អន្តរជាតិ
កូរ៉េខាងជើង​ហៅ​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា​ជា​ហ៊ី​ត្លែ​នៅ​អាស៊ី
04, Feb 2014 , 9:28 pm        
រូបភាព
ប្រទេស​កូរ៉េខាងជើង​បាន​រិះគន់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe យ៉ាងខ្លាំង​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ចាត់ទុក​លោក Abe ថា​ជា ហ៊ី​ត្លែ ប្រចាំ​នៅ​តំបន់​អាស៊ី ដែលមាន​ចេតនា​បង្កើន​ឥទ្ធិពល​យោធា​ដោយ​យក​លេស​ថា​ដើម្បី​ធានា​ស្ថេរភាព និង សន្តិភាព​ក្នុង​តំបន់​អាស៊ី។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP។


ការរិះគន់​នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​កូរ៉េខាងជើង ដែល​យោងតាម​អត្ថបទ​មួយ​របស់​គណបក្សកាន់អំណាច ដែល​ចុះ​នៅលើ​សារព័ត៌មាន​រដ្ឋ Rondong Simun កាលពី​ខែ​មុន ដែល​បាន​ពិរ​ពណ៌នា​លោក Abe ថា​ជា​អ្នក​យោធានិយម​ដ៏​គ្រោះថ្នាក់ ដែល​កំពុង​ព្យាយាម​កែប្រែ​រដ្ឋធម្មនុញ្ញ​ប៉ាស៊ីហ្វិក​ជប៉ុន។

ចំណែក​លោក Abe កាលពី​ខែ​មុន​បាន​អះអាងថា រដ្ឋធម្មនុញ្ញ​ជប៉ុន​ដែ​ល​បង្កើតឡើង​សម័យ​សង្គ្រាមលោកលើកទី ២ បាន​កម្រិត​លើ​វិស័យ​យោធា​ជប៉ុន​មក​ត្រឹម​សិទ្ធិ​ស្វ័យការពារ​ខ្លួន​នោះ អាច​ត្រូវបានធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ។

រីឯ​អត្ថបទ​វិចារណកថា​មួយ របស់​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA ដែល​ដាក់​ចំណងជើង​ថា៖ «តើ​នេះ​ជាការ​កើតឡើង​នូវ​ហ៊ី​ត្លែ​អាស៊ី​មែន​ឬទេ ?»  បាន​រៀបរាប់ថា ពាក្យសម្តី​របស់លោក Abe គឺ​កំពុង​ប្រើប្រាស់​សម្រាប់​ការភ័យខ្លាច​ចំពោះ​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង ដើម្បី​ជា​លេស​ក្នុង​ការបង្កើន​ឥទ្ធិពល​យោធា​របស់ខ្លួន​ទៅវិញ​ទេ។

បទ​វិចារណកថា​ដដែល​បាន​បន្ថែមថា វា​គ្មានអ្វី​ខុសប្លែកគ្នា​ទេ រវាង​មេដឹកនាំ​ហ្វា​ស៊ី​ស​និយម​ដ៍​គ្រោះថ្នាក់ ហ៊ី​ត្លែ ដែល​បាន​ប្រើប្រាស់​សមរភូមិ​ប្រឆាំង ពួក​កុម្មុយនីស្ត ជា​លេស​ដើម្បី​បង្កើត​សង្គ្រាម​មួយ និង​ចេតនា​របស់លោក Abe ដែល​កំពុង​ប្រើប្រាស់​ការប្រឈមមុខគ្នា​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ការពារ​ការបង្កើន​មហិច្ឆតា​យោធា​របស់ខ្លួន​នោះ។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានធ្វើ​ការរិះគន់​លើ​ប្រទេស​ជប៉ុន​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការ​ចំពោះ​ការធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីសក្ការៈ Yasukuni ដែលជា​កន្លែង​បញ្ចុះ​សាកសព​របស់​មេដឹកនាំ​ជប៉ុន​អំឡុង​សង្គ្រាមលោកលើកទី ២ ចំណែក​ប្រទេស​ជប៉ុន​វិញ​នោះបាន​ចាត់ទុក​កម្មវិធី​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង​ជាការ​គម្រាមកំហែង​ដល់​សន្តិសុខ និង​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​ផងដែរ៕

ប្រែ​សម្រួល​ដោយ សៅ ផល​និស្ស័យ



© រក្សាសិទ្ធិដោយ thmeythmey.com