អន្តរជាតិ
ចិនសន្យាបន្តគាំទ្រពហុភាគីនិយម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសកល
20, Oct 2022 , 9:46 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ។ រូបថតក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ។ រូបថតក្រសួងការបរទេសចិន
អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន Wang Wenbin លើកឡើងនៅថ្ងៃទី១៩ ខែតុលាថា ទោះ​បី​ជា​ស្ថានភាពពិភពលោកផ្លាស់ប្តូរយ៉ាងណាក៏ដោយ ចិននឹងនៅតែប្តេជ្ញាចិត្តក្នុងការការពារ​ពហុភាគី​និយម លើកកម្ពស់អភិបាលកិច្ចសកល និងជំរុញកិច្ចសហប្រតិបត្តិការជាសកលផងដែរ។ លោក Wang ក៏​បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ចិនជាមួយស្ថាប័ន និងសមាគមអន្តរជាតិផងដែរ។

 
ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី១៩ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បញ្ជាក់ថា ចិនតែងតែឈរនៅលើជំហរមួយនៃ​ការឯកភាពគ្នានិង​កិច្ចសហប្រតិបត្តិ​ក្នុងការ​កែ​ល​ម្អប្រព័ន្ធអភិបាលកិច្ចសកលតាមរយៈការធ្វើកំណែទម្រង់ និងបានខិតខំកសាងទំនាក់ទំនង​អន្តរជាតិ​ប្រភេទថ្មីដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងយុត្តិធម៌។ 
 
បើតាមអ្នកនាំពាក្យដដែល ចិនក៏ជាអ្នកដែលជួយរក្សាសណ្ដាប់ធ្នាប់អន្តរជាតិបច្ចុប្បន្ន និងប្រកាន់ខ្ជាប់​យ៉ាងមុតមាំចំពោះប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិ (UN) និងអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO ។ លោក Wang សង្កត់ធ្ងន់ទៀតថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចិន​ក្លាយជាអ្នករួមចំណែកធំទីពីរដល់ UN និងការរក្សាសន្តិភាព ហើយបំពេញការប្តេជ្ញាចិត្ត​ក្នុង​ការ​ចូល​ជា​សមាជិក WTO ដោយបានកាត់បន្ថយកម្រិតពន្ធនាំចូលសរុបពី១៥,៣ភាគរយមក៧,៤ភាគរយ​។
 
ទន្ទឹមនេះ មន្រ្តីដដែលលើកឡើងថា ចិនបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ UN និង​បានរួមចំណែកជាមធ្យម៣៨,៦ភាគរយដល់កំណើនសេដ្ឋកិច្ចពិភព​លោកសម្រាប់​រយៈ​ពេល​មួយ​ទសវត្សរ៍កន្លងមកនេះ។ ចិនក៏ជាអ្នករួមចំណែកធំបំផុតនៃកងទ័ពរក្សាសន្តិភាពក្នុងចំណោមសមាជិក​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN ហើយចូលរួមដោះស្រាយបញ្ហាជាច្រើន។
 
អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបញ្ជាក់តទៀតថា ក្នុងនាមជាអ្នកគាំទ្រការកែលម្អប្រព័ន្ធ​អភិបាលកិច្ចសកល ចិនបានជំរុញឱ្យមានគោលគំនិតនៃអភិបាលកិច្ចសកលដោយផ្អែកលើ​គោលការណ៍នៃការពិគ្រោះយោបល់ទូលំទូលាយ ការរួមចំណែករួម និងអត្ថប្រយោជន៍រួម៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com