អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពានរង្វាន់សេរីភាពរបស់អឺរ៉ុបឆ្នាំ២០២២ បានទៅប្រជាជនអ៊ុយក្រែនដែលតស៊ូប្រឆាំងរុស្ស៊ី
20, Oct 2022 , 1:59 pm        
រូបភាព
ទង់ជាតិអ៊ុយក្រែននៅរដ្ឋធានីកៀវ។ រូបថត AFP
ទង់ជាតិអ៊ុយក្រែននៅរដ្ឋធានីកៀវ។ រូបថត AFP
ដោយ:
សភាអឺរ៉ុប នៅថ្ងៃទី១៩ ខែតុលា ប្រគល់ពានរង្វាន់សេរីភាពខាងការគិត Sakharov ប្រចាំឆ្នាំរបស់ខ្លួនទៅប្រជាជនអ៊ុយក្រែនដើម្បីជាកិត្តិយសដល់ពលរដ្ឋអ៊ុយក្រែនដែលប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៊ីជិត៨ខែទៅហើយ។

 
«ពួកគេក្រោកឈរឡើងចំពោះអ្វីដែលពួកគេជឿទុកចិត្ត។ ប្រយុទ្ធគាំទ្រគុណតម្លៃរបស់យើង។​ ការពារប្រជាធិបតេយ្យ សេរីភាព និងនិតីរដ្ឋ។ ប្រថុយជីវិតរបស់ពួកគេសម្រាប់យើង»។ ប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola លើកឡើងបែបនេះនៅពេលប្រកាសម្ចាស់ពានរង្វាន់ Sakharov នាថ្ងៃទី១៩ ខែតុលា។ 
 
បើតាមប្រធានសភាអឺរ៉ុប គ្មាននរណាផ្សេងដែលសមទទួលពានរង្វាន់នេះទេ។ ពានរង្វាន់សេរីភាពខាងការគិតរបស់អឺរ៉ុបនេះភ្ជាប់មកជាមួយទឹកប្រាក់៥ម៉ឺនអឺរ៉ូ (ប្រហែល៤៩១០០ដុល្លារ) ដែលនឹងត្រូវផ្តល់ទៅអ្នកតំណាងសង្គមស៊ីវិលអ៊ុយក្រែន។ 
 
ពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាមសកម្មជនជនជាតិសូវៀតម្នាក់លោក Andrei Sakharov ដែលរើបង្រះប្រឆាំងនឹងការរំលោភអំណាច និងសិទ្ធិមនុស្សនៅសហភាពសូវៀត។ ពានរង្វាន់ Sakharov ត្រូវបានប្រគល់ដោយសភាអឺរ៉ុបជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៨៨ ដល់បុគ្គល និងអង្គការណាដែលការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។
 
កាលពីឆ្នាំមុន ពានរង្វាន់នេះត្រូវបានប្រគល់ឱ្យជនជាតិរុស្ស៊ីលោក Alexei Navalny ដែលជាប់គុក ដោយសាររិះគន់ប្រឆាំងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជុំវិញការក្តោបក្តាប់ និងប្រមូលផ្តុំអំណាចជាង១០ឆ្នាំ។ ម្ចាស់ពានរង្វាន់នៅឆ្នាំមុនៗទៀតរួមមានក្រុមប្រឆាំងដើម្បីប្រជាធិបតេយ្យនៅបេឡារុស, សកម្មជនប៉ាគីស្ថាន លោកស្រី Malala Yousafzai និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Nelson Mandela៕
 

Tag:
 អឺរ៉ុប
  អ៊ុយក្រែន
  រុស្សី
© រក្សាសិទ្ធិដោយ thmeythmey.com