ស៊ីហ្គេម២០២៣
កីឡាជាតិ
ជាតិ
លោក ហែម គិរី៖ ហេដ្ឋារចនាសម្ព័ន្ធមានគ្រប់ហើយ នៅឡើយតែអត្ដពលិកត្រូវប្រឹងពង្រឹងសមត្ថភាព
15, Oct 2022 , 3:29 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់អត្ដពលិកហែលទឹក លើវិញ្ញាសាបាល់ទឹក រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
សកម្មភាពហ្វឹកហាត់របស់អត្ដពលិកហែលទឹក លើវិញ្ញាសាបាល់ទឹក រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ប្ដេជ្ញានឹងរៀបចំខ្លួនឱ្យបានល្អ អំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំក្រោយ។ អគ្គលេខាធិការរូបនេះ បញ្ជាក់ថា សហព័ន្ធ បានត្រៀមខ្លួនស្ទើតែ១០០ភាគលើហេដ្ឋារចនាសម្ព័ន្ធ នៅឡើយតែអត្ដពលិក ត្រូវប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព បន្ថែមដើម្បីដណ្តើមមេដាយប៉ុណ្ណោះ។


លោក ហែម គិរី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ប្រកួតលើប្រភេទកីឡាហែលទឹកនៅព្រឹត្តិការណ៍ស៊ីហ្គមេ សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) បានត្រៀមបានល្អហើយ ទាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក។ 
 
ជាមួយនិងការត្រៀមខ្លួននេះ សមត្ថភាពអត្ដពលិក និងបច្ចេកទេសរៀបចំការប្រកួតរបស់មន្ដ្រី គឺជារឿងសំខាន់ ដើម្បីសម្រេចជោគជ័យ និងការសរសើរពីប្រទេស ដែលចូលរួម។​ ស្របពេល កម្ពុជា នៅសល់ប្រមាណជាង ៧ខែទៀត នឹងដល់ថ្ងៃប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លោក ហែម គិរី បានជំរុញអត្តពលិកហែលទឹក ព្យាយាមហ្វឹកហាត់កាន់តែខ្លាំងក្លាថែមទៀត ដើម្បីអាចប្រជែងមេដាយ។
 
លោក ហែម គិរី បានប្រាប់បន្ថែមពីការរំពឹងទុកបែបនេះថា៖« យើង អាចរំពឹងទុកបាន ប៉ុន្ដែលទ្ធផលមិនអាចដូចការរំពឹងទុក១០០ភាគរយបានទេ។ អំឡុងពេលយើងហ្វឹកហាត់ គេក៏ហ្វឹកហាត់ ហើយអំឡុងយើងកំពុងតែរីកចម្រើន គេក៏រីកចម្រើន ដូចនេះ ដល់តែប្រកួតជាក់ស្ដែង ទើបដឹងពីលទ្ធផល។ ទោះជាការរៀបចំ លើកទី១ លើការប្រកួតកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម របស់សហព័ន្ធ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ ប៉ុន្ដែយើងតាំងចិត្តថាធ្វើឲ្យបានល្អ។»។ 
 
 CAMSOC និងសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនអត្ដពលិកទៅហ្វឹកហាត់នៅប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា។ ក្នុងចំណោម ១៦១នាក់ ក្នុងនោះ មាន១១នាក់ ជាប្រតិភូកីឡាហែលទឹក ហើយការហ្វឹកហាត់នៅប្រទេសចិននោះ មានរយៈពេល១៨០ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣។ 
 
ក្រៅពីបញ្ជូនទៅចិន សហព័ន្ធ ក៏មានគម្រោង បញ្ជូនអត្ដពលិកទៅ ហ្វឹកហាត់នៅតាមប្រទេសមួយចំនួនទៀតដូច ប្រទេសវៀតណាម លើប្រភេទហែលជើងទា, ប្រទេសសិង្ហបុរី លើប្រភេទវិញ្ញាសា បាល់ទឹក និង វិញ្ញាសាជ្រមុចទឹក នៅសហរដ្ឋអាម៉េរិកផង។
 
គួរបញ្ជាក់ផងដែរ ប្រតិភូកីឡា ដែលបានទៅហ្វឹកហាត់នៅប្រទេសចិន មានចំនួន ១៦១នាក់ លើ១២ប្រភេទកីឡា មាន កាយសម្ព័ន្ធ ១១នាក់, យូដូ ៥នាក់, វូស៊ូ ១០នាក់, បាល់បោះ ១៥នាក់, វាយកូនឃ្លីលើតុ ១០នាក់, អត្តពលកម្ម ២០នាក់, ចំបាប់ ១៥នាក់, វាយសី ១២នាក់, ហែលទឹក ១១នាក់, លើកទម្ងន់ ១០នាក់, បាល់ទាត់-នារី ២៥នាក់ និងបាល់ទះ ១៥នាក់៕
 

Tag:
 កីឡាហែលទឹក
  ហែម គិរី
© រក្សាសិទ្ធិដោយ thmeythmey.com