ជាតិ
សេដ្ឋកិច្ច
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បើកការចរចាផ្លូវការ​​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយ
25, Oct 2022 , 2:29 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ និង លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម កំពុងប្តូរឯកសារគ្នានៃការប្រកាសចរចាផ្លូវការលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ រូបថត៖ សភាពាណិជ្ជកម្មកម្ពុជា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ និង លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម កំពុងប្តូរឯកសារគ្នានៃការប្រកាសចរចាផ្លូវការលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ រូបថត៖ សភាពាណិជ្ជកម្មកម្ពុជា
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម​ ចាប់ផ្តើមចរចា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម  វិនិយោគ និងកំណើនសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។ កិច្ចចរចានេះ ត្រូវបានប្រកាសជាផ្លូវការនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី២៤តុលា ឆ្នាំ២០២២។​

 
កិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយ(Comprehensive Economic Partnership Agreement/ CEPA) ជាកិច្ចព្រមព្រៀងថ្មីមួយទៀត​ ដែលកម្ពុជាសម្រេចបើកការចរចាជាមួយអេមីរ៉ាតអារ៉ាប់រួម​ ក្នុងគោលដៅធ្វើពិពិធកម្មទីផ្សារនាំចេញ។  ពិធីប្រកាសបើកការចរចា​ជា​ផ្លូវការនេះ គឺធ្វើឡើងក្រោម​វត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ និង លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី ( Thani bin Ahmed AI Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន​ The National គោលបំណងនៃការចរចាលើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយនេះ គឺ​ជំរុញ​ពាណិជ្ជកម្ម​(មិនមែន​ប្រេង) ​ទ្វេភាគី​ឱ្យកើន ​ដល់​១​ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ទៀត។ Thani Al Zeyoudi បាននិយាយថា ពាណិជ្ជកម្មរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានកើនឡើង៤០ភាគរយ​ នារយៈពេល៨ខែមកនេះក្នុងទំហំទឹកប្រាក់ ២៧៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។ លោក រំពឹង ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនដល់ ៣៥០លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២២។​
 

 
កាសែតដដែលរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានស្រង់សម្តីវេជ្ជបណ្ឌិត Al Zeyoudi មកចុះផ្សាយក្នុងន័យដើមថា៖ «ថ្ងៃនេះ[ថ្ងៃទី២៤តុលា] និងសប្តាហ៍នេះ នឹងក្លាយជាជុំទីមួយនៃការចរចា ហើយផ្អែកលើនោះ យើងនឹងវាយតម្លៃថា តើយើងអាចបន្តទៅមុខបានលឿនប៉ុនណា» ។ លោក បានបញ្ជាក់យ៉ាងដូច្នេះ៖ «ចាប់តាំងពីការរៀបចំដំបូង ខ្ញុំគិតថាយើងអាចផ្លាស់ទីបានយ៉ាងឆាប់រហ័ស» ។
 
ការចរចារពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, សន្តិសុខស្បៀង ថាមពលដែលកកើតឡើងវិញ និងផ្តោតលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ...ជាដើម។​ លោក Al Zeyoudi រំពឹងការចរចា​​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយរ​វាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនេះ នឹងត្រូវបញ្ចប់ ក្នុងរយៈ៣ទៅ៦ខែ​ យ៉ាងយូរ។ 
សម្រាប់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងប្រទេសពីរ បន្ទាប់ពីកិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយ បានបញ្ចប់ដោយជោគជ័យ។  លោក​ បានថ្លែងថា​៖« ប្រទេសរបស់យើង មានធនធានធម្មជាតិ និងផលិតផលកសិកម្មជាច្រើន ដែលយើងអាចលក់ដោយផ្ទាល់ទៅកាន់មជ្ឈិមបូព៌ាប្រទេស ជាពិសេសប្រទេសអារ៉ាប់រួម»។
 
បើតាមលោក ប៉ាន សូរស័ក្តិ ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយនេះ គឺមានលក្ខណៈពិសេសសម្រាប់កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ព្រោះកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងរបស់ទាំងពីរ និងលើកទំនងទំនាក់ទំនងដែលកំពុងរីកចម្រើនក្នុងពិភពអារ៉ាប់ និងអាស៊ាន។ បច្ចុប្បន្ន តំបន់ទាំងពីរនេះ  គឺស្ថិតក្នុងចំណោមតំបន់ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក ដូចនេះ មានកាលានុវត្តភាពជាច្រើនដែលភាគីទាំងពីរអាចច្បាមយកសម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចប្រទេសរៀងៗខ្លួន។
 
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា សង្ឃឹមថា អេមីរ៉ាតអារ៉ាប់រួមអាចជួយកម្ពុជាក្នុងការពន្លឿនសេដ្ឋកិច្ចឌីជីថល ហើយថែមទាំងដើរតួជាវេទិកាសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងការជំរុញទំនាក់ទំនងរបស់កម្ពុជា​ជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកឱ្យបានកាន់តែទូលំទូលាយ។​​ 
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ក្នុងដំណើរការចរចា Cambodia-UAE CEPA ជុំទីមួយ គឺប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៤ដល់២៦តុលា ដែលភាគីកម្ពុជា​ ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ខណៈភាគីអេមីរ៉ាតអារ៉ាប់រួម ដឹកនាំដោយលោក ជូម៉ា ម៉ូហាមេដ​ អាល់ កាត (Juma Mohammed AI Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម៕  
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com