អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីរុស្ស៊ី ប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួន៤ ដែលទើបយកពីអ៊ុយក្រែន
20, Oct 2022 , 9:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាពយកពីវិមានក្រេមឡាំង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាពយកពីវិមានក្រេមឡាំង
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៩ ខែតុលា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួន៤ ដែលទើបផ្តាច់ចេញពីអ៊ុយក្រែន។ ច្បាប់អាជ្ញាសឹកនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា។ ព្រឹទ្ធសភាអ៊ុយក្រែន ត្រូវឯកភាពលើច្បាប់មួយនេះ មុនវាប្រើប្រាស់ជាផ្លូវការ។

 
ក្រោយរុស្ស៊ីបានដាក់តំបន់ចំនួន៤ ដូចជា តំបន់ Donetsk, តំបន់ Luhansk, តំបន់ Zaporizhzhia និងតំបន់ Kherson កម្លាំងអ៊ុយក្រែនបានដណ្តើមដែនដីខ្លះៗជាបន្តបន្ទាប់។ ទំនងពាក់ព័ន្ធនឹងការវាយបករបស់កម្លាំងយោធាអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសប្រើច្បាប់អាជ្ញាសឹកលើតំបន់ទាំងនោះ។ 
 
«ខ្ញុំចុះហត្ថលេខាលើក្រឹត្យ ដើម្បីប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ទាំង ៤ ដែលជាដែនដីរបស់សហព័ន្ធរុស្ស៊ី»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ ដោយបន្តថា រដ្ឋាភិបាលទីក្រុងកៀវ បានបដិសេធមិនទទួលស្គាល់ឆន្ទៈ និងជម្រើសរបស់ប្រជាជន ហើយបានបដិសេធសំណើទាំងឡាយ ក្នុងការចរចា។ 
 
ការលើកឡើងរបស់លោកពូទីនខាងលើ គឺសំដៅដល់ការធ្វើប្រជាមតិនៅក្នុងតំបន់ទាំងបួននាពេលកន្លងមក។ មិនតែប៉ុណ្ណោះ ដោយមានការវាយប្រហារពីអ៊ុយក្រែន ក្នុងកិច្ចប្រជុំដដែលនោះ លោកពូទីន បានចោទថា ក្រុងកៀវបានប្រើប្រាស់វិធីសាស្រ្តភេរវករ។ ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ីរូបនេះ បានបញ្ជាក់ថា អ៊ុយក្រែនបានបញ្ជូនក្រុមបំផ្លិចបំផ្លាញមកក្នុងដីខ្លួន ប៉ុន្តែត្រូវបានរុស្ស៊ីបង្អាក់មួយ បន្ទាប់ពីមានការវាយប្រហារលើស្ពានភ្ជាប់តំបន់គ្រីមេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Moscow Times។ 
 
តាមការបង្ហោះក្រឹត្យលើវេបសាយវិមានក្រេមឡាំង ច្បាប់អាជ្ញាសឹកនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២០ ខែតុលាទៅ។ ក្រោមច្បាប់រុស្ស៊ីមួយនេះ អាជ្ញាធរមានអំណាចខ្លាំង ក្នុងការដាក់ចេញបម្រាមគោចរ រឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេស រួមទាំងការត្រួតពិនិត្យដោយកម្លាំងយោធាជាដើម។ យ៉ាងណាមិញ ច្បាប់អាជ្ញាសឹកនេះ តម្រូវឱ្យមានការឯកភាពពីព្រឹទ្ធសភារុស្ស៊ី (The Federation Council) មុនវាត្រូវបានប្រើប្រាស់ជាផ្លូវការ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com