អន្តរជាតិ
លោក លី សៀនឡុង៖ សិង្ហបុរីនិងអូស្ត្រាលីសម្លឹងមើលយុទ្ធសាស្ត្រថ្មីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
19, Oct 2022 , 9:59 am        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ចាប់ដៃសមភាគីអូស្ត្រាលី អាន់តូនី អាល់បានីស។ រូបថត AFP
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ចាប់ដៃសមភាគីអូស្ត្រាលី អាន់តូនី អាល់បានីស។ រូបថត AFP
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានលើកឡើងនៅថ្ងៃទី១៨ ខែតុលាថា សិង្ហបុរី និងអូស្ត្រាលី​នឹង​ស្វែងរកយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការថ្មីដូចជាការធ្វើការលើខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់ជាមួយ​ប្រទេសផ្សេងៗលើពិភពលោកផ្សេងទៀត។ ប្រទេសទាំងពីរ ក៏បានគាំទ្រការច្នៃ​ប្រឌិត​ថាមពល​ស្អាត​ផងដែរ។

 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកង់បេរ៉ាបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំអូស្ត្រាលី-សិង្ហបុរីលើកទីប្រាំពីរជាមួយសមភាគីអូស្ត្រាលីលោកអាន់តូនី អាល់បានីស លោក លី សៀនឡុង អះអាងថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតងសិង្ហបុរី-អូស្ត្រាលី និងជជែកពីវិស័យថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
 
«ពួកយើងក៏បានធ្វើការលើផ្នែកផ្សេងទៀតដើម្បីទទួលយកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងបន្ថែមដូចជាការចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតងសិង្ហបុរី-អូស្ត្រាលីដែលនឹងគាំទ្រដល់ការផ្លាស់ប្តូរនៃ​ប្រទេសទាំងពីរក្នុងការគ្មានការបំភាយឧស្ម័នហើយក្នុងពេលជាមួយគ្នានេះជំរុញកំណើនសេដ្ឋកិច្ច និង​បង្កើតការងារនៅក្នុងវិស័យបៃតង»។ លោក លី លើកឡើងបែបនេះរួចបន្តថា លោកក៏សង្ឃឹម​ឱ្យ​ប្រទេសផ្សេងៗធ្វើសកម្មភាពស្រដៀងគ្នានេះក្នុងការ​សហការគ្នាដោះស្រាយបញ្ហាពិភពលោក។
 
ទន្ទឹមនេះ លោក អាល់បានីស និយាយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចបៃតងផ្តល់សញ្ញាបង្ហាញការ​ដោះ​ស្រាយរួមគ្នាមួយចំពោះបញ្ហាប្រឈមនានារវាងអូស្ត្រាលី និងសិង្ហបុរី។ 
 
«វានឹងគាំទ្រដល់ការច្នៃប្រឌិតថាមពលស្អាត ឱកាសអាជីវកម្ម និងបង្កើតឱកាសការងារ និងជួយ​ផ្តល់​គោលដៅនៃការបំភាយឧស្ម័នរបស់យើងខណៈពេលដែលដាក់ប្រទេសអូស្ត្រាលីជាមហាអំណាចថាមពលកកើតឡើងវិញ»។ មេដឹកនាំអូស្ត្រាលីបានបញ្ជាក់បែបនេះ។
 
ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏មើលឃើញថា ប្រទេសទាំងពីរជា ដៃគូពីធម្មជាតិ​ដែល​ចែក​រំលែក​ទស្សនៈស្រដៀងគ្នាលើបញ្ហាជាច្រើន។ ដូច្នេះប្រទេសទាំងពីរកំពុងស្វែងរកមើល​យុទ្ធសាស្ត្រសហកា​រ​គ្នាក្នុងផ្នែកថ្មីៗ និងពង្រឹងសុវត្ថិភាព និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងស្បៀងអាហារ ក៏ដូចជាថាមពល និង​ការតភ្ជាប់ទៅកាន់ពិភពលោកផ្សេងទៀត។ ប្រទេសទាំងពីរក៏បានសន្យាគ្នាក្នុង​ការជួយ​គ្នាទៅវិញទៅម​ក​ក្នុងវិបត្តិផ្សេងៗតាមរយៈការសម្រួល​លំហូរទំនិញសំខាន់ៗ៕
 
 
 
 

Tag:
 សិង្ហបុរី
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com