អន្តរជាតិ
​អង់គ្លេស​ ទប់ស្កាត់ចិន​ជ្រើសរើស​អតីតអ្នក​បើក​យន្តហោះ​យោធា​​​អង់គ្លេសទៅបង្វឹកកងទ័ពចិន
19, Oct 2022 , 11:39 am        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី 
 
រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃទី១៨ ខែតុលា​និយាយថា ខ្លួននឹងចាត់វិធានការដើម្បីទប់ស្កាត់ចិនដែលព្យាយាមជ្រើសរើសអតីត​អ្នក​បើក​យន្តហោះ​យោធារបស់ខ្លួនដើម្បីទៅបណ្តុះបណ្តាលកងកម្លាំងទ័ពចិន។

 
យោងតាមសារពត៌មាន BBC នៅថ្ងៃទី១៨ ខែតុលា រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា ចិនបានជ្រើសរើសអតីត​អ្នក​បើក​យន្តហោះ​យោធាអង់គ្លេសចំនួន៣០នាក់ ទៅបណ្តុះបណ្តាលកងទ័ពរំដោះប្រជាជនចិន។ អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសម្នាក់អះអាងថា អង់គ្លេសកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់គម្រោងជ្រើសរើសរបស់ចិនបន្តទៀត។
 
ចំណែក អនុរដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពជើងគោក លោក James Heappey ប្រាប់ទូរទស្សន៍ Sky News ថា ការជ្រើសរើសអតីតអ្នកបើកបរយន្តហោះយោធាបែបនេះ ជាក្តីកង្វល់មួយនៅក្នុងក្រសួងការពារជាតិក្នុងរយៈពេលជាច្រើនឆ្នាំ ហើយសកម្មភាពនេះត្រូវបានភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសកំពុងតាមដានយ៉ាងដិតដល់។ លោកបន្តថា ចិនជាដៃគូប្រកួតប្រជែងដែលកំពុងគំរាមផលប្រយោជន៍អង់គ្លេស ​បើទោះបីប្រទេសនេះជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អង់គ្លេសក៏ដោយ។ 
 
«ការប៉ុនប៉ងដោយជ្រើសរើសអ្នកបើកយន្តហោះរបស់យើងនឹងមិនមានការសម្ងាត់ទេ ហើយសកម្មភាពដែលព្យាយាមយកការសម្ងាត់របស់សមត្ថភាពកងទ័ពអង់គ្លេសបែបនេះ ជាការព្រួយបារម្ភចំពោះប្រទេសយើងយ៉ាងច្បាស់»។ មន្រ្តីដដែលនិយាយបែបនេះ។ 
 
ទាក់ទងនឹងរឿងនេះ អតីតអ្នកបើកយន្តហោះទាំងអស់ដែលទៅចិនត្រូវបានរដ្ឋាភិបាលអង់គ្លេសទាក់ទង និងប្រាប់ឱ្យបញ្ឈប់សកម្មភាព ហើយពួកគេក៏ត្រូវបានព្រមានជាការបំពានច្បាប់ ប្រសិនបើនៅតែបន្តសកម្មភាព។ រដ្ឋាភិបាលអង់គ្លេសក៏កំពុងពិនិត្យមើលការប្រើប្រាស់កិច្ចសន្យាសម្ងាត់ និងកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មាន ខណៈបុគ្គលិកយោធាអង់គ្លេសទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់សម្ងាត់ (Official Secrets Act) ដែលមិនអាចលាតត្រដាងពត៌មានសម្ងាត់របស់រដ្ឋឡើយ។
 
យ៉ាងណាមិញ ទីក្រុងប៉េកាំងច្រានចោលរឿងបែបនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៨ ខែតុលា ថា ចិនមិនដឹងពីការជ្រើសរើសអ្នកបើកបរយន្តហោះអង់គ្លេសឡើយ៕
 
 

Tag:
 ចិន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com