អន្តរជាតិ
មន្រ្តីសន្តិសុខជាតិតៃវ៉ាន់៖ លោក ស៊ី នឹងចាញ់ បើហ៊ានវាយតៃវ៉ាន់
20, Oct 2022 , 3:09 pm        
រូបភាព
យោធាចិនក្នុងសមយុទ្ធកន្លងមក។ រូបថត Xinhua
យោធាចិនក្នុងសមយុទ្ធកន្លងមក។ រូបថត Xinhua
ដោយ:
 ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងក្លាយជាមនុស្សប្រព្រឹត្តបាបកម្មដាក់ប្រជាជនចិនទាំងអស់ ប្រសិនបើលោកហ៊ានវាយប្រហារតៃវ៉ាន់ទៅតាមការគំរាមកន្លងមក។ មិនតែប៉ុណ្ណោះ លោក ស៊ី ក៏មិនអាចគេចពីទណ្ឌកម្មអន្តរជាតិបានដែរ។ មន្រ្តីសន្តិសុខជាតិជាន់ខ្ពស់តៃវ៉ាន់លោក Chen Ming-tong លើកឡើងបែបនេះនៅថ្ងៃទី២០ ខែតុលា។

 
ជាងពីរឆ្នាំចុងក្រោយនេះ ចិនបង្កើនសម្ពាធយ៉ាងខ្លាងលើតៃវ៉ាន់ទាំងនយោបាយ យោធា និងសេដ្ឋកិច្ចដើម្បីកំហិតកោះនេះពីការប្រកាសឯករាជ្យ។ បើទោះមិនចោលគំនិតប្រើកម្លាំងយោធាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំងប្រកាសម្តងហើយម្តងទៀតថានឹងរួបរួមតៃវ៉ាន់ដោយសន្តិវិធី។ ប៉ុន្តែ រដ្ឋាភិបាលក្រុងតៃប៉ិប្រឆាំងដាច់ខាតលើការបង្រួបបង្រួមនេះដោយវាអាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់។
 
ថ្លែងទៅកាន់អ្នកកាសែតក្រៅកិច្ចប្រជុំសភាថ្ងៃទី២០ ខែតុលា ប្រធានការិយាល័យសន្តិសុខជាតិតៃវ៉ាន់លោក Chen Ming-tong ព្រមានថា ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងជួបបញ្ហា ប្រសិនបើវាយប្រហារតៃវ៉ាន់តាមការគំរាម។ 
 
«លោក ស៊ី នឹងចាញ់ក្នុងការប៉ុនប៉ងបង្រួបបង្រួមជាតិសាសន៍ចិន ហើយនឹងក្លាយជាមនុស្សមានបាបសម្រាប់ប្រជាជនចិន»។ លោក Chen ថ្លែងបែបនេះដោយបញ្ជាក់ថា ការប្រើកម្លាំងវាយប្រហារតៃវ៉ាន់គ្មានលទ្ធភាពទទួលបានជ័យជម្នះទេ ហើយចិនថែមទាំងរងទណ្ឌកម្ម ហើយផាត់ចេញពីសហគមន៍អន្តរជាតិទៀត។
 
សូមបញ្ជាក់ថា នាថ្ងៃបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថ្ងៃទី១៦ ខែតុលា ប្រធានាធិបតីចិន ប្រកាសថាការដោះស្រាយបញ្ហាតៃវ៉ាន់នេះគឺអាស្រ័យលើប្រជាជនចិន ហើយនឹងព្យាយាមរកដំណោះស្រាយប្រកបដោយសន្តិវិធី។ ប៉ុន្តែលោកក៏ប្រកាសដែរថា ចិនមិនដែលប្ដេជ្ញាចិត្តមិនប្រើកម្លាំងវាយដណ្ដើមតៃវ៉ាន់ឡើយ។
 
កន្លងមក ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ទទូចជាញយៗឱ្យភាគីចិនបន្តកិច្ចចរចាដោយផ្អែកលើគោលការណ៍នៃភាពស្មើគ្នា និងការគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែទីក្រុងប៉េកាំងតែងច្រានចោលសំណើនេះ ដោយអំពាវនាវឱ្យលោកស្រីទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិនជាមុនសិន មុនបន្តការចរចា៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com