អន្តរជាតិ
ជាការព្រមានសមយុទ្ធយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលសមុទ្រ
19, Oct 2022 , 3:09 pm        
រូបភាព
ដោយ:
 កូរ៉េខាងជើង នៅយប់ថ្ងៃទី១៨ ខែតុលា បាញ់កាំភ្លើងធំប្រហែល២៥០គ្រាប់ឆ្ពោះទៅសមុទ្រភាគខាងលិច និងខាងកើត ហើយចូលតំបន់ការពារដែនសមុទ្រខណ្ឌចែកឧបទ្វីបកូរ៉េ ដើម្បីជាការព្រមានកូរ៉េខាងត្បូងចំពោះការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដែលមានការចូលរួមពីយោធាអាម៉េរិកខ្លះដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។

 
តាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង កូរ៉េខាងជើងនៅយប់ថ្ងៃទី១៨ ខែតុលាបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ឆ្ពោះទៅសមុទ្រលឿង ឬសមុទ្រខាងលិច ហើយប្រមាណ១៥០គ្រាប់ទៀតចូលទៅសមុទ្រខាងកើត។ 
 
អ្នកនាំពាក្យរបស់អគ្គសេនាធិការកងទ័ពកូរ៉េខាងជើងបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់កាំភ្លើងធំប្រមាណ២៥០គ្រាប់នេះជាវិធានការតបតយោធាដ៏មានឥទ្ធិពលរបស់ខ្លួន ដើម្បីព្រមាន និងគំរាមសមយុទ្ធយោធារបស់កូរ៉េខាងត្បូង។ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យកូរ៉េខាងត្បូងបញ្ឈប់សកម្មភាពបង្ករឿងដ៏ព្រហើនដែលបង្កើនភាពតានតឹងយោធានៅឧបទ្វីបកូរ៉េ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ 
 
កូរ៉េខាងត្បូង ធ្វើលំហាត់ហ្វឹកហ្វឺនយោធាប្រចាំឆ្នាំនៅទីលាន Hoguk ពីថ្ងៃទី១៧-២៨ តុលា ដែលមានការចូលរួមពីយោធាអាម៉េរិកដែរដើម្បីពង្រឹងសមត្ថភាពការពារប្រឆាំងនឹងការគំរាមមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ 
 
ទាក់ទងការបាញ់កាំភ្លើងធំចូលតំបន់ការពារសមុទ្ររវាងកូរ៉េទាំងពីរនេះ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងទទូចឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះជាសកម្មភាពដែលប៉ះពាល់សន្តិភាព និងស្ថិរភាពឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ៊
 
កាលពីសប្តាហ៍មុន កូរ៉េខាងជើងបាញ់កាំភ្លើងធំប្រហែល១៧០គ្រាប់ចេញពីឆ្នេរខាងកើត និងខាងលិចប្រទេសចូលទៅតំបន់ការពារសមុទ្រកូរ៉េទាំងពីរ ប៉ុន្តែធ្លាក់នៅលើទឹកដីកូរ៉េខាងជើង។ យន្តហោះយោធាកូរ៉េខាងជើងប្រហែល១០គ្រឿងក៏បានហោះទៅជិតព្រំដែនខណ្ឌចែកឧបទ្វីបកូរ៉េផងដែរ។ 
 
សកម្មភាពដ៏គឃ្លើនរបស់ក្រុងព្យុងយ៉ាងនេះត្រូវបានក្រុងសេអ៊ូលចាត់ទុកថាជាការបំពានកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ២០១៨។ កិច្ចព្រមព្រៀងនោះហាមប្រាមសកម្មភាពណាដែលបង្កអរិភាពទាំងលើដី អាកាស និងសមុទ្រនៃតំបន់ព្រំដែនកូរ៉េទាំងពីរ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com