ជាតិ
កម្ពុជា សម្រេចការនាំចេញមៀនប៉ៃលិនទៅចិនជាផ្លូវការហើយ ក្រោយចរចាអស់ច្រើនឆ្នាំ
27, Oct 2022 , 9:59 pm        
រូបភាព
(Front) លោក Wang wentian ឯកអគ្គរដ្ឋទូតចិន (ឆ្វេង) និងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម (ស្ដាំ) ។ រូបភាពពីក្រសួងក្រសួងកសិកម្ម
(Front) លោក Wang wentian ឯកអគ្គរដ្ឋទូតចិន (ឆ្វេង) និងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម (ស្ដាំ) ។ រូបភាពពីក្រសួងក្រសួងកសិកម្ម
ភ្នំពេញ៖ កម្ពុជា សម្រចបានការនាំចេញមៀនប៉ៃលិនជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនលើកដំបូងនារដូវប្រមូលផលខាងមុខនេះក្រោយចរចាទីផ្សារ និងភូតគាមអនាម័យប្រមាណ៣ឆ្នាំ។ ជាមួយគ្នានេះកម្ពុជាក៏ត្រៀមបើកការចរចានាំចេញកសិផលកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេនផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូក ជាដើម។


ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី២៧ ខែតុលានេះ លោក ឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាការទទួលបានសិទ្ធនាំចេញផ្លែមៀនប៉ៃលិនទៅចិននៅពេលនេះ គឺជោគជ័យ និងជាការបើកផ្លូវទីផ្សារសម្រាប់កសិផលកសិកម្មកម្ពុជាផ្សេងទៀត។​


 
 សមទ្ធិផលថ្មីមួយនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតការងារ ប្រាក់ចំណូលដល់កសិករ ទាក់ទាញវិនិយោគទុនចិនបន្ថែមទៀត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញ ជាដើម។ 
 
ក្រោយកូវីដធូរស្រាល សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងមានកំណើនរង្វង់៥ភាគរយនៅឆ្នាំ២០២២។ ក្នុងនោះ វិស័យកសិកម្មបានរួមចំណែកប្រមាណ២២ភាគរយនៃផលិតផលក្នុងស្រុកសរុប និងបានបង្កើតការងារដល់ពលរដ្ឋជាង៣លាននាក់ក្នុងឆ្នាំ២០២១។  
 
រដ្ឋមន្រ្តី បានទឹកចិត្តឱ្យភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីរកមធ្យោបាយថ្មីៗនិងមានប្រសិទ្ធភាពឆ្លើយតបទៅនឹងទំហំសក្តានុពលកសិកម្ម ខណៈលោក ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងទទួលយកការវិនិយោគថ្មីៗទៀតពីប្រទេសចិន។ 



នៅឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ហើយ ដែលទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ត្រូវបានដំឡើងដល់កម្រិត «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ក្នុងន័យនេះ ភាគីទាំងពីរ នឹងពង្រឹងលើគ្រប់វិស័យរួមទាំងផ្នែកពាណិជ្ជកម្មធុរកិច្ច និងវិនិយោគផងដែរ។ ក្នុងក្របខណ្ឌសមាហរណកម្មសេដ្ឋកិច្ចឯណោះវិញ កម្ពុជានិងចិន គឺជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)និងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CCFTA) នៅឆ្នាំ២០២០ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី១
ក្នុងប្រវត្តិសាស្ត្រនៃសមាហរណកម្មកម្ពុជា។ 
 
យោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានកសិកម្ម ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅប្រទេសចិនជាង៨៣ម៉ឺនតោន គិតជាទឹកប្រាក់ស្មើនឹងជិត ៧០០លានដុល្លារ។ដោយឡែក សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅប្រទេសចិនសម្រេចបានជាង៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ជាង ៤៩១លានដុល្លារ។ ហេតុនេះទីផ្សារប្រទេសចិនមានសក្តានុពលធំទូលាយដែលអាចជួយស្របយកផលិតផលកសិកម្មកម្ពុជាច្រើនថែមទៀត។
 
ក្នុងឆ្នាំ២០២១ កម្ពុជាទទួលបានវិនិយោគទុនចិនត្រឹមតែ ៧០លានដុល្លារហើយសម្រាប់ឆមាសទី១ នៃឆ្នាំ២០២២នេះ តួលេខនេះ បានធ្លាក់ចុះថែមទៀត មកនៅត្រឹមតែប្រមាណ៤លានដុល្លារប៉ុណ្ណោះ ដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តខិតខំប្រឹងប្រែងជំរុញឱ្យបានខ្លាំងក្លាថែមទៀត។ សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមាន៧៤ចម្ការ និង៨ក្រុមហ៊ុន ដែលទទួលបានសិទ្ធិវេចខ្ចប់និងនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន៕  
 
 
 
 

Tag:
 មៀនប៉ៃលិន
  ក្រសួងកសិកម្ម
  កសិកផលកម្ពុជានិងចិន
© រក្សាសិទ្ធិដោយ thmeythmey.com