អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ ត្រូវបានហាមឃាត់ឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់។ រូបថត AFP
×
ដោយ៖ ហ៊ួយ ស៊ីវលី
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន (ECP) ដកសិទ្ធិពីការឈរឈ្មោះក្នុងតំណែងនយោបាយរយៈពេល៥ ឆ្នាំក្រោមការចោទប្រកាន់ថាបានផ្តល់ពត៌មានមិនត្រឹមត្រូវនៃអំណោយ ដែលលោកទទួលបានពីមេដឹកនាំបរទេសអំឡុងពេលកាន់អំណាច។ ការសម្រេចដកសិទ្ធិនេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា។ នេះបើតាមកាសែត Dawn របស់ប៉ាគីស្ថាន។
ក្រោយពីត្រូវបានទម្លាក់ចេញពីតំណែងនៅខែមេសា ឆ្នាំ២០២២ ដោយសារការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងរដ្ឋសភា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ តែងតែចេញរិះគន់យ៉ាងខ្លាំងលើរដ្ឋាភិបាល។ ការរិះគន់របស់លោកធ្លាប់ត្រូវបានប៉ូលិសប៉ាគីស្ថានបើកការស៊ើបអង្កេតផងដែរនៅខែសីហា ពីបទបំពានច្បាប់ប្រឆាំងភេវរកម្ម។
សេចក្តីសម្រេចជាលាយលក្ខណ៍អក្សររបស់គណៈកម្មធិការរៀបចំការបោះឆ្នោតនៅថ្ងៃទី២១ ខែតុលា បញ្ជាក់ថា លោក ខាន់ ត្រូវហាមមិនឱ្យឈរឈ្មោះក្នុងតំណែងនយោបាយរយៈពេល៥ ឆ្នាំ ដោយលោកបានផ្តល់ពត៌មានមិនត្រឹមត្រូវឱ្យទៅគណៈកម្មាធិការក្នុងសេចក្តីថ្លែងការណ៍នៃទ្រព្យសកម្ម និងបំណុលសម្រាប់ឆ្នាំ២០២០-២០២១ លើអំណោយដែលលោកទទួលបានពីមេដឹកនាំបរទេសអំឡុងពេលកាន់អំណាច។ នេះបើតាមកាសែត Dawn របស់ប៉ាគីស្ថាន។
លោក ខាន់ នៅខែកញ្ញា សារភាពថា លោកបានលក់អំណោយទាំងនោះយ៉ាងតិចចំនួន៤។ ហេតុនេះហើយទើបលោកត្រូវបានចោទប្រកាន់ថាបានធ្វើសេចក្តីថ្លែងការណ៍មិនពិត និងការប្រកាសព័ត៌មានមិនត្រឹមត្រូវ។ គណៈកម្មាធិការនេះអះអាងថា វាជាការប្រព្រឹត្តបទល្មើសអនុវត្តអំពើពុករលួយ ដែលមានចែងក្នុងមាត្រា១៦៧ និង១៧៣ នៃច្បាប់បោះឆ្នោតឆ្នាំ ២០១៧។
ជុំវីញរឿងនេះ សមាជិកព្រឹទ្ធសភាលោក Syed Ali Zafar និងជាមេធាវីតំណាងឱ្យលោក ខាន់ បដិសេធការសម្រេចនេះ។
«តាមគំនិតរបស់បក្ស PTI ដែលជាបក្សដឹកនាំដោយលោក ខាន់ គណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន មិនមែនជាតុលាការទេ ដូច្នេះហើយពួកគេមិនអាចប្រកាសដកសិទ្ធិនរណាម្នាក់ឡើយ»។ លោកនិយាយបែបនេះក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែលមុនសេចក្តីសម្រេចចេញផ្សាយ។
បន្ទាប់ពីសេចក្តីសម្រេចចេញផ្សាយ អ្នកគាំទ្ររបស់លោក ខាន់ រាប់សិបនាក់បានចេញធ្វើបាតុកម្មតាមផ្លូវនៅតំបន់មួយចំនួនដូចជា Peshawar, Lahore, និងIslamabad ជាដើម។ រីឯ សមាជិកសភាមកពីគណបក្ស PTI ទាំងអស់បានលាឈប់ពីរដ្ឋសភាប៉ាគីស្ថានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com