អន្តរជាតិ
យ៉ាងហោច៨នាក់បានស្លាប់ក្នុងការបំផ្ទុះនៅពន្ធនាគារ Insein មីយ៉ាន់ម៉ា
19, Oct 2022 , 5:49 pm        
រូបភាព
មនុស្សយ៉ាងហោចណាស់៨នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បន្ទាប់ពីការផ្ទុះពីរលើកនៅក្នុងពន្ធនាគារ Insein ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងនៅមីយ៉ាន់ម៉ា។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា។



ព័ត៌មានជាភាសាភូមារបស់ BBC នៅថ្ងៃទី១៩ ខែតុលា រាយការណ៍ថា គ្រាប់បែកចំនួនពីរបានបំផ្ទុះនៅព្រឹកដដែល ដោយបានសម្លាប់បុគ្គលិកពន្ធនាគារចំនួន៣នាក់ រួមទាំងសាច់ញាតិអ្នកទោសដែលបានទៅពន្ធនាគារ​៥នាក់​ និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់ផ្សេងទៀតរងរបួស​។ ការផ្ទុះគ្រាប់បែកទាំង២ករណីនេះ បានផ្ទុះឡើងនៅបន្ទប់​ដាក់សំបុត្ររបស់ពន្ធនាគារ។
 
លើសពីនេះ សារព័ត៌មានក្នុងស្រុក Myanmar Now និង Khit Thit Media ក៏បានរាយការណ៍ស្រដៀងគ្នានេះដែរថា មានមនុស្ស ៨ នាក់បានស្លាប់ និង ១៥ នាក់រងរបួស។ យោងតាមសារព័ត៌មាន Myanmar Now គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្នុងអគារមួយដែលបុគ្គលិកទទួលបានកញ្ចប់ថែទាំសម្រាប់អ្នកទោស និងមួយទៀតបានបំផ្ទុះនៅខាងក្រៅអគារ។
 
ចំណែកប្រព័ន្ធផ្សព្វផ្សាយ Khit Thit ដែលបានដកស្រង់សេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ា បានរាយការណ៍ថា បុគ្គលិកយោធារបស់ពន្ធនាគារ ក៏បានបាញ់ប្រហារជាច្រើនគ្រាប់បន្ទាប់ពីការបំផ្ទុះ ហើយធ្វើឱ្យមនុស្សមួយចំនួនរងរបួសដោយសារគ្រាប់កាំភ្លើងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយ Khit Thit ក៏បានបន្តថា មកទល់ពេលនេះនៅ​មិន​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ទេ។
 
Insein ជាពន្ធនាគារដ៏ធំបំផុតរបស់ប្រទេស ដែលមានអ្នកទោសប្រហែល១ម៉ឺននាក់ ហើយភាគច្រើនជាអ្នកទោសនយោបាយ។ ជនបរទេសជាច្រើននាក់ក៏ត្រូវបានឃុំខ្លួននៅពន្ធនាគារផងដែរ រួមទាំងអ្នកកាសែតជប៉ុនលោក Toru Kubota ដែលត្រូវជាប់ពន្ធនាគាររយៈពេល១០ឆ្នាំបន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារកន្លងមក។
អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Vicky Bowman ក៏កំពុងជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដែរនៅ Insein ចំពោះការខកខានពីការបញ្ជាក់អាសយដ្ឋានត្រឹមត្រូវរបស់ខ្លួន។ 
 
យោងតាមកាសែត BBC ពន្ធនាគារដែលមានអាយុជាង១០០ឆ្នាំនៅជាយក្រុងយ៉ាំងហ្គោន ត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង និងល្បីល្បាញដោយសារការធ្វើបាបអ្នកទោស និងរបាយការណ៍ពីការធ្វើទារុណកម្មជាដើម​។
មនុស្សជាង ២ ពាន់នាក់ត្រូវបានសម្លាប់ និង ជាង១ម៉ឺន ៥ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបការបះបោរប្រឆាំងនឹងរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១ មក៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com