អន្តរជាតិ
លោកស៊ី សន្យាពន្លឿនការធ្វើទំនើបកម្មយោធាក្នុងថ្ងៃបើកសមាជបក្សកុម្មុយនីស្តចិន
17, Oct 2022 , 3:00 pm        
រូបភាព
អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ Xinhua
អគ្គលេខាធិការបក្ស លោក ស៊ី ជិនភីង នៅថ្ងៃទី១៦ ខែតុលា បានសន្យាពន្លឿនការធ្វើទំនើបកម្មយោធា អាវុធ និងទាហាន ក្នុងថ្ងៃបើកសមាជបក្សកុម្មុយនីស្តចិន។ មិនតែប៉ុណ្ណោះ មេដឹកនាំចិនរូបនេះ ក៏បានប្តេជ្ញាកែប្រែសមត្ថភាពយុទ្ធសាស្រ្តរបស់យោធាចិនផង។

 
ក្នុងថ្ងៃទី១៦ ខែតុលា បក្សកុម្មុយនីស្តចិន បានបើកសមាជជាតិលើកទី២០ នៅវិមានប្រជាជនចិន នាក្រុងប៉េកាំង ដោយមានការចូលរួមពីតំណាងបក្សមកពីខេត្ត និងតំបន់ប្រមាណ ២៣០០នាក់។ នាពិធីបើកនេះ លោកស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីចិនផងនោះ បានថ្លែងសុន្ទរកថាជាង ១ម៉ោង ដោយក្នុងនោះរួមទាំងការធ្វើទំនើបកម្មយោធាផង ខណៈពេលពិភពលោកកំពុងមានភាពស្មុគស្មាញជាច្រើន។ 
 
«យើងនឹងពន្លឿនការធ្វើទំនើបបកម្មយោធា ទាហាន និងអាវុធ»។ លោកស៊ី បានសង្កត់ធ្ងន់បែបនេះនៅចំពោះមុខតំណាងសមាជិកបក្សកុម្មុយនីស្ត មុនបន្តថា ចិននឹងពង្រឹងសមត្ថភាពយុទ្ធសាស្រ្តរបស់យោធាចិនផង។ 
 
បើតាមលោកស៊ី កងទ័ពរំដោះប្រជាជនចិន (PLA) មានតួនាទីការពារផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូរបស់ចិន។ ចិន ជាប្រទេសទីពីរ ដែលបានចំណាយថវិកាលើយោធាច្រើនបំផុត បន្ទាប់ពីអាម៉េរិក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នាពេលកន្លងមក រដ្ឋាភិបាលចិនបានប្រកាសថវិកាចំណាយលើវិស័យការពារជាតិមានចំនួន ២២៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២។ ទិន្នន័យនេះ គឺកើនឡើងប្រមាណ ៧,១ភាគរយ បើធៀបនឹងឆ្នាំ២០២១។ 
 
សូមបញ្ជាក់ថា ក្នុងសមាជជាតិលើកទី២០ នេះ លោកស៊ី ត្រូវបានរំពឹងថា នឹងបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងអាណត្តិទីបី បន្ទាប់ពីកាន់តំណែងកំពូលមួយនេះ ចាប់តាំងពីឆ្នាំ២០១២ មក៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com