ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ ចង់ឱ្យរដ្ឋមន្រ្តីកសិកម្មថ្មី បង្កើនការដោះស្រាយលើបញ្ហាប្រព័ន្ធធារាសាស្ត្រ កែច្នៃផលិតផល និងទីផ្សារ
14, Oct 2022 , 7:59 pm        
រូបភាព
 លោក លោក យ៉ង សាំងកុមារ (ខាងឆ្វេង) លោក ឌិត ទីណា (កណ្ដាល) និងលោក ថេង សាវឿន (ខាងស្ដាំ)
លោក លោក យ៉ង សាំងកុមារ (ខាងឆ្វេង) លោក ឌិត ទីណា (កណ្ដាល) និងលោក ថេង សាវឿន (ខាងស្ដាំ)
 ភ្នំពេញ៖ លោក ឌិត ទីណា អតីតរដ្ឋលេខធិការក្រសួងរ៉ែ និងថាមពល ត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ចេញរាជក្រឹត្យនៅថ្ងៃទី១៤ ខែតុលា តែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបញ្ចប់តំណែង។



ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មីនេះ អ្នកជំនាញមើលឃើញថា នេះជាការផ្ដល់ឱកាសឱ្យរដ្ឋមន្រ្តីថ្មីប្រើប្រាស់សមត្ថភាព និងចំណេះដឹង ក្នុងការដឹកនាំវិស័យកសិកម្មឱ្យមានភាពប្រសើរ។ ប៉ុន្តែ អ្វីដែលត្រូវបំពេញបន្ថែមនោះ គឺការអនុត្តឱ្យមានមន្រ្តីល្អ ធ្វើការជិតស្និទ្ធជាមួយកសិករ ដើម្បីជួយការងារបច្ចេកទេស និងទីផ្សារបន្ថែមទៀត។ 


លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី
 
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម បានឱ្យដឹងថា មកដល់ពេលនេះ ឌិត ទីណា រដ្ឋមន្រ្តីកសិកម្មថ្មី មិនទាន់មានផែនការដឹកនាំវិស័យកសិកម្មនៅឡើយ។ ចំពោះមុខ លោក កុមារ ចង់ឱ្យរដ្ឋមន្រ្តីរូបនេះ កែទម្រង់របៀបធ្វើការរបស់មន្រ្តីខ្លួន តាមរយៈការអនុវត្តឱ្យមានមន្រ្តីកសិកម្មល្អ ដែលអាចធ្វើការងារផ្ទាល់ជាមួយកសិករ ផ្ដោតសំខាន់លើការផ្ដល់បច្ចេកទេស និងដំណោះស្រាយទីផ្សារ។
 
នាពេលបច្ចុប្បន្ន​ កសិករប្រកបការងារកសិកម្ម មិនទទួលបានផលចំណេញនោះទេ ដោយ​ពួកគេពិបាកប្រកួតប្រជែងទីផ្សារជាមួយកសិករប្រទេសជិតខាង ដោយសារខ្វះការគាំទ្រពីរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់លោក យ៉ង សាំងកុមារ ដោយបន្ថែមដូច្នេះ៖«សម្រាប់ក្រសួងកសិកម្ម ទាមទារឱ្យមានមន្រ្តីកសិកម្មល្អ ចុះទៅពង្រឹងសមត្ថភាពកសិករក្នុងការផលិត ដើម្បីប្រកួតប្រជែងជាមួយការនាំចូល ហើយបង្គ្រប់ដើម្បីនាំចេញថែមទៀត។ នេះជាការដោះស្រាយ ហើយយើងអាចធ្វើបានលឿន ព្រោះអីមន្រ្តីកសិកម្មមានគ្រប់ទូទាំងប្រទេស យើងពង្រឹងធនធានទៅ ផ្ដល់ប្រាក់ខែបន្ថែមទៅ ដើម្បីធានាឱ្យកសិករយើងទទួលបានសេវាសាធារណៈល្អ»។


 លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា។ រូបពី ហ្វេសបុករបស់លោក
អ្នកជំនាញរូបនេះ បានណែនាំកសិករឱ្យគិតគូរពីការផលិត​របស់ខ្លួន ដោយ​ធ្វើយ៉ាងណា​កុំឱ្យលើសតម្រូវការ​។ បន្ថែមពីនេះ លោក យ៉ង សាំង​កុមារ​ ចង់ឱ្យកសិករចងក្រងជាបណ្ដុំកសិកម្ម ដែលផ្ដល់ភាពងាយស្រួលដល់ការងាររកទីផ្សារបន្ថែមទៀត។ 
 
ជាមួយគ្នានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា មើលឃើញថា ការចាត់តាំងលោក ឌិត ទីណា ជារដ្ឋមន្រ្តីកសិកម្ម ជាការផ្ដល់ឱកាសឱ្យរដ្ឋមន្រ្តីថ្មីប្រើប្រាស់សមត្ថភាព និងចំណេះដឹង ក្នុងការដឹកនាំវិស័យកសិកម្ម។ លើសពីនេះ ចូលរួមដោះស្រាយបញ្ហាវិស័យកសិកម្មនៅកម្ពុជា ដើម្បីជួយសម្រួលដល់បញ្ហាដែលកសិករកំពុងជួបប្រទះ។


លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម ។ រូបពី ហ្វេសបុករបស់លោក

លោក លើកឡើងថា៖ «ការយកចិត្តទុកដាក់លើកសិករ គឺជារឿងសំខាន់ក្នុងការកសាងវិស័យកសិកម្មឱ្យមានភាពរឹងមាំ។ ដូច្នេះ រដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម គួរដោះស្រាយបញ្ហាមួយចំនួនដូចជា ការបង្កើនថវិកាចូលទៅក្នុងវិស័យកសិកម្ម ដើម្បីកសាងធនធានមនុស្ស និងមន្រ្តីជំនាញ ជួយកសិករ ឬផ្ដល់កម្ចីថវិកាជាទុនដល់កសិករ»។
 
ទន្ទឹមនឹងនេះ គួររៀបចំខ្សែច្រវ៉ាក់ផលិតកម្ម ទាំងការចែកចាយក្នុងស្រុក និងនាំចេញ ដោយ​ពង្រឹងជំនាញ និងបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ ដល់កសិករ។ មួយវិញទៀត រដ្ឋមន្រ្តី​កសិកម្ម​ថ្មី គួរ​ដោះស្រាយប្រព័ន្ធធារាសាស្រ្ត ធ្វើយ៉ាងឱ្យពលរដ្ឋអាចមានទឹកស្រោចស្រពគ្រប់គ្រាន់ទាំងរដូវប្រាំង និងវស្សា ពិសេសត្រូវរៀបចំដំណើរការកែច្នៃផលិតកសិកម្ម ដល់កសិករ។
 
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា បន្តថា ការកែច្នៃផលិតកសិកម្ម គួរធ្វើយ៉ាងណារៀបចំឱ្យកសិករអាចកែច្នៃ និងលក់ផលិតល្អប្រសើរ។ បន្ថែម​លើនេះ​ ត្រូវជំរុញឱ្យមានការបង្កើនថវិកាជាតិទៅវិស័យកសិកម្ម ដើម្បីកសាងធនធានមនុស្ស និងមន្រ្តីជំនាញចុះជួយកសិករ ដែលនេះជារឿងសំខាន់ ហើយថវិកាអាចផ្ដល់ជាទុនជូនកសិករ។
 
ទោះបីរដ្ឋមន្រ្តីកសិកម្មថ្មី លោក ឌិត ទីណា ពុំមានជំនាញកសិកម្ម។ ប៉ុន្តែ លោក ថេង សាវឿន អះអាងថា ការដឹកនាំក្នុងវិស័យមួយនេះ មិនអាស្រ័យលើអ្នកជំនាញ ឬគ្មាននោះទេ។ អ្វីដែលចាំបាច់បំផុត គឺភាពវ័យឆ្លាត និងរបៀបធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដូចជា មន្រ្តីរបស់ខ្លួន អង្គការសង្គមស៊ីវិល វិស័យឯកជន និងកសិករជាដើម។
យោងតាម របាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ កសិកម្ម ជាវិស័យសំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាប្រមាណ ២២ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕
 

Tag:
 កសិកម្ម
  លោក យ៉ង សាំងកុមារ
  លោក ថេង សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com