ជាតិ
ក្រោយក្លាយជាអនុប្រធានបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា តំណែងមិនសំខាន់ទេ
31, Oct 2022 , 4:19 pm        
រូបភាព
 លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានបក្សរួបរួមជាតិ(ខាងស្ដាំ) ក្នុងកិច្ចប្រជុំពិភាក្សារួមច្របាច់បញ្ចូលគ្នាជាមួយបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី១០តុលា ឆ្នាំ២០២២។
លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានបក្សរួបរួមជាតិ(ខាងស្ដាំ) ក្នុងកិច្ចប្រជុំពិភាក្សារួមច្របាច់បញ្ចូលគ្នាជាមួយបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី១០តុលា ឆ្នាំ២០២២។
ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ ដែលជាប្រធានបក្សកម្ពុជានិយម បានក្លាយជាអនុប្រធានបក្សខ្មែររួបរួមជាតិ ក្រោយពេលច្របាច់បក្សពីរបញ្ចូលគ្នាតែមួយ។ ក្រោយកាន់តំណែងនេះ លោក បុញ្ញឬទ្ធិ បានអះអាងថា តំណែងពុំមែនជារឿងសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺការរួបរួមគ្នាឱ្យបានយូរអង្វែង។

 
បក្សកម្ពុជានិយម និងបក្សខ្មែររួបរួមជាតិ​បានសម្រេច រួមគ្នាជាបក្សតែមួយ ដោយយកបក្សរួបរួមជាតិជាគោល កាលពីថ្ងៃទី១០តុលា ។ ថ្នាក់ដឹកនាំបក្ស បានប្រជុំសមាជវិសាមញ្ញ កែគោលនយោបាយ រើសគណៈកម្មាធិការនាយក និងគណៈកម្មាធិការអចិន្ត្រៃយ៍ជាដើម កាលពីថ្ងៃទី៣០ តុលា។ 
 
ក្នុងកិច្ចប្រជុំសមាជនេះ លោក យ៉ែម បុញ្ញឫទ្ធិ បានក្លាយជាអនុប្រធាន នៃបក្សរួបរួមជាតិ។ កាន់តំណែងមួយនេះ លោកអះអាងថា៖ «តំណែងតួនាទីមិនសំខាន់ទេ។ អ្វីដែលសំខាន់ យើងមានទស្សនៈ គោលការណ៍ ចក្ខវិស័យ ដូចគ្នា ដែលនាំឲ្យការរួបរួមបានយូរអង្វែង ព្រោះមានគោលដៅរួមគ្នា ហើយផែនការយុទ្ធសាស្រ្ត សកម្មភាព អនុវត្តដូចគ្នា! ដូច្នេះ ការរួបរួមគ្នា ពិតជាបានយូរអង្វែង»។ 
 
ជាមួយគ្នានេះ លោក បុញ្ញឫទ្ធិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបន្ថែមទៀតថា បក្សរួបរួមជាតិ បានរៀបចំរចនាសម្ព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យថ្មី ដើម្បីពង្រឹងសមត្ថភាព និងសាមគ្គីភាព។ អ្វីដែល អនុប្រធានរូបនេះ កត់សម្គាល់ឃើញក្រោយពីមានចរន្តរួបរួមគ្នា រវាងបក្សទាំងពីរខាងលើ គឺមានអ្នកនយោបាយ និងបក្សដទៃទៀត បានចាប់អារម្មណ៍ និងសាកសួរច្រើនជុំវិញចំណងរួបរួមគ្នា។ ដូច្នេះលោក សង្ឃឹមថា ចលនាប្រជាធិបតេយ្យរបស់បក្សរួបរួមជាតិថ្មីៗនេះ នឹងមានការរីកដុះដាល ជាពិសេសពេលបោះឆ្នោតខាងមុខ។ 
 
ទន្ទឹមនឹងនេះ បក្សរួបរួមជាតិ បានដាក់គោលនយោបាយ៥ចំណុចជាអាទិភាព មានវិស័យកសិកម្ម សុខាភិបាល អប់រំ សង្គមកិច្ច និងការងារ។ គោលនយោបាយរបស់ពួកគេ ចែងថា កសិករក្នុងសហគមន៍អាចទទួលបានឥណទានខ្នាតតូច ពី១លានដល់៤លានរៀល ដោយមានអត្រាការបា្រក់ត្រឹម២ភាគរយក្នុងមួយឆ្នាំ។ វិស័យសុខាភិបាល មន្ទីរពេទ្យរដ្ឋ ព្យាបាលជនពិការ ស្រ្តីមានផ្ទៃះពោះ និងចាស់ជរា ដោយឥតគិតថ្លៃ។ វិស័យអប់រំវិញ ក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ត្រូវបង្រៀនពេញថ្ងៃ ហើយរដ្ឋត្រូវមានកញ្ចប់ថវិកាកម្ចីសម្រាប់សិស្សនិស្សិតបន្តការសិក្សា។
 
វិស័យសង្គមកិច្ច គឺរដ្ឋធានាសង់លំនៅដ្ឋានសមរម្យ ដល់កម្មករ មន្ត្រីរាជការ និងអ្នកដែលមានប្រាក់ចំណូលទាប ដោយបង់មួយថ្ងៃ៤០០០រៀល រយៈពេល២០ឆ្នាំយ៉ាងយូរ។ រីឯ វិស័យការងារ រដ្ឋធានាប្រាក់គោលកម្មករអប្បបរមា១លានរៀលក្នុងមួយខែ ហើយបុគ្គលិកវិស័យឯកជន ដែលមានសញ្ញាបត្រ ត្រូវមានប្រាក់ខែគោលយ៉ាងតិច១លាន៥សែនរៀលក្នុងមួយខែ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com