អ្នកចិញ្ចឹមជ្រូកនៅវៀតណាមបានលើកឡើងថា ពួកគេបានខាតបង់នៅពេលដែលរដ្ឋគ្រប់គ្រងតម្លៃសាច់ជ្រូកលក់នៅលើទីផ្សារ ដើម្បីជាថ្នូរនិងការបន្ទាបអតិផរណាក្នុងប្រទេស ។
បើតាមសារព័ត៌មាន Tuoi Tre តម្លៃជ្រូករស់នៅវៀតណាមបានបន្តធ្លាក់ថ្លៃយ៉ាងគំហុក។ បច្ចុប្បន្នតម្លៃជ្រូករស់នៅខេត្តភាគខាងត្បូងនៃប្រទេសវៀតណាមមានតម្លៃចាប់ពី ៥០ ០០០ ដល់ ៥៩ ០០០ ដុងក្នុងមួយគីឡូក្រាម (២,០៦ ដុល្លារដល់ ២,៤៣ដុល្លារ)។
អ្នកស្រី Pham Thi Thuy ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្បែរទីក្រុងហូជីមិញបាននិយាយថា៖ «ការចិញ្ចឹមជ្រូកឥឡូវពិបាកណាស់ ពីមុនតម្លៃចំណីឡើងថ្លៃ ចិញ្ចឹមមិនទាន់បានស្រួលបួលផង តម្លៃជ្រូកក៏ធ្លាក់ចុះ ដែលជ្រូកទម្ងន់ចាប់ពី ១០៥-១១៥ គីឡូក្រាមក្នុងមួយក្បាលប្រភេទស្ដង់ដារលេខ១ តម្លៃ ៦០ ០០០ដុងក្នុងមួយគីឡូក្រាម(២,៤៧ដុល្លារ) ចំណែកជ្រូកទម្ងន់ចាប់ពី ៦០-៨០ គីឡូក្រាមក្នុងមួយក្បាល ឬជ្រូកធាត់ពេកមានតម្លៃ ៥០ ០០០ដុងក្នុងមួយគីឡូក្រាម (២,០៦ដុល្លារ)។ នេះមិនទាន់និយាយដល់ការនាំចូលជ្រូកពីខាងក្រៅ នៅតាមបណ្តាផ្សារទំនើប ភោជនីយដ្ឋាន និងហាងល្បីៗ ...នៅណាក៏ជ្រើសយកសាច់ជ្រូកនាំចូល។ ឥឡូវហ្នឹងទាំងឈ្មួញ ទាំងអ្នកចិញ្ចឹមបានប្រាក់ចំណេញតិចណាស់»។
ស្រដៀងគ្នានេះដែរលោក Nguyen Huu Thang អ្នកចិញ្ចឹមជ្រូកនៅខេត្តដុងណាយ បានឱ្យដឹងថា អ្នកចិញ្ចឹមជ្រូករងសម្ពាធយ៉ាងខ្លាំងដោយសារតែការផ្ទុះជំងឺដ៏ស្មុគស្មាញ ជាពិសេសតម្រូវការសាច់ជ្រូកមានការថយចុះ ខណៈដែលតម្លៃចំណីសត្វបន្តកើនឡើង ។ បើតាមកសិករវៀតណាមរូបនេះ បច្ចុប្បន្នកន្ទក់សម្រាប់ជ្រូកកំពុងពេញនិយមក្នុងតម្លៃ ១៤ ០០០ ដុងក្នុងមួយគីឡូក្រាម(០,៥៨ដុល្លារ) កើនឡើង ៦ ០០០ដុង(០,២៥ដុល្លារ) បើធៀបនឹងជាងមួយឆ្នាំកន្លះមុន។
«ពីជ្រូករាប់ពាន់ក្បាលកាលពីមុន ឥឡូវនេះត្រូវបានកាត់បន្ថយជាងពាក់កណ្តាល ហើយទំនងជានឹងថយចុះបន្តទៀត ប្រសិនបើស្ថានភាពលំបាកនាពេលបច្ចុប្បន្ននេះនៅតែបន្តកើតមាន។ កសិករខ្នាតតូចសព្វថ្ងៃនេះភាគច្រើនកំពុងកាត់បន្ថយបរិមាណចិញ្ចឹម អ្នកខ្លះទៀតបានបោះបង់ចោលរបរនេះ»។ នេះបើតាមលោក Nguyen Huu Thang ។
លោក Nguyen Huu Thang បានសង្កត់ធ្ងន់ថា ៖ «អាជ្ញាធរគួរតែគាំទ្រដោយការបន្ធូរបន្ថយកូតា នាំចេញទៅកាន់ប្រទេសកម្ពុជា និងចិន ដើម្បីស្តារស្ថានភាពដែលកសិករកំពុងជួបប្រទះឡើងវិញ »។
លោក Nguyen Kim Doan អនុប្រធានសមាគមចិញ្ចឹមសត្វនៅខេត្តដុងណាយ បានលើកឡើងថា តម្លៃជ្រូកបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេស។ តម្លៃជ្រូករស់បានធ្លាក់ចុះមកក្រោម ៦០ ០០០ដុងក្នុងមួយគីឡូក្រាម(២,៤៧ដុល្លារ) ខណៈស្ថានភាពបច្ចុប្បន្ន ត្រូវការតម្លៃលើសនេះ ទើបមិនមានការខាតបង់។
លោក Nguyen Kim Doan បានគូសបញ្ជាក់ថា៖« តម្លៃជ្រូករស់ជាមធ្យមនៅប្រទេសចិនបច្ចុប្បន្នគឺ ៩០ ០០០ដុងក្នុងមួយគីឡូក្រាម(៣,៧១ដុល្លារ)ខ្ពស់ជាងវៀតណាម ៣០ ០០០ដុង(១,២៤ដុល្លារ) ខណៈនៅថៃគឺ ៨០ ០០០ដុងក្នុងមួយគីឡូក្រាម (៣,២៩ដុល្លារ)»។
បើតាមអនុប្រធានសមាគមចិញ្ចឹមសត្វរូបនេះ រដ្ឋគួរពិចារណាលើការនាំចេញជ្រូកតាមទីផ្សារទាំងនេះ ដើម្បីបង្កើនតម្លៃជ្រូករស់ក្នុងស្រុក។ ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ប្រសិនបើគ្មានដំណោះស្រាយ ហើយបន្តបិទច្រកនាំចេញ តម្លៃជ្រូកអាចនឹងធ្លាក់ចុះ ហើយកសិករនឹងរងសម្ពាធខ្លាំងនិងឈានដល់ការលែងចិញ្ចឹមតទៀត។
សូមជម្រាបថា ក្នុងឆ្នាំ២០១៩-២០២០ តម្លៃជ្រូកឡើងខ្ពស់ ប៉ុន្តែក្រោយមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះ វៀតណាមបាននាំចូលជ្រូករស់ពីប្រទេសថៃ ដើម្បីបំពេញតម្រូវការទីផ្សារ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឱ្យមានការនាំចេញជ្រូកនោះទេ ដែលធ្វើឱ្យតម្លៃជ្រូកធ្លាក់ចុះ ហើយអ្នកចិញ្ចឹមជ្រូក ទទួលរងការខាតបង់ទ្វេដង។
ជុំវិញបញ្ហានេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ មិនគាំទ្រឱ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាមនោះទេ ដោយសារសព្វថ្ងៃកម្ពុជាសល់ជ្រូករាប់ម៉ឺនក្បាល ដែលពុំមានទីផ្សារលក់ចេញ ដែលធ្វើឱ្យកសិករប្រឈមខាតបង់ស្ទើរគ្រប់គ្នា។
យ៉ាងណា លោក មិនអាចហាមឃាត់ចំពោះការនាំចូលជ្រូកពីប្រទេសណាមួយនោះដែរ។ ប៉ុន្តែ ប្រសិនបើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកឱ្យនាំចូលមែន នោះកសិករ នឹងនាំគ្នាបោះបង់ការចិញ្ចឹមចោល។ លោក ប្រាប់ដូច្នេះថា៖«សព្វថ្ងៃ កម្ពុជាកំពុងតែលិចលង់ មិននាំគ្នាគិត ហើយគិតតែការនាំចូលទៀត។ អ៊ីចឹង មានតែប្រកាសថា សូមឱ្យបងប្អូនពលរដ្ឋឈប់ចិញ្ចឹមជ្រូកពីថ្ងៃនេះទៅ ព្រោះឥឡូវជ្រូកមានតម្លៃតែ៨ពាន់រៀលទេ គាត់(កសិករ)ខាតឡើងចង់លក់ទ្រុង ហើយជ្រូកនៅកម្ពុជាសល់រាប់ម៉ឺនក្បាល លក់អត់ចេញ»។
បច្ចុប្បន្ន កសិករ និងម្ចាស់កសិដ្ឋានខ្លះ បានត្អូញត្អែរពីផលលំបាកក្នុងដំណើរការចិញ្ចឹមជ្រូករបស់ខ្លួន ដោយសារចំណីឡើងថ្លៃ ឯតម្លៃជ្រូករស់ចុះថោក។ សព្វថ្ងៃ ជ្រូករស់អាចលក់តម្លៃ៨ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈដើមផលិតកើនដល់ជាង១ម៉ឺនរៀល។ លើសពីនេះ ការនាំចូលជ្រូកពីបរទេសនេះ ក៏នឹងនាំហានិភ័យជំងឺដល់កសិករផងដែរ។
លោក ស្រ៊ុន ពៅ ឱ្យដឹងទៀតថា ជ្រូកចាប់ផ្ដើមកកស្ទះទីផ្សារ រយៈពេល១ខែមកហើយ ដោយសារការចិញ្ចឹមរបស់កសិករកើនឡើង។ ម្យ៉ាងទៀត ទឹកជំនន់បានបង្ខំឱ្យកសិករសម្រុកលក់ជ្រូកចេញព្រមគ្នា ស្របពេលការហូបចុករបស់ពលរដ្ឋថយចុះ។
ជាមួយគ្នានេះ លោក អំពាវនាវកុំឱ្យកសិករបាក់ទឹកចិត្ត ហើយប្រឹងប្រែងពង្រីកការចិញ្ចឹមរបស់ខ្លួនឡើងវិញ ទោះបីជួបបញ្ហាប្រឈមជាច្រើនលើកច្រើនសារក៏ដោយ។ ប្រធានសមាគមរូបនេះ ក៏ទទូចឱ្យរដ្ឋាភិបាល និងក្រសួងកសិកម្ម ជួយដោះស្រាយតម្លៃទីផ្សារជូនកសិករឱ្យកាន់តែប្រសើរផងដែរ។
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក តាន់ ផាន់ណារ៉ា ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប៉ុន្តែ លោកជាប់ប្រជុំ៕