អន្តរជាតិ
ក្រោយលោកស្រី Truss ចុះពីតំណែង អាម៉េរិកប្ដេជ្ញារក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអង់គ្លេស
×
សេតវិមាន នៅថ្ងៃទី២០ ខែតុលា បញ្ជាក់ពីការបន្តទំនាក់ទំនងជិតស្និទ្ធរវាងអាម៉េរិកជាមួយចក្រភពអង់គ្លេស និងមេដឹកនាំថ្មីដែលនឹងបន្តតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss ដែលទើបលាលែង។
«ប្រទេសរបស់យើងតែងតែមានទំនាក់ទំនងពិសេសជាមួយចក្រភពអង់គ្លេសដោយមិនគិតពីការជាប់ពាក់ព័ន្ធរបស់ប្រធានាធិបតីរបស់យើង ឬនយោបាយរបស់នាយករដ្ឋមន្ត្រីរបស់ប្រទេសមួយនេះ»។ ប្រធានបុគ្គលិកសេតវិមាន Ron Klain ប្រាប់ទូរទស្សន៍ MSNBC នៅក្នុងបទសម្ភាសមួយនៅថ្ងៃទី២០ ខែតុលាបែបនេះ។
បញ្ហាជាច្រើនរួមទាំងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជាផ្នែកមួយដែលសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រទាំងពីរនឹងបន្តធ្វើការដោះស្រាយរួមគ្នា។ លោក Klain ក៏អះអាងថា អាម៉េរិក នឹងធ្វើការយ៉ាងស្អិតល្មួតជាមួយមេដឹកនាំអង់គ្លេសថ្មី។
គួរបញ្ជាក់ថា លោកស្រី Truss ប្រកាសពីការចាកចេញពីតួនាទីជាប្រធានបក្សអភិរក្សនិយមនៅថ្ងៃទី២០ ខែតុលា។ ពោល គឺ៤៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានចូលកាន់តំណែង។ បញ្ហាចម្បងដែលជំរុញឱ្យលោកស្រីចុះចេញពីតំណែងគឺមកពីការបរាជ័យផែនការក្នុងការកាត់បន្ថយពន្ធដែលបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុរហូតនាំឱ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សផ្ទាល់តែម្ដង។
បក្សកាន់អំណាចអង់គ្លេស នឹងចាប់ផ្ដើមនីតិវិធីជ្រើសរើសមេដឹកនាំថ្មីនៅសប្ដាហ៍ក្រោយ ហើយលោកស្រី Truss នឹងបន្តកាន់តំណែងនាយករដ្ឋមន្រ្តីរហូតមានអ្នកជំនួស៕
© រក្សាសិទ្ធិដោយ thmeythmey.com