អន្តរជាតិ
កងទ័ពកូរ៉េខាងត្បូង សម្លឹងរកប្រព័ន្ធស្ទាក់ចាប់មីស៊ីលកម្រិតខ្ពស់ប្រឆាំងនឹងមីស៊ីលកូរ៉េខាងជើង
× យោធាកូរ៉េខាងត្បូងនៅថ្ងៃទី២០ ខែតុលាប្រកាសថា កំពុងជំរុញឱ្យមានការទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីលកម្រិតខ្ពស់ដើម្បីប្រឆាំងនឹងការវិវត្តនៃការគំរាមកំហែងរបស់មីស៊ីល និងកាំភ្លើងធំកូរ៉េខាងជើង។
យោធាកូរ៉េខាងត្បូងបង្ហាញពីផែនការក្នុងការទទួលបានប្រព័ន្ធការពារមីស៊ីលរយៈកម្ពស់ទាប LAMD-II ដែលអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទីកកូរ៉េខាងជើងថ្មីរួមមាន KN-23 និង KN-24 និងគ្រាប់រ៉ុក្កែតកាំភ្លើងធំទំនើប។ ប្រព័ន្ធខែលមីស៊ីល LAMD-II ជាប្រព័ន្ធថ្មីដែលកែប្រែពីប្រព័ន្ធចាស់ LAMD ដែលទីក្រុងសេអ៊ូលនឹងអភិវឌ្ឍនៅឆ្នាំ២០២៩។
បន្ថែមពីនេះ យោធាកូរ៉េខាងត្បូងបន្តថា ពួកគេវាក៏កំពុងរៀបចំផែនការសម្រាប់ការអភិវឌ្ឍដំបូងនៃមីស៊ីលយុទ្ធសាស្រ្ត KTSSM-II ។ ប្រព័ន្ធមីស៊ីលនេះ ជាផ្នែកមួយនៃកិច្ចខិតខំធានាឱ្យបានសមត្ថភាពវាយប្រហារជាមុនប្រឆាំងនឹងកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងត្បូងមានបំណងអភិវឌ្ឍមីស៊ីល KTSSM-II នៅឆ្នាំ ២០៣០ លឿនជាងឆ្នាំគោលដៅដំបូងរបស់ខ្លួននៅឆ្នាំ២០៣៤ ។
ស្របពេលជាមួយគ្នានេះ យោធាកូរ៉េខាងត្បូងក៏កំពុងស្វែងរកការបង្កើតទីបញ្ជាការអភិវឌ្ឍសមត្ថភាព (Combat Capability Development Command) សម្រាប់ពេលអនាគត និងកែប្រែទៅជាអង្គការស្រាវជ្រាវឯកទេសមួយ។
ការជំរុញរបស់កងទ័ពក្នុងការអភិវឌ្ឍប្រព័ន្ធការពារថ្មីកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាងថ្មីៗនេះបានបង្កើនភាពតានតឹងក្នុងតំបន់ជាមួយនឹងការបង្កហេតុជាបន្តបន្ទាប់រួមទាំងការបាញ់កាំភ្លើងធំរាប់រយគ្រាប់ចូលទៅក្នុងតំបន់ការពារដែនសមុទ្រកាលពីដើមសប្តាហ៍នេះ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com