អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាសេដ្ឋី Oleg Tinkov បោះបង់សញ្ជាតិរុស្ស៊ីចោលដោយសារសង្គ្រាមអ៊ុយក្រែន
02, Nov 2022 , 2:29 pm        
រូបភាព
លោក Oleg Tinkov មហាសេដ្ឋីរុស្ស៊ី។ រូបថត TASS
លោក Oleg Tinkov មហាសេដ្ឋីរុស្ស៊ី។ រូបថត TASS
មហាសេដ្ឋីរុស្ស៊ីលោក Oleg Tinkov នៅថ្ងៃទី៣១ ខែតុលាប្រកាសបោះបង់សញ្ជាតិជាជនជាតិរុស្ស៊ីចូល ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ កន្លងមកលោក Oleg Tinkov ក៏ធ្លាប់បានជារឿយៗពីការផ្ទុះសង្គ្រាមនេះដែរ។



ខណៈសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនឈានដល់ជាង ៨ ខែ មហាសេដ្ឋីរុស្ស៊ីលោក Oleg Tinkov ប្រកាសតាមបណ្តាញសង្គម Instagram របស់លោកនៅថ្ងៃទី៣១ ខែតុលា ដោយសម្រេចចិត្តបោះបង់សញ្ជាតិរុស្ស៊ីចោល។ 
 
«ខ្ញុំបានសម្រេចចិត្តប៉ះបង់ពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ។ ខ្ញុំមិនអាច និងមិនចង់ផ្សាភ្ជាប់ជាមួយនឹងប្រទេសហ្វាស៊ីស ដែលបានចាប់ផ្តើមសង្រ្គាមជាមួយអ្នកជិតខាងដ៏សុខសាន្តរបស់ពួកគេ និងបានសម្លាប់មនុស្សស្លូតត្រង់ជារៀងរាល់ថ្ងៃឡើយ»។ លោក Tinkov បានសរសេរបែបនេះ។ 
 
លើសពីនេះ បុរសវ័យ ៥៤ ឆ្នាំដដែលនេះដែលបច្ចុប្បន្នរស់នៅក្រៅប្រទេសសង្ឃឹមថាពាណិជ្ជកររុស្ស៊ីលេចធ្លោបន្ថែមទៀតនឹងធ្វើតាមលោក ដើម្បីធ្វើឱ្យរបបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀពូទីន និងសេដ្ឋកិច្ចរុស្ស៊ី ចុះខ្សោយ។ ក្រៅតែពីសំណេរខាងលើ លោក Tinkov ក៏បានចែករំលែករូបភាពនៃវិញ្ញាបនបត្របញ្ជាក់ពីការបញ្ចប់នៃសញ្ជាតិរុស្ស៊ីរបស់លោកលើបណ្តាញសង្គម Instagramផងដែរ។ 
 
«ខ្ញុំស្អប់រុស្ស៊ីដែលដឹកនាំដោយលោកពូទីន ប៉ុន្តែស្រឡាញ់ជនជាតិរុស្ស៊ីទាំងអស់ដែលប្រឆាំងនឹងសង្រ្គាមដ៏ឆ្កួតនេះ»។ មហាសេដ្ឋីលោក Oleg Tinkov បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះក្រោយការបង្ហោះសំណេររបស់លោក។ 
 
លោក Tinkov ជាស្ថាបនិកនៃធនាគារ Tinkoff ជាធនាគារអនឡាញ ដែលផ្តល់ប្រាក់កម្ចីដ៏ធំបំផុតមួយរបស់រុស្ស៊ីដោយមានអតិថិជនចំនួន២០លាននាក់។ លោកក៏មានភាគហ៊ុនប្រហែល ៣៥ ភាគរយនៃក្រុមហ៊ុន TCS Group Holding ដែលមានមូលដ្ឋាននៅ​ស៊ីប ដែលជាក្រុមហ៊ុននៅក្រោមម៉ាក Tinkoff ដែលរកស៊ីក្នុងវិស័យធនាគារ និងធានារ៉ាប់រងដល់សេវាទូរស័ព្ទ។
 
កាលពីខែមេសា លោក Tinkov បានអះអាងថាជាង ៩០ ភាគរយនៃពលរដ្ឋរុស្ស៊ីបានប្រឆាំងនឹងការសម្រេចចិត្តរបស់លោកពូទីនក្នុងការឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ហើយលោកក៏បានអំពាវនាវឱ្យមេដឹកនាំលោកខាងលិចជួយបញ្ចប់សង្រ្គាមនេះដែរ៕
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com