ស៊ីហ្គេម២០២៣
កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជា បញ្ជូនអត្តពលិកល្បុក្កតោ២៨រូបទៅហាត់វិញ្ញាសាបញ្ចសិលា នៅឥណ្ឌូណេស៊ី
13, Oct 2022 , 5:59 pm        
រូបភាព
អត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា ដែលត្តូវចេញដំណើរទៅហ្វឹកហាត់នៅឥណ្ឌូណេស៊ី។ រូបពី សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
អត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា ដែលត្តូវចេញដំណើរទៅហ្វឹកហាត់នៅឥណ្ឌូណេស៊ី។ រូបពី សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
ដោយ:
អត្តពលិកគុនល្បុក្កតោកម្ពុជា២៨រូប នឹងទៅហ្វឹកហាត់ វិញ្ញាសាបញ្ចសិលាលា(Penchak Silat) នៅឥណ្ឌូណេស៊ី។ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ថាកម្ពុជាក៏បានបញ្ជូនគ្រូ២រូបដើម្បីទៅបង្វឹកគុនល្បុក្កតោដល់អត្តពលិកបញ្ចសិលារបស់ឥណ្ឌូណេស៊ីវិញដែរ ដើម្បីត្រៀមសម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

 
កីឡាករ-កីឡាការិនី គុនល្បុក្កតោកម្ពុជា ២៨រូបនឹងចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមហ្វឹកហាត់ក្បាច់គុន បញ្ចសិលា រយៈពេលវែងរហូតដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣តែម្តង។ ក្រៅពីកីឡាករគុនល្បុក្កតោ ក៏មានគ្រូបង្វឹកកីឡាគុនល្បុក្កតោ២រូប ដែលត្រូវបានអញ្ជើញទៅកាន់ប្រទេសឥណ្ឌូណេស៊ីដើម្បីបង្វឹកគុនល្បុក្កតោដល់អត្តពលិកឥណ្ឌូណេស៊ីផងដែរ។
 
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាថា ការចេញទៅហ្វឹកហាត់នៃអត្តពលិកកីឡាគុនល្បុក្កតោកម្ពុជា គឺមានរយៈពេលវែងដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា។
 
លោក  អ៊ូ តារា បន្ថែមថា៖«ការបញ្ជូនកីឡាករ-កីឡាការិនីទៅឥណ្ឌូណេស៊ី ទៅហ្វឹកហាត់ក្បាច់គុនបញ្ចសិលា(Penchak Silat) គឺវាដាច់ដោយឡែកពីប្រភេទវិញ្ញាសាល្បុក្កតោ។ ការចេញទៅគឺយកកីឡាករល្បុក្កតោទៅហាត់ បញ្ចសិលា (Penchak Silat) ហ្នឹងទេ ព្រោះដោយសារនៅស៊ីហ្គេម ឆ្នាំ២០២៣ ហ្នឹងយើងមានវិញ្ញាសា ល្បុក្កតោរបស់កម្ពុជា និងបច្ចសិលា(Penchak Silat) របស់ឥណ្ឌូណេស៊ីផង តាមការយល់ព្រមក្រោយពីជំនួបរវាងរដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី និងសម្តេចតេជោ»។ លោក អ៊ូ តារា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ តាមរយៈសារសម្លេង។
 
គួរបញ្ជាក់ថា អត្តពលិក និងគ្រូបង្វឹកកីឡាគុនល្បុក្កតោកម្ពុជា ចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ហើយនឹងវិលមកវិញនៅខែមករា ឆ្នាំ២០២៣ ដើម្បីប្រកួតសាកល្បងសមត្ថភាព រួចបន្តទៅហ្វឹកហាត់នៅឥណ្ឌូណេស៊ី វិញរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣៕
 

Tag:
 កីឡាគុនល្បុក្កតោ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com