អន្តរជាតិ
ប៉ាគីស្ថាន ស្វែងរកកម្ចីលុយជាថ្មីខ្ទង់ពាន់លានដុល្លារ ក្រោយរងគ្រោះដោយទឹកជំនន់
19, Oct 2022 , 7:29 pm        
រូបភាព
កាសែត Financial Times នៅថ្ងៃទី១៩ ខែតុលា បានចុះផ្សាយថា ប៉ាគីស្ថាននឹងស្នើសុំឱ្យស្ថាប័នផ្ដល់ប្រាក់កម្ចីអន្តរជាតិ ផ្ដល់កម្ចីថ្មីខ្ទង់ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបានធ្វើវិបត្តិសេដ្ឋកិច្ចកាន់តែយ៉ាប់ខ្លាំង។ ប្រទេសអាស៊ីខាងត្បូងនេះមានបំណុលអន្តរជាតិជាង១៣០ពាន់លានដុល្លាររួចហើយគិតត្រឹមឆ្នាំ២០២២។



ប៉ាគីស្ថាននឹងស្នើសុំស្ថាប័នអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិដូចជា ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ផ្ដល់កម្ចីថ្មីដែលមានតម្លៃរាប់ពាន់លានដុល្លារសម្រាប់កសាងប្រទេសឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលប៉ះពាល់មនុស្សជាង៣៣លាននាក់ និងបានរុញច្រានសេដ្ឋកិច្ចប្រទេសដែលមានវិបត្តិស្រាប់កាន់តែខិតទៅជិតភាពក្ស័យធន។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times។
 
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានអះអាងថា ក្រុងអ៊ីស្លាម៉ាបាដ មិនសុំពន្យារពេលវេលាសងបំណុលចាស់ ដែលមានតម្លៃជាង១៣០ពាន់លានដុល្លារនោះឡើយ តែប្រទេសអាស៊ីខាងត្បូងមួយនេះត្រូវការប្រាក់ដ៏ច្រើនក្នុងពេលនេះដើម្បីកសាងផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលខូចខាតក្នុងគ្រោះទឹកជំនន់ឡើងវិញ។  
«យើងមិនស្នើសុំវិធានការអ្វីទាំងអស់ ដូចជាការពន្យារពេលសងបំណុល ឬផ្អាកការសងបំណុល។ យើងកំពុងស្នើសុំលុយជំនួយបន្ថែម»។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Sharif បានសង្កត់ធ្ងន់បែបនេះ។ 
 
មេដឹកនាំប៉ាគីស្ថានមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ពិតប្រាកដ ដែលរដ្ឋាភិបាលខ្លួនត្រូវការនោះទេ ប៉ុន្តែបានបង្ហាញការប៉ាន់ស្មានអំពីទំហំខាតបង់ដោយគ្រោះទឹកជំនន់មានប្រមាណ៣០ពាន់លានដុល្លារឯណោះ។ នេះជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថានក្នុងរយៈពេល៧៥ឆ្នាំចុងក្រោយនេះ។
 
កាលពីដើមខែតុលា អង្គការសហប្រជាជាតិ (UN) បានស្វះស្វែងអំពាវនាវកៀរគរជំនួយមនុស្សធម៌បន្ទាន់សម្រាប់ប៉ាគីស្ថានឱ្យបាន៨១៦លានដុល្លារ ដើម្បីដោះស្រាយវិបត្តិក្រោយទឹកជំនន់ដូចជាការរាលដាលជំងឺឆ្លងដែលបណ្តាលមកពីវីរុសក្នុងទឹក និងការកើនឡើងភាពអត់ឃ្លាន។ អឺរ៉ុបក៏បានរួមចំណែកជាង២៩លានដុល្លារដែរក្នុងកញ្ចប់ជំនួយមនុស្សធម៌ទៅឱ្យប៉ាគីស្ថាន។
គួរបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថានកំពុងអាក្រក់ទៅៗ។ ការធ្លាក់ចុះតម្លៃនៃរូបិយប័ណ្ណប៉ាគីស្ថានកំពុងធ្វើឱ្យតម្លៃការនាំចូលកាន់តែឡើងខ្ពស់ ហើយអាចនឹងធ្វើឱ្យ​អតិផរណា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ខណៈកន្លងមកប្រទេសនេះស្ថិតក្នុង​អតិផរណាកម្រិត​ខ្ពស់ស្រាប់​ជាង២៧ភាគរយណោះ៕
 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com