គ្លីនិកបែកចានឯកទេសភ្នែក
កម្ពុជា បានផ្ដល់សេវាពិនិត្យនិងព្យាបាលភ្នែកនៅកម្ពុជាមាន ជាង៤១ម៉ឺនករណី  ខណៈ សេវាវះកាត់ភ្នែក ​មានជិត៣,៣ម៉ឺនករណី នៅឆ្នាំ២០២១។ នេះបើតាមក្រសួងសុខាភិបាល។

 
អត្រាភាពពិការភ្នែក​នៅកម្ពុជា​ បានធ្លាក់ចុះពី១,២ភាគរយនៅឆ្នាំ១៩៩៤ មកនៅត្រឹម ០,៣៧ភាគរយ ក្នុងឆ្នាំ២០១៩។​​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣តុលា ឆ្នាំ២០២២ ក្រោមប្រធានបទ«ស្រឡាញ់ភ្នែករបស់អ្នក»។ 
បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ កាលឆ្នាំ២០២១ សេវាពិនិត្យនិងព្យាបាលភ្នែកនៅកម្ពុជាមាន ៤១៥ ៥០២ករណី   និងចំនួនវះកាត់ភ្នែក ​មាន៣២ ៩០៥ករណី។ ដោយឡែក ជំងឺកង្វះជីវជាតិអា(A) ត្រូវបានលុបបំបាត ខណៈជំងឺត្រាក់កូម គឺមិនមែនជាបញ្ហាសុខភាពសាធារណៈទៀតទេ។ 
 
ដើម្បីកាត់បន្ថយនូវចំនួនអ្នកពិការភ្នែកឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសុខាភិបាល​បានបង្កើតផែនការយុទ្ធសាស្ត្រជាតិលើកទី៣ សម្រាប់ការបង្ការ​ និង​ ត្រួតពិនិត្យភ្នែកឆ្នាំ២០២១-២០៣០  ក្នុងគោលដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកឱ្យនៅត្រឹម ០,៣៥ភាគរយ ក្នុងឆ្នាំ២០៣០។ 
 
លោក ម៉ម ប៊ុនហេង អំពាវនាវដល់ពលរដ្ឋ ឱ្យទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យដែលផ្តល់សេវាចក្ខុរោគ នៅរាជធានី-ខេត្ត យ៉ាងហោចណាស់ឱ្យបាន២ដងក្នុងមួយ។ លោកសង្កត់ធ្ងន់ថា៖​« អ្នកមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងទឹក(សម្ពោធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឬលើសឈាម មានប្រវត្តិជក់បារីយូររ៉ាំរ៉ៃ ពាក់វ៉ែនតារួចហើយ កម្រិតអំណោយភ្នែករបស់អ្នកខ្ពស់(ភ្នែលម៉្ញូបខ្ពស់) គឺត្រូវតែទៅរកគ្រូពេទ្យពិនិត្យជារៀងរាល់ឆ្នាំ»។
 
លោក ម៉ម ប៊ុនហេង បានរៀបរាប់ថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញមានមន្ទីរពេទ្យចំនួន៤កន្លែង និងមន្ទីរឯកទេសភ្នែកជាន់ខ្ពស់នៅមន្ទីរពេទ្យថ្នាក់ជាតិមួយកន្លែង កំពុងផ្តល់សេវាចក្ខុរោគ ខណៈនៅតាមបណ្តាខេត្តមាន២២មន្ទីរពេទ្យ និងមណ្ឌលថែទាំភ្នែកចំនួន១៨កន្លែង ក៏កំពុងដំណើរសេវានូវសេវាចក្ខុរោគ ដល់ពលរដ្ឋ ផងដែរ។ 
២៧ឆ្នាំកន្លងមកនេះ  វិស័យសុខាភាពសាធារណៈនៅកម្ពុជា មានអ្នកឯកទេសជាន់ខ្ពស់ចក្ខុសាស្ត្រចំនួន៦០នាក់, ចក្ខុបណ្ឌិតមាន១០៣នាក់, ចក្ខុគិលានុប្បដ្ឋាកមាន ១៥៨នាក់ និង ចក្ខុមាត្រការីមាន ១០៥នាក់។ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាល។
 
 

Tag:
 ​ទិវាសុភាពភ្នែកពិភពលោក
  លោក ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com