ជាតិ
NGO៖ ការតវ៉ាប្រឈមមុខផ្លូវច្បាប់ ធ្វើឱ្យពលរដ្ឋបាក់ស្បាត ខណៈសិទ្ធិបញ្ចេញមតិក៏រួមតូច
27, Oct 2022 , 8:59 pm        
រូបភាព
អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់យុវជន ខឹម សុផាត មើលរូបសុផាត តែសល់តែមួយសន្លឹក ជារូបថតកាតសិស្សរៀនកាលពីថ្នាក់បឋម។
អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់យុវជន ខឹម សុផាត មើលរូបសុផាត តែសល់តែមួយសន្លឹក ជារូបថតកាតសិស្សរៀនកាលពីថ្នាក់បឋម។
ភ្នំពេញ៖ សង្គមស៊ីវិលឃើញថា សិទ្ធិបញ្ជេញមតិ តាមរយៈការតវ៉ា ពុំសូវមានប្រសិទ្ធិភាព និងកាន់តែរួមតូចទៅៗ ខណៈគ្រួសារជនរងគ្រោះ មានភាពបាក់ស្បាត ព្រោះពុំអាចរកយុត្តិធម៌បាន។ តែរដ្ឋាភិបាលច្រានចោល។ 

 
បាត់កូន៩ឆ្នាំ ក្នុងព្រឹត្តិការណ៍តវ៉ា កាលពី២០១៤
 
«ខ្ញុំគ្មានសង្ឈឹមរកកូនឃើញវិញទេ! ជិត៩ឆ្នាំនេះ បើស្លាប់ឲ្យឃើញសពឬឲ្យមានឆ្អឹង ទុកធ្វើបុណ្យផងចុះ ក៏ខ្ញុំអស់ចិត្តដែរ»។ ជាសំឡេងខ្សាវៗ ដែលនិយាយទាំងទឹកភ្នែក របស់អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់យុវជន ខឹម សុផាត ដែលបានបាត់ខ្លួនក្នុងហេតុការណ៍តវ៉ា និងបង្ក្រាបកម្មករ នៅលើផ្លូវវេងស្រេង កាលពីដើមឆ្នាំ២០១៤ ។ 
 
អ្នកស្រី លក្ខិណា អង្គុយខាងមុខផ្ទះ ពុំបានងើបមុខឡើងជិត១ម៉ោង។ បរិយាកាសក្នុងផ្ទះ អ្នកស្រី នៅភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសភាពស្ងប់ស្ងាត់ ពុំមានកូនចៅអ៊ូអរឡើយ។ ម្ដាយរបស់ សុផាត ឈ្ងោកមុខចុះ ទាំងទឹកមុខក្រៀមក្រំ ហើយស្រក់ទឹកភ្នែក នៅពេលឮអ្នកសារព័ត៌មានសួរថា បាត់ដំណឹងកូនជិត៩ឆ្នាំមកនេះ តើអ្នកស្រី ធ្លាប់បោះបង់ចិត្ត ឈប់ស្វែងរកកូនឬទេ មកដល់សព្វថ្ងៃនេះ?


អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់យុវជន ខឹម សុផាត ស្រក់ទឹកភ្នែកពេលរំលឹករឿងរ៉ាវ យុវជន សុផាត ដែលបាត់ខ្លួនក្នុងហេតុការណ៍ផ្លូវវេងស្រេង។ 
 
ដៃកាន់និងសម្លឹងរូបថតកូន អ្នកស្រី លក្ខិណា បានរំលឹករឿងរ៉ាវចាស់ៗជាច្រើន ហើយនិយាយទាំងស្រងូតស្រងាត់ថា ក្នុងរយៈពេល២ ទៅ៣ឆ្នាំ បន្ទាប់ពីបាត់កូន អ្នកស្រីនិងប្ដី តាមរកកូនគ្រប់ច្រកល្ហក សូម្បីតាមវត្តអារាម ឲ្យតែឮថាសពគ្មានសាច់ញាតិត្រូវបានបញ្ជូនកាន់វត្ត ព្រោះសង្ស័យថា អាចជាកូនរបស់ខ្លួន។ 
 
កន្លងមកក៏ធ្លាប់មានកម្មករនិងពលរដ្ឋ ដែលស្ថិតក្នុងហេតុការណ៍ប៉ះទង្វិះគ្នានៅផ្លូវវេងស្រេង ប្រាប់ថា ឃើញយុវជន សុផាត ត្រូវគ្រាប់កាំភ្លើង ដេកដួលលើផ្លូវ ហើយក៏ឃើញកងកម្លាំងលើកដាក់ឡានដែរ។ នេះបើតាមអ្នកស្រី លក្ខិណា រៀបរាប់ទាំងទឹកមុខសោកសៅ។ 
 
យ៉ាងណាក្ដី ស្ត្រីវ័យ៤៥ឆ្នាំ ពាក់អាវផ្កាឈូក មានរាងស្គមនិងសម្បុរស្រអែមរូបនេះ នៅតែចិញ្ចឹមចិត្ត ចង់ជួបកូន ឬដឹងដំណឹងកូនដដែល ដើម្បីឲ្យច្បាស់ថា កូនទៅដល់ទីណា និងមានរឿងអ្វីឲ្យពិតប្រាកដ។ 
 
«បើកូននៅរស់មែន វាផ្ដល់ដំណឹងមកផ្ទះវិញហើយ! ប៉ុន្តែឲ្យតែដឹងថា កូននៅរស់ នៅកន្លែងណាក៏ខ្ញុំតស៊ូទៅជួបកូនដែរ មិនថាឆ្ងាយយ៉ាងណា ដល់ណាទេ! ខ្ញុំសុខចិត្តសន្សំលុយធ្វើដំណើរទៅ! »។ ជាអារម្មណ៍អ្នកស្រី លក្ខណា ដែលកំពុងនឹករលឹកកូន។ 
 
ដើម្បីតាមរកកូននិងយុត្តធម៌ គ្រួសារកសិករមួយនេះ បានហែលឆ្លងបញ្ហាប្រឈមហូរហែ ដោយសារខ្លួនពុំសូវយល់ដឹងផ្លូវច្បាប់។ តែយ៉ាងណាអ្នកស្រី ក៏បានទទួលការគាំទ្រច្រើនពីអង្គការសង្គមស៊ីវិល លើការប្រឹក្សាយោបល់ផ្នែកច្បាប់ ។ ចំណែកភាគីរដ្ឋាភិបាល ក៏ធ្លាប់អញ្ជើញគ្រួសារអ្នកស្រី ទៅសាកសួរនាំជុំវិញករណីបាត់កូន ក្នុងហេតុការណ៍តវ៉ានេះ នៅក្រសួងមហាផ្ទៃ ដែរ។ 
 
មកដល់ពេលនេះ អ្នកស្រី លក្ខិណា ហាក់អស់សង្ឃឹមក្នុងការស្វែងរកកូន ដោយសារពេលវេលាចេះរំកិលទៅមុខ ៩ឆ្នាំហើយ ដោយបានត្រឹមតែធ្វើបុណ្យឲ្យកូនជារៀងរាល់ឆ្នាំប៉ុណ្ណោះ។ 
  
ភាពបាក់ស្បាត និងស្ថានភាពគ្រួសារជនរងគ្រោះ 
 
មុនពេលកូនប្រុសបាត់ខ្លួនក្នុងហេតុការណ៍តវ៉ា កាលពីឆ្នាំ២០១៤នោះ អ្នកស្រី អ៊ីន លក្ខណា តែងតែទទួលបានថវិកាពីយុវជន ខឹម សុផាត ជិត៤០ម៉ឺនរៀលក្នុងមួយខែ ។ ប៉ុន្តែពេលនេះ អ្នកស្រី លក្ខណា មិនអាចបានចំណូលពីកូន ៤០ម៉ឺនរៀលនេះទៀតឡើយ ខណៈបំណុលជាប់ខ្លួនជាង១ម៉ឺនដុល្លារ។  
 
ជារៀងរាល់ថ្ងៃ ម្ដាយសុផាត មិនហ៊ានចំណាយឲ្យលើសពី២ម៉ឺនរៀលនោះទេ ព្រោះអ្នករកចំណូលមានតែប្ដី និងកូនស្រីច្បងម្នាក់ទៀតប៉ុណ្ណោះ គួបផ្សំនឹងការចិញ្ចឹមមាន់ទាបន្តិចបន្តួច គ្រួសារអ្នកស្រី លក្ខណា ត្រូវបង់ធនាគារប្រមាណ២០០ដុល្លារមួយខែ ហើយខែខ្លះ អ្នកស្រីពុំមានលទ្ធភាពបង់ឡើយ ។ ប៉ុន្តែកូនស្រីច្បងអ្នកស្រី ជាអ្នកខ្នះខ្នែងរកប្រាក់ឲ្យគ្រប់ចំនួន ដើម្បីបង់ធនាគារ។ 
 
ដើមចមនៃការជំពាក់បំណុលនេះ ដោយសារការសាងសង់ផ្ទះ និងបញ្ហាសុខភាពអ្នកស្រី និងប្ដី។ «កាលមុនកូនធ្វើការរោងចក្រ ផ្ងើប្រាក់ជាប្រចាំ ទើបសាងសង់ផ្ទះ ប៉ុន្តែសង់ពុំទាន់រួចផងក៏កើតមានរឿង តវ៉ា បាត់កូន (ខឹម​ សុផាត) ហើយពួកខ្ញុំ ពីរនាក់ប្ដីប្រពន្ធ ក៏ចេះតែកើតមានជំងឺបន្តបន្ទាប់ ទើបខ្ចីធនាគារ។» អ្នកស្រី លក្ខិណា លើកឡើងបែបនេះ រួមបន្តទាំងមិនអស់ចិត្តថា បាត់កូនទាំងអយុត្តិធម៌ ហើយជីវៈភាពកាន់តែលំបាក់ទៅៗ។
 
បញ្ហាកើតឡើងលើកូនប្រុស នេះ ធ្វើឲ្យអ្នកស្រី លក្ខណា និងប្តី មានអារម្មណ៍ភ័យខ្លាច និងបាក់ស្បាត លែងចង់ឃើញរូបភាពតវ៉ាផ្សេងៗ។ «ខ្ញុំផ្ដែផ្ដាំកូនចៅអស់ហើយ កុំឲ្យទៅតវ៉ា មានរឿងរ៉ាវជាមួយនរណាទៀត! ហើយខ្លួនឯងផ្ទាល់ក៏លែងហ៊ានតតាំងមានជម្លោះជាមួយអ្នកដទៃដែរ គឺខ្លាច ឆ្អែតដោយសារបាក់ស្បាត ព្រោះករណីកូនបាត់ខ្លួនមិនដឹងកោះត្រើយនេះ»។ លោក ខឹម សឿន ឪពុករបស់ សុផាត ដែលសុខភាពមិនសូវមាំមួន លើកឡើងបែបនេះ។ 


  ឪពុករបស់ សុផាត ដែលសុខភាពមិនសូវមាំមួន គឺលោក ខឹម សឿន មានវ័យ៤៩ឆ្នាំ។ 
 
ស្ថិតក្នុងវ័យ ៤៩ឆ្នាំ លោក ខឹម សឿន ទើបវះកាត់ក្រពះហើយ កាលពីប៉ុន្មានឆ្នាំមុន។ សព្វថ្ងៃ លោក សឿន ជាបង្គោលគ្រួសាររកចំណូលផ្គត់ផ្គង់ជីវភាព តាមរយៈការរត់ម៉ូតូឌុប នៅទីរួមខេត្តស្វាយរៀង។ ពាក់អាវយឺតដៃវែង អង្គុយលើម៉ូតូហុងដាទ្រីម សេរី២០១០ ក្រោមដើមឈើ ក្បែរវង់រង្វង់មូលនាគព័ន្ធ នៃទីរួមខេត្តស្វាយរៀង លោក សឿន អាចរកចំណូលបានពី៤ម៉ឺន ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ។
 
បុរសសម្បុរស្រអែម រាងស្ដើងរូបនេះ បានចាប់ផ្ដើមមុខរបរនេះ តាំងពីពេលកូនប្រុសខ្លួន ខឹម សុផាត បាត់ខ្លួនមក។ ក្រៅពីនេះ លោក សឿន ឆ្លៀតធ្វើស្រែប្រមាណ១ហិកតា ប៉ុន្តែដោយសារតម្លៃជី ថ្នាំបាញ់ ថ្លៃភ្ជួរ និងកម្លាំងពលកម្មផ្សេងៗឡើងថ្លៃនោះ គ្រួសារលោក សឿន តែងខកខានធ្វើស្រែ ព្រោះពុំទទួលបានផលចំណេញ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី លក្ខិណា និងលោក សឿន បញ្ជាក់ថា៖ «សព្វថ្ងៃនេះ អ្វីដែលពួកខ្ញុំ ចង់បាន គឺយុត្តិធម៌ត្រឹមត្រូវសម្រាប់ពួកខ្ញុំ។ យ៉ាងហោចណាស់ ដឹងច្បាស់ថា កូននៅរស់ឬស្លាប់ ប៉ុន្តែសំណុំរឿងនេះ ហាក់កប់ស្ងប់ស្ងាត់លែងមានអ្នកអើពើរ»។ 
 
ជុំវិញសំណុំរឿងផ្លូវវេងស្រេង នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបវិញថា នៅដំណើរការធម្មតា ដោយមិនស្ងប់ស្ងាត់ឡើយ។ លោក ស៊ីផាន បកស្រាយមិនចំឡើយ ដោយលោកព្យាយាមពន្យល់ថា សំណុំរឿងកំពុងដំណើការ តាមរយៈសវនាការលោក កឹម សុខា មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ដែលតុលាការ កំពុងដោះស្រាយតាមនីតិវិធីច្បាប់។ 
 

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្នុងសន្និសីទនាពេលកន្លងមក។ 
 
«សំណុំរឿង កឹម សុខា ជាប់ពាក់ព័ន្ធនឹងហេតុការណ៍ផ្លូវវេងស្រេង។ គាត់ដើរចែកនំពេលយប់ឲ្យក្រុមតវ៉ានោះ។ ករណីនេះ តុលាការកំពុងដោះស្រាយ ដោយសង្ស័យបម្រើបរទេស ហើយការនោះគេឃើញគាត់ដើរចែកនំឲ្យអ្នកតវ៉ាទាំងនោះ! ដូច្នេះ ធ្វើអ្វីមួយកុំឲ្យមើលងាយច្បាប់ស្រុកខ្មែរ»។ នេះបើតាមលោក ផៃ ស៊ីផាន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ។ 
 
ចំណែក លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលរងគ្រោះបែកក្បាល ក្នុងហេតុការណ៍ផ្លូវវេងស្រេង កំពុងទន្ទឹងរង់ចាំយុត្តិធម៌ដូច គ្រួសារជនរងគ្រោះខាងលើដែរ ដោយអះអាងថា លោករងការវាយដំស្ទើរស្លាប់ ហើយនាពេលនោះត្រូវជាប់ពន្ធនាគារទៀតផង។ ប៉ុន្តែក្នុងនាមជាសហជីព លោក វន់ ពៅ បានបន្ថែមថា ហេតុការណ៍នេះ បានជំរុញឲ្យលោកបន្តចូលរួមការពារលើកស្ទួយ និងទាមទារសិទ្ធិដល់កម្មករកាន់តែខ្លាំង។ 


លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ។ 
 
មេសហជីពរូបនេះ កត់សម្គាល់ឃើញថា៖ «ចាប់ពីមានរឿងរ៉ាវផ្លូវវេងស្រេង​មក សព្វថ្ងៃនេះសិទ្ធិកម្មករ សហជីព សង្គមស៊ីវិល ពុំទាន់ឃើញមានភាពប្រសើរឡើងឡើយ ហើយកម្មករដែលជាក្រុមអ្នកតវ៉ា ជនរងគ្រោះ និងមិនរងគ្រោះក្ដី មានភាពភ័យខ្លាច ដោយសារការប្រើហិង្សាបង្ក្រាប នឹងទិដ្ឋភាពកន្លងមក»។
 
ជុំវិញបញ្ហផ្លូវវេងស្រេងនេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ននេះ ពុំទទួលបានព័ត៌មានអ្វីថ្មីឡើយ។
 
NGOថា សិទ្ធិបញ្ចេញមតិ កាន់តែរួមតូច ,ប៉ុន្តែរដ្ឋាភិបាលថា ជាការអនុវត្តតាមច្បាប់ 
 
អង្គការក្រៅរដ្ឋាភិបាល មើលឃើញថា សិទ្ធិមនុស្ស ពិសេសសិទ្ធិតវ៉ា កាន់តែរួមតូចទៅៗ។ ជុំវិញការធ្លាក់ចុះសិទ្ធិនេះ ពួកគេលើកពីករណីតវ៉ាផ្លូវវេស្រេង និងការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ជាសំអាង។ 
 
លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក យល់ថា ១០ឆ្នាំហើយ សេរីភាពបញ្ចេញមតិតាមរយៈការតវ៉ា កាន់តែរឹតត្បិត។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បាននិយាយថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កាលពីអំឡុងឆ្នាំ២០១២ មានភាពល្អប្រសើរ ដោយក្រុមសកម្មជន ,សង្គមស៊ីវិល រួមទាំងថ្នាក់ដឹកនាំបក្សនយោបាយ ហាក់បានអនុវត្តសិទ្ធិដោយពុំមានការព្រួយបារម្ភ។ 


 លោក ស៊ឹង សែងករុណា អ្នកនាំពាក្យអាដហុក នៅមុខក្រសូួងមហាផ្ទៃនាពេលកន្លងមក។ 
 
ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នៃការប៉ះទង្គិចគ្នា រវាងសមត្ថកិច្ច និងកម្មករ តវ៉ាដំឡើងប្រាក់ឈ្មួល ១៦០ដុល្លារ នៅលើផ្លូវវេងស្រេង មក ការរឹតត្បិតសិទ្ធិបញ្ចេញមតិ ក៏កើតមានឡើង។ 
 
ត្រង់ចំណុចនេះ លោក សែន​ករុណា បានលើកយកពីបញ្ហាដាក់កម្រិត មិនឲ្យជួបជុំគ្នាលើសពី១០នាក់ ក្នុងការជួបជុំបញ្ចេញមតិ, ច្បាប់ស្ដីពីនយោបាយ និងច្បាប់ស្ដីពីសង្គមស៊ីវិល និងច្បាប់សហជីព ដែលធ្វើឲ្យសិទ្ធិសេរីភាពមូលដ្ឋាន និងការជួបជុំ ក៏ដូចជាបញ្ចេញមតិ កាន់តែរួមតូច។ 
 
ចំណែក សកម្មជននយោបាយ ក្រុមសង្គមស៊ីវិល និងអ្នកមានមតិផ្ទុយឬរិះគន់រដ្ឋាភិបាល រងការធ្វើទុក្ខបុកម្នេញជាហូរហែដល់សព្វថ្ងៃ ខណៈបទបញ្ញត្តិច្បាប់ដែលកែប្រែកន្លងមក ក៏ពុំទាន់មានការបើកចំហរ និងធ្វើវិសោធនកម្មឡើងវិញដែរ។ នេះបើតាមលោក ករុណា។
 
មន្ត្រីសិទ្ធិមនុស្សអាដហុករូបនេះ បានអះអាងប្រាប់សារព័ត៌​មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ បែបនេះ៖ «ដូច្នេះ ខ្ញុំយល់ថា សិទ្ធិមនុស្សនៅកម្ពុជា គឺអាស្រ័យលើស្ថានភាពនយោបាយ ពិសេសគឺអំឡុងពេលមុននិងក្រោយបោះឆ្នោត។ ច្បាប់គឺជាឧបករណ៍មួយ សម្រាប់ចាត់វិធានការលើសកម្មជន ហើយស្ថានភាពនយោបាយមិនល្អប្រសើរ សិទ្ធិមនុស្ស សេរីភាពមូលដ្ឋាន ការជួបជុំតាមការតវ៉ាបញ្ចេញមតិ ក៏មិនល្អប្រសើរដែរ»។ 
 
ឆ្លើយប្រាប់ទៅសង្គមស៊ីវិលវិញ លោក ផៃ ស៊ីផាន បញ្ជាក់យ៉ាងខ្លីថា ហេតុការណ៍នៅផ្លូវវេងស្រេងមិនមែនជាការតវ៉ាឡើយ ហើយសង្គមស៊ីវិល ឈប់ច្រឡំ លើករណីនេះ។ លោកសង្កត់ធ្ងន់ ប្រាប់សារព័ត៌មានដូចនេះ៖ «ព្រឹត្តិការណ៍ផ្លូវវេងស្រេងឆ្នាំ២០១៤ មិនមែនជាការតវ៉ាទេ! ជាកុបកម្ម ធ្វើរបៀបយោធារ គប់គ្រាប់បែក ដបសាំង គប់ពីលើអគារខ្ពស់ៗទៅលើសមត្ថកិច្ច មិនមែនជាការតស៊ូមតិទេ»។
 
យ៉ាងណាក្ដី លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ ក៏យល់ថា សិទ្ធិនយោបាយ និងសិទ្ធិមនុស្សធ្លាក់ចុះខ្លាំង ជិតមួយទសវត្សរ៍នេះ ជាពិសេសអំឡុងពេលនៃការចាប់ខ្លួន លោក កឹម សុខា ឆ្នាំ២០១៧ និងការធ្វើទុក្ខបុម្នេញដល់អ្នករិះគន់រដ្ឋាភិបាលជាប​ន្តបន្ទាប់។ 


 លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ។ 

បច្ចុប្បន្ន ក្រុមអ្នកតវ៉ាត្រូវបានរងហិង្សាគ្រប់រូបភាពពីអាជ្ញាធរ ដូចករណីណាហ្គាវើលដ៍ ដែលបានរិះគន់នីតិវិធីដោះស្រាយរបស់ក្រសួង និងប៉ះទង្គិចជាមួយអាជ្ញាធរស្ទើរគ្រប់ពេញចេញតវ៉ា។ ការប្រើប្រាស់ហិង្សា លើអ្នកតវ៉ា ពុំធ្វើឲ្យសិទ្ធិមនុស្សល្អប្រើសើរឡើយ។ នេះជាការមើលឃើញរបស់ លោក អំ សំអាត ។ 
 
មន្ត្រីសិទ្ធិមនុស្សលីកាដូរូបនេះ បានផ្ដល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ បន្ថែមថា៖ «ការប្រើហិង្សាលើអ្នកតវ៉ា ជាហេតុនាំឲ្យពួកគេ និងពលរដ្ឋដទៃទៀត លែងហ៊ានចេញប្រមូលម្ដុំ រិះគន់ ឬតវ៉ា ដោយឃើញពីលទ្ធផលលំបាករ៉ាំរ៉ៃរបស់អ្នកតវ៉ាមុនៗ»។ 
 
ទាក់ទិននឹងនីតិវិធីដោះស្រាយវិវាទណាហ្គាវើលកកន្លងមក អាជ្ញាធរពាក់ព័ន្ធ ដោះស្រាយតាមច្បាប់។ លើសពីនេះ ក្រសួងការងារក៏បាន ចង្អុលបង្ហាញដែរថា បើជនណាមិនពេញចិត្តអាចប្ដឹងទៅតុលាការបន្តបាន។ នេះជាការបកស្រាយរបស់លោក ផៃ ស៊ីផាន ហើយប្រាប់ទៅ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលរិះគន់រដ្ឋាភិបាលខាងលើវិញថា កម្ពុជាជាប្រទេសនីតិរដ្ឋ គឺកើតចេញពីការបោះឆ្នោត យកសំឡេងមតិភាគច្រើនជាធំ។ «ដូច្នេះ មិនអាចឲ្យក្រុមណាមួយ ជាន់ពន់លិច បំផ្លាញសណ្ដាប់ធ្នាប់បានឡើយ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល។ 
ចំពោះបញ្ហាសិទ្ធិសេរីភាព រយៈពេល១០ឆ្នាំ រួមតូចនេះវិញ ត្រូវបានលោក ជិន ម៉ាលីន បកស្រាយថា វា ជាពាក្យ សម្រាប់តែក្រុមអ្នកប្រព្រិត្តបទល្មើស ដែលចូលចិត្តប្រើសិទ្ធិទៅបំពានអ្នកដទៃ និងបង្កភាពវឹកវរ ប៉ុណ្ណោះ។ មន្ត្រីសិទ្ធិមនុស្សកម្ពុជារូបនេះ បានអះអាងវិញថា ពលរដ្ឋភាគច្រើន ដែលប្រើប្រាស់សិទ្ធិត្រូវត្រឹមតាមច្បាប់ គឺទទួលបានភាពរីករាយ ក្នុងការអនុវត្តសិទ្ធិសេរីភាព។ 
 
លោក ជិន ម៉ាលីន អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមដូច្នេះ៖ «ការរួមតូច ហើយចេះតែមានបញ្ហា ដោយសារពួកមួយក្រុមតូចហ្នឹង ប្រើប្រាស់សិទ្ធិរបស់ខ្លួនទៅបំពាន់អ្នកដទៃ អ្នកខ្លះធ្វើឡើងដោយមិនយល់ច្បាប់ ហើយអ្នកយល់ដែរ តែបំពាននិងមានការញុះញង់ដើម្បីធ្វើសកម្មភាពក្នុងទុច្ចរិតណាមួយ ទើបមានបញ្ហា»។
 

 លោក ជិន ម៉ាលីន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក)
 
មិនត្រឹមតែកម្មករទេ ដែលប្រឈមនឹងការអនុវត្តច្បាប់ ពេលធ្វើកូដកម្មនិងបាតុកម្មនោះ សូម្បី ក្រុមអ្នកសង្កេតការណ៍ ក្រុមសង្គមស៊ី​វិលរបស់ CCHR រួមទាំងសង្គមស៊ីវិលដទៃទៀត ក៏ត្រូវបានរឹតត្បិតសេរីភាព មិនឲ្យទៅអង្កេតការណ៍ដែរ។ ជាពិសេសនៅពេលមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ានិងសមត្ថកិច្ច។ នេះបើតាមលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR។
 
លោកស្រី ចក់ សុភាព ប្រាប់ទៅរដ្ឋាភិបាលថា៖ «រដ្ឋាភិបាលគួរចាត់ទុកពលរដ្ឋ ស្ថាប័នសង្គមស៊ីវិល ក្រុមអ្នករិះគន់ទាំងអស់ជាដៃគូ។ ពុំមែនត្រូវលើកឡើងថា មាននិន្នាការខុសគ្នា លាបពណ៌ ឬក្រុមមួយក្ដាប់តូច ត្រូវរើសអើងនោះទេ! ក្រុមតូចដែលរដ្ឋាភិបាលរិះគន់នោះជា នរណា? គឺពលរដ្ឋរបស់ខ្លួន។  ដូច្នេះ ត្រូវយកចិត្តដាក់»។ 
 

 លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR។ 
 
ពាក់ព័ន្ធនឹងករណីនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ច្រានចោល ដោយចាត់ទុក ក្រុមសង្គមស៊ីវិលដែលរិះគន់ខាងលើ វាយតម្លៃខុស។  លោក ហេង សួរ មើលឃើញថា៖« អង្គការក្រៅរដ្ឋាភិបាលខាងលើ មានបំណងចង់ឲ្យការតវ៉ាកើនឡើង ដើម្បីរក្សាឆ្នាំងបាយពយកគេប៉ុណ្ណោះ»។
 

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល

តែយ៉ាងណាកម្ពុជាត្រូវបានធានា ដោយច្បាប់ជាតិនិងអន្តរជាតិច្រើន មានច្បាប់ការងារ ច្បាប់សហជីព ច្បាប់ស្ដីពីសិទ្ធិមនុស្សជាដើម ដើម្បីអនុវត្តសិទ្ធិ ប៉ុន្តែពេលអនុវត្តសិទ្ធិតវ៉ាជាក់ស្ដែង បែរជាតម្រូវឲ្យសហគមន៍ អ្នកតវ៉ា ពលរដ្ឋ សុំការអនុញ្ញាតលើសពីច្បាប់ចែកទៅវិញ។ នេះបើតាមលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ដោយពន្យល់ថា ការជួបជុំតវ៉ាសម្ដែងមតិ ពុំតម្រូវឲ្យសុំច្បាប់ឡើយ ដោយគ្រាន់តែជូនដំណឹង។
 
មាត្រា៥នៃ ច្បាប់ស្ដីពី ការធ្វើបាតុកម្មដោយសន្តិវិធី ចែងថា ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។ 
 
ត្រង់ចំណុចនេះហើយ ដែលកញ្ញា ឈឹម ស៊ីធរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ​ណាហ្គាវើល និងលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ នៅតែមើលឃើញថា សេរីភាពក្នុងការចេញតវ៉ាបច្ចុប្បន្ននេះ កាន់តែដើរថយក្រោយ ខណៈការជួបជុំដោយសន្តិតវិធីក៏ពុំត្រូវបានអនុញ្ញាត ដូចករណីណាហ្គាវើលដ៍ដើម។ ជាពិសេសរឿងរ៉ាវនេះ បង្កើតឲ្យមាននិទណ្ឌភាពនៅក្នុងសង្គម។ 
 
 
កញ្ញា ឈឹម ស៊ីធរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ​ណាហ្គាវើល។ 
«បើសេរីភាព តវ៉ា សិទ្ធិមនុស្ស សង្គមស៊ីវិល ធ្លាក់ចុះពិតមែន រយៈពេល ១០ឆ្នាំនេះ ហេតុអ្វីនៅស្ថាប័នសង្គមស៊ីវិល នៅតែដំណើរការសកម្មភាព ពុំឃើញមានករណីរត់ចោលស្រុក!»។ នេះជាសំនួរ ដែលលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចោទសួរទៅក្រុមសង្គមស៊ីវិល ហើយលោក សុំមិនបកស្រាយពាក់ព័ន្ធនឹងករណីផ្សេងៗឡើយ៕


លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
 

Tag:
 សិទ្ធិបញ្ចេញមតិ
© រក្សាសិទ្ធិដោយ thmeythmey.com