អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភាអ៊ុយក្រែន ទទួលស្គាល់ឯករាជ្យរបស់សាធារណរដ្ឋឆេឈ្នីដែលស្ថិតក្នុងទឹកដីរុស្ស៊ី
19, Oct 2022 , 5:19 pm        
រូបភាព
ស្រ្តីម្នាក់កាន់ទង់សាធារណរដ្ឋឆេឈ្នី។ រូបថត AFP
ស្រ្តីម្នាក់កាន់ទង់សាធារណរដ្ឋឆេឈ្នី។ រូបថត AFP
ដោយ:
សភាអ៊ុយក្រែន នៅថ្ងៃទី១៨ ខែតុលា ប្រកាសទទួលស្គាល់សាធារណរដ្ឋឆេឈ្នីជាទឹកដីគ្រប់គ្រងបណ្តោះអាសន្នដោយរុស្ស៊ី។ សេចក្តីសម្រេចដែលសភាអ៊ុយក្រែនអនុម័តនេះ ជាការប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីដែលមិនលើកលែងជាដាច់ខាតចំពោះការផ្តាច់ខ្លួនណាមួយ ខណៈសង្រ្គាមបានផ្ទុះឡើងពីរដងហើយនៅសតវត្សរ៍ទី១៩ និងទី២០ នៅពេលសាធារណរដ្ឋនេះប៉ុនប៉ងប្រកាសឯករាជ្យ។

 
ជាមួយសំឡេងគាំទ្រសរុប២៨៧នៃវត្តមានសមាជិកសភា៣៥២នាក់ សភាអ៊ុយក្រែននៅថ្ងៃទី១៨ ខែតុលា អនុម័តលើសេចក្តីសម្រេចមួយដែលគាំទ្រសាធារណរដ្ឋឆេឈិន ឬឆេឈ្នី ជាទឹកដីគ្រប់គ្រងបណ្តោះអាសន្នដោយរុស្ស៊ី។ 
 
សេចក្តីសម្រេចដែលសភាអ៊ុយក្រែនអនុម័តនោះ យោងតាមសេចក្តីប្រកាសរបស់សភាជាតិរបស់ប្រជាជនឆេឈ្នីនៅឆ្នាំ១៩៩០ស្តីពីការប្រកាសអធិបេតយ្យភាពរបស់រដ្ឋឆេឈ្នី ដោយផ្អែកលើគោលការណ៍សិទ្ធិស្វ័យសម្រេចរបស់ប្រជាជនឆេឈ្នី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការប្រកាសឯករាជ្យរបស់រដ្ឋនេះក្រោយសហភាពសូវៀតដួលរលំ។
 
សេចក្តីសម្រេចនេះដែរក៏បានថ្កោលទោសរុស្ស៊ីដែលអ៊ុយក្រែនចាត់ទុកថាជាឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងប្រជាជនឆេឈ្នីដែរ។ រុស្ស៊ី និងសាធារណរដ្ឋឆេឈ្នី ធ្វើសង្រ្គាមពីរដងនៅឆ្នាំ ១៩៩៤-១៩៩៦ និង១៩៩៩-២០០៩ នៅពេលរដ្ឋមួយនេះប៉ុនប៉ងប្រកាសឯករាជ្យ។ បច្ចុប្បន្ន សាធារណរដ្ឋនេះ គ្រប់គ្រងដោយមេដឹកនាំលោក Ramzan Kadyrov ដែលចាត់តាំងដោយរុស្ស៊ី។ 
 
ពាក្យទឹកដីគ្រប់គ្រងបណ្តោះអាសន្នដោយរុស្ស៊ីដែលអ៊ុយក្រែនប្រើសំដៅលើសាធារណរដ្ឋឆេឈ្នី នេះដូចទៅនឹងអ៊ុយក្រែនហៅទឹកដីរបស់ខ្លួនដែលត្រូវបានរុស្ស៊ីលេបដែររួមមានតំបន់គ្រីមេ សាធារណរដ្ឋដូណេត្យ សាធារណរដ្ឋលូហាន តំបន់ Kherson និងតំបន់ Zaporizhzhia៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com