ស៊ីហ្គេម២០២៣
កីឡាជាតិ
ជាតិ
​លោក វ៉ាត់ ចំរើន៖ កីឡាជាតិលើកទី៣ ជាព្រឹត្តិការណ៍សម្រួចគោលដៅទៅស៊ីហ្គេម២០២៣
25, Oct 2022 , 3:29 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC (ឆ្វេង) ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបើក-បិទ្ធព្រឹត្តិការណ៍កីឡាជាតិលើកទី៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC (ឆ្វេង) ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបើក-បិទ្ធព្រឹត្តិការណ៍កីឡាជាតិលើកទី៣។
ដោយ:
កីឡាជាតិលើកទី៣ ជាព្រឹត្តិការណ៍ដើម្បីសម្រួចទៅដល់ការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឱ្យស្របតាមស្តង់ដារអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC)ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបើក-បិទកីឡាជាតិលើកទី៣ នៅថ្ងៃទី២៥ ខែតុលា នៅទីស្នាក់ការ NOCC។

 
មនុស្សជាង៤ម៉ឺននាក់នឹងចូលរួមក្នុងពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២១ ខែវិច្ឆិកា។ កម្មវិធីនេះ មានការយកចិត្តទុកដាក់យ៉ាងមុតមាំពីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ហើយក៏មានការសហការពីគណៈកម្មាធិការជាតិCAMSOC ផងដែរ។
 
កិច្ចការទាំងអស់គឺបានបែងចែកតាមផ្នែករួចរាល់ហើយ តាមអ្វីដែលគ្រប់ផ្នែកពាក់ព័ន្ធបានទទួលតាមផែនការ ក្នុងគោលដៅធ្វើបែបណារៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នេះឱ្យមានស្តង់ដារតាមបែបអន្តរជាតិដើម្បីផ្តល់ភាពងាយស្រួលដល់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្រ្តនៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOC បាននិយាយថា៖«ការរៀបចំកីឡាជាតិលើកទី៣ នេះត្រូវដឹកនាំដោយក្រសួងអប់រំយុវជន និងកីឡា ហើយគណៈកម្មការជាតិអូឡាំពិក ក៏ដូចជាCAMSOC បានទទួលលិខិតជួយសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា ដើម្បីឱ្យកីឡាជាតិរបស់យើង មានលំនាំ ឬការរៀបចំស្របតាមកម្រិតហ្គេមអន្តរជាតិ»។ 
 
ប្រភេទកីឡាចំនួន៣៨ និងកីឡាប៉ារ៉ាឡាំពិកចំនួន៧ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិលើកទី៣។ កម្មវិធីបើក នឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិឆ្ឆិកា វេលាម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានមរតកតែជោ និងពិធីបិទ ធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានមរតកតេជោ ដដែល។
 
គួរបញ្ជាក់បន្ថែមផងដែរថា នៅក្នុងពិធីបើកបិទ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នឹងមាននារីចំនួន៥០០នាក់ រាំចង្វាក់បែបប្រពៃណីខ្មែរ ដូចជា រាំចង្វាក់រាំវង់ ឡាំលាវ និងសារាវ៉ាន់...៕
 

Tag:
 កីឡាជាតិលើកទី៣
 ស៊ីហ្គេម
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com