អន្តរជាតិ
UN ចង់ឱ្យឥណ្ឌាជំរុញក្រុមប្រទេស G20 ដើម្បីជួយបណ្ដាប្រទេសជាប់បំណុលធ្ងន់ធ្ងរ
19, Oct 2022 , 9:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៩ ខែតុលា បានស្វែងរកការគាំទ្រពីឥណ្ឌាដើម្បីសម្របសម្រួលជាមួយប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿនទាំង២០ (G20) ឱ្យជួយប្រទេសកំពុងអភិវឌ្ឍជាច្រើនដែលជាប់បំណុលធ្ងន់ធ្ងរ។ ប្រទេសជិតខាងចំនួនបីរបស់ឥណ្ឌាកំពុងជាប់បំណុលធ្ងន់ធ្ងរ និងស្វែងរកប្រាក់កម្ចីបន្ថែម។



ឥណ្ឌា នាថ្ងៃទី១ ខែធ្នូខាងមុខ នឹងចូលកាន់តំណែងជាប្រធានកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចំនួន២០ (G20) បន្តពីឥណ្ឌូណេស៊ី។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៩ ខែតុលា បានអំពាវនាវឱ្យឥណ្ឌាជំរុញប្រទេស G20 ជួយប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលកំពុងផុងខ្លួននឹងបំណុលធ្ងន់ធ្ងរ។ 
 
ប្រទេសជិតខាងរបស់ឥណ្ឌារួមមាន ស្រីលង្កា ប៉ាគីស្ថាន និងបង់ក្លាដែស កំពុងជាប់បំណុលអន្តរជាតិរាប់ពាន់លានដុល្លារ ហើយកំពុងស្វែងរកប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បំណុលមិនអាចដោះស្រាយបានដោយសារបញ្ហាតម្លៃប្រេងឡើងខ្ពស់ធ្វើឱ្យពិបាកស្ដាសេដ្ឋកិច្ចឡើងវិញ ក្រោយខូចខាតអំឡុងរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩។ ដោយឡែក ប៉ាគីស្ថានវិញដែលជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក៏ត្រូវរងគ្រោះដោយទឹកជំនន់មួយជាន់ទៀតដែលធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ 
 
«ខ្ញុំពឹងលើការគាំទ្ររបស់ឥណ្ឌាក្នុងការប្រមូលផ្តុំប្រទេស G20 ឱ្យជួយជុំវិញបញ្ហាបន្ធូរបន្ថយបំណុល។ ប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងស្ថិតក្នុងវិបត្តិបំណុល ឬខ្លះកំពុងជិតធ្លាក់ចូលវិបត្តិបំណុល សុទ្ធតែទាមទារឱ្យមានសកម្មភាពពហុភាគី រួមទាំងការពង្រីកគំនិតផ្តួចផ្តើមរបស់ប្រទេស G20 ជុំវិញការផ្អាកសងបំណុលជាបណ្ដោះអាសន្ន»។ លោក ហ្គូតេរ៉េស ប្រាប់ក្រុមនិស្សិត និងសាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌានៅទីក្រុង Mumbai បែបនេះក្នុងទស្សនកិច្ចនៅឥណ្ឌា។ 
 
លោក ហ្គូតេរ៉េស សង្កត់ធ្ងន់ចំពោះបណ្ដាប្រទេស​អ្នកមានគួរ​តែ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ។ លើសពីនេះ ប្រមុខ UN ក៏បានជំរុញឱ្យឥណ្ឌាថ្កោលទោសអ្នកប្រើពាក្យសម្ដីបង្កការស្អប់ខ្ពើម ការពារសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស សិស្សានុសិស្ស និងធានាឯករាជ្យភាពស្ថាប័នតុលាការផងដែរ។ 
 
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅឥណ្ឌា លោក ហ្គូតេរ៉េស នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី រួមទាំងមានជំនួបដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីការបរទេស លោក S. Jaishankar នៅថ្ងៃទី២០ ខែតុលា ដើម្បីពិភាក្សាគ្នាពីបញ្ហាសកល និងពង្រឹងការចូលរួមរបស់ឥណ្ឌាជាមួយ UN៕ 
 

Tag:
 ឥណ្ឌា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com