អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល១០គ្រាប់ ដោយ១គ្រាប់ចូលកៀកដែនទឹកកូរ៉េខាងត្បូង
02, Nov 2022 , 11:59 am        
រូបភាព
មីស៊ីលដែលកូរ៉េខាងជើងបាញ់នាពេលកន្លងមក។ រូបថត KCNA
មីស៊ីលដែលកូរ៉េខាងជើងបាញ់នាពេលកន្លងមក។ រូបថត KCNA
ដោយ:
យ៉ាងហោចណាស់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយគ្រាប់របស់កូរ៉េខាងជើងនៅថ្ងៃទី២ ខែវិច្ឆិកាធ្លាក់ចូលកៀកដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង បន្ទាប់ពីកូរ៉េខាងត្បូង និងអាម៉េរិកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំតាមអាកាសបានពីរថ្ងៃ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។

 
តាមការប្រកាសរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី៣គ្រាប់បាញ់ចេញពីភាគខាងកើតក្រុង Wonsan របស់កូរ៉េខាងជើង ហើយត្រូវចាប់បានសញ្ញានៅម៉ោង៨:៥១ព្រឹក(ម៉ោងនៅកូរ៉េ)។
 
យោធាកូរ៉េខាងត្បូងបញ្ជាក់ទៀតថា យ៉ាងហោចណាស់មីស៊ីល១គ្រាប់ហោះកាត់ខ្សែខណ្ឌចែកទឹកដីមុនធ្លាក់ចូលដែនសមុទ្រអន្តរជាតិដែលស្ថិតនៅចម្ងាយ២៦គីឡូម៉ែត្រពីភាគខាងត្បូងនៃបន្ទាត់ព្រំដែនខាងជើងដែលជាព្រំដែនសមុទ្រ។ បើគិតពីភាគខាងកើតនៅទីក្រុង Sokcho របស់កូរ៉េខាងត្បូងវិញ មីស៊ីលនេះដែរធ្លាក់ឆ្ងាយពីដែនទឹកកូរ៉េខាងត្បូងប្រហែល៥៧គីឡូម៉ែត្រ និង១៦៧គីឡូម៉ែត្រពីកោះ Ulleung។  
 
ដោយទិសដៅមីស៊ីលនេះបាញ់ឆ្ពោះទៅរកកោះ Ulleung មុនធ្លាក់ទៅក្នុងសមុទ្រអន្តរជាតិ អាជ្ញាធរកូរ៉េខាងត្បូងជូនដំណឹងដល់ប្រជាជនក្នុងតំបន់នេះឱ្យប្រុងប្រយ័ត្នតាមរយៈសំឡេងស៊ីរ៉ែនតាមអាកាស។ អ្នកនាំពាក្យរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងលើកឡើងថា អាជ្ញាធរកំពុងតែវិនិច្ឆ័យមើលថាតើការបាញ់មីស៊ីល​សំដៅលើកោះកូរ៉េខាងត្បូងនេះជាចេតនា ឬអចេតនា។
 
«យោធារបស់យើងមិនអាចអត់ឱនចំពោះទង្វើបង្ករឿងរបស់កូរ៉េខាងជើងបែបនេះទេ ហើយនឹងឆ្លើយតបដោយតឹងរ៉ឹង និងម៉ឺងម៉ាត់ក្រោមសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កូរ៉េខាងត្បូង-អាម៉េរិក»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបញ្ជាក់បែបនេះក្នុងសេចក្តីប្រកាសព័ត៌មាន។ 
 
ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ក៏ថ្កោលទោសទង្វើកូរ៉េខាងជើងដែរ។ លោក យូន ក៏បញ្ជាឱ្យយោធាកូរ៉េខាងត្បូងប្រុងជើងការកម្រិតខ្ពស់ទល់នឹងទង្វើបង្ករឿងរបស់កូរ៉េខាងជើង។ លោកចាត់ទុកការបាញ់មីស៊ីលដែលហោះកាត់ខ្សែព្រំដែនទឹក ជាការបំពានទឹកដីកូរ៉េខាងត្បូងផងដែរ។
 
តាមសេចក្តីប្រកាសព័ត៌មានដដែល នេះជាលើកដំបូងហើយដែលកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកធ្លាក់កៀកដែនទឹកកូរ៉េខាងត្បូង បន្ទាប់ពីព្រមានឱ្យក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបញ្ឈប់សមយុទ្ធយោធារួមគ្នា។ កូរ៉េខាងត្បូង និងអាម៉េរិកកំពុងធ្វើសមយុទ្ធយោធាតាមអាកាសដ៏ធំបំផុតមួយដែលហៅថា Vigilant Storm រយៈពេល៥ថ្ងៃ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកាដើម្បីទប់ទល់ការគំរាមពីកូរ៉េខាងជើង៕
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com