ស៊ីហ្គេម២០២៣
កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ កីឡដ្ឋាន៤ អាចនឹងត្រូវប្រើសម្រាប់ប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២
19, Oct 2022 , 9:29 am        
រូបភាព
រូបការជួសជុលទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រូបពី Cambodia 2023
រូបការជួសជុលទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រូបពី Cambodia 2023
ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ត្រូវការកីឡដ្ឋានច្រើន ដើម្បីប្រកួត។ កីឡដ្ឋានចំនួន ៤កន្លែង ដែលគ្រោងនឹងរៀបចំការប្រកួតវិញ្ញាសាបាល់ទាត់ រួមមាន៖ ពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិអូឡាំពិក, ពហុកីឡដ្ឋានស្ដាតចាស់ និងកីឡដ្ឋានព្រីនស៍។ នេះបើតាមការលើកឡើងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (Camsoc)។


យោងទៅលើការផ្សាយរបស់ Cambodia 2023 កាលពីថ្ងៃទី១៧ ខែតុលា លោក វ៉ាត់ ចំរើន បាននិយាយថា ការប្រកួតបាល់ទាត់ ត្រូវការទីលានប្រកួតជាផ្លូវការ ចន្លោះពី៤ ទៅ៥ ដោយមិនគិតពីទីលាន សម្រាប់ត្រៀមប្រទេសជាប្រតិភូ ហ្វឹកហាត់ឡើយ។ ទីលានប្រកួតជាផ្លូវការទាំងនោះ នឹងប្រើសម្រាប់ការប្រកួតបាល់ទាត់ទាំងផ្នែកបុរស និងនារី។
កីឡដ្ឋានចំនួន៤ ដែលអាចនឹងប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ មាន៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, កីឡដ្ឋានព្រីនស៍, ពហុកីឡដ្ឋានស្ដាតចាស់ និងពហុកីឡដ្ឋានជាតិអូឡាំពិក។


 លោក វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc រូបពី Cambodia 2023
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាទីតាំចំម្បងសម្រាប់ប្រារព្ធធ្វើព្រឹត្តិការណ៍ស៊ីហ្គេម។ ពហុកីឡដ្ឋាននេះ អាចផ្ទុកមនុស្សបាន ៧៥០០០នាក់។ ដើម្បីធ្វើឲ្យត្រូវតាមស្ដង់ដាររបស់ FIFA ស្មៅនៅក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវពិនិត្យឡើងវិញទាំងបច្ចេកទេស​ដាំ សុខភាព និងគុណភាពរបស់ស្មៅផងដែរ។
កីឡដ្ឋានព្រីនស៍ (កីឡដ្ឋានក្លិបវិសាខា) ដែលស្ថិតនៅភូមិ ឃ្មួញ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធាននីភ្នំពេញ អាចផ្ទុកអ្នកគាំទ្របានជាង១៥០០០នាក់។ ទីតាំងនេះ ធ្លាប់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយកមករៀបចំការប្រកួតព្រឹត្តិការណ៍ AFF Under-23 Championship កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។ ហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន មានច្រកទ្វាបន្ទាន់ ពេលមានអាសន្ន, មានបន្ទប់ពេទ្យ បន្ទប់កីឡាករ បន្ទប់អាជ្ញាកណ្ដាល និងបន្ទប់ទឹក។
 
កីឡដ្ឋានស្ដាតចាស់ (កីឡដ្ឋានកងយោធពលខេមភូមិន្ទ) មានទីតាំងស្ថិតនៅខ័ណ្ឌជ្រោយចង្វា នៅជាប់និងផ្សារទួកសង្កែ និងជិតទីតាំងអគ្គិសនីកម្ពុជា។ កីឡដ្ឋានេះ អាចផ្ទុកអ្នកគាំទ្រ ចន្លោះពី ៨០០០នាក់ ទៅ១០០០០នាក់។ ស្មៅ ក្នុងទីលានជាស្មៅធម្មជាតិ។ រចនាសម្ព័ន្ធកីឡដ្ឋាន មានបន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ បន្ទប់អាជ្ញាកណ្ដាល បន្ទប់កីឡាករ និងបន្ទប់ពេទ្យ។
រីឯ ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីលាន សម្រាប់ប្រកួតកីឡាជាច្រើនប្រភេទ នៅក្នុងនោះក៏មានទីលានបាល់ទាត់ ដ៏ល្អមួយ ដែលត្រូវបានប្រជាពលរដ្ឋកម្ពុជា ស្គាល់ច្បាស់។ ពហុកីឡដ្ឋាននេះ អាចផ្ទុកអ្នកគាំទ្របានចំនួនរហូត ៧០០០០នាក់។ ជាមួយស្មៅធម្មជាតិ និងបរិយាកាស ចំកណ្ដាលទីប្រជុំជន ដោយព័ទ្ធជុំវិញដោយអាគារទំនើបៗ។ កីឡដ្ឋាននេះ អាចឲ្យក្រុមភ្ញៀវ ដឹងថាទីក្រុងភ្នំពេញ គឺជាតំបន់ពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។
 
ពហុកីឡដ្ឋានជាតិអូឡាំពិក កំពុងជួសជុលដើម្បីឲ្យត្រូវតាមស្ដង់ដាររបស់ FIFA សម្រាប់ត្រៀមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ លោក វ៉ាត់ ចំរើន បានពន្យល់ដូច្នេះថា៖«បច្ចុប្បន្ន យើងចាប់ផ្ដើមជួសជុលហើយ។ យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ។ ការរៀបចំនេះ យើងគោរពទៅតាមស្ដង់ដាររបស់ FIFA។ អ៊ីចឹង ស្ដង់ដារ បានន័យថា ស្មៅក៏ស្ដង់ដារដែរ ទាល់តែស្មៅ ដែលFIFAទទួលស្គាល់ ព្រោះ FIFA មិនមែនទទួលស្គាល់ស្មៅតែមួយប្រភេទទេ គឺមានច្រើនប្រភេទ»។
 
អគ្គលេខាធិការ Camsoc រូបនេះ បានប្រាប់បន្ថែមថា ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងជួយជុលធ្វើបច្ចុប្បន្នភាពនេះ ដោយបំពាក់កៅអីថ្មី ប្រមាណជាង ៣៥,០០០ និងបំពាក់ភ្លើងបន្ថែម ដើម្បីឲ្យត្រូវតាមស្ដង់ដាររបស់ FIFA។ គម្រោងនេះ នឹងចាប់ផ្ដើមពីខែវិច្ឆិការ ឆ្នាំ២០២២ ហើយបញ្ចប់ទៅនៅខែមករា ឆ្នាំ២០២៣។
 
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ត្រូវគោរពឲ្យបានដាច់ខាតនូវស្ដង់ដារតែមួយ របស់អន្ដរជាតិ ដើម្បីសេចក្ដីថ្លៃថ្នូរ និងឲ្យស័ក្ដិសមកិត្តិយសជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com