ជាតិ
បុណ្យអុំទូក
ខេត្តបាត់ដំបង និងពោធិ៍សាត់ រំពឹងទាក់ទាញទេសចរបានច្រើន​តាមរយៈការរៀបចំពិធីអុំទូក
03, Nov 2022 , 7:59 am        
រូបភាព
 អុំទូក៖ រដ្ឋបាលខេត្តបាត់ដំបង និងពោធិ៍សាត់ សង្ឃឹមថាទេសចរនឹងមកលេងខេត្តនេះច្រើន
អុំទូក៖ រដ្ឋបាលខេត្តបាត់ដំបង និងពោធិ៍សាត់ សង្ឃឹមថាទេសចរនឹងមកលេងខេត្តនេះច្រើន
 ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ អំឡុងពេលឈប់សម្រាកបុណ្យអុំទូករយៈពេល៣ថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង រំពឹងថាទេសចរនឹងមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ពេញនិយម ក្នុងខេត្តនីមួយៗ។ បើទោះជាខេត្តទាំងពីរនេះ​ បានរៀបចំព្រឹត្តិការណ៍អុំទូករួចយ៉ាងណាក្តី ប៉ុន្តែអាជ្ញាធរសង្ឃឹមថាភ្ញៀវ​ទេសចរ​នឹងមកលេងកាន់តែច្រើន។



កាលពីថ្ងៃទី០៩ដល់១០ ខែតុលា ខេត្តបាត់ដំបងបានប្រារព្ធពិធីប្រណាំងទូក ដែលទាក់ទាញទេសចរជាច្រើនជិត ២០ម៉ឺននាក់។  លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ «ថ្ងៃឈប់សម្រាកបុណ្យអុំទូកខាងមុខនេះ ខេត្តបាត់ដំបងនឹងរំពឹងថាភ្ញៀវទេសចរនឹងមកលេងច្រើនដដែល ពីព្រោះខេត្តបាត់ដំបងសម្បូរតំបន់គោលដៅទេសចរណ៍ជាច្រើន។​ ក្នុងពិធីបុណ្យអុំទូក ខ្ញុំជឿថា ទេសចរជាច្រើន នឹងនៅតែទៅកម្សាន្តនៅខេត្តបាត់ដំបង»។  


   លោក សុខ លូ អភិបាលខេត្តបាត់ដំបង។ រូបភាពពី​ រដ្ឋបាលខេត្តបាត់ដំបង
 
ខេត្ត​បាត់ដំបង បានរៀបចំសណ្ដាប់ធ្នាប់ និង​ពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទាំងអស់​ ដើម្បី​ត្រៀម​ទទួល​ទេសចរបុណ្យអុំទុកខាងមុខនេះ។ លើសពីនេះ សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យអុំទូកខាងមុខនេះ ទេសចរអាចកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តបាត់ដំបងដោយសប្បាយរីករាយជាមួយធម្មជាតិ និងរមណីយដ្ឋាន​ធម្មជាតិកែច្នៃជាច្រើនកន្លែង។ នេះជាការបន្ថែមរបស់ អភិបាលខេត្តបាត់ដំបង។
 
បន្ថែម​ពីនេះ ភ្ញៀវទេសចរ​ក៏​អាច​ទៅ​សម្រាក បរិភោគ​អាហារ​ថ្ងៃត្រង់ និង​បោះតង់​សម្រាក​កម្សាន្ត នៅ​រមណីយដ្ឋាន​ជាច្រើន​ដូចជា ទឹកធ្លាក់​ចម្ការ​ស្វាយ រមណីយដ្ឋាន​ចម្ការ​មៀន ទឹកធ្លាក់​ថ្មដា​ចម្ការ​ទុរេន ទឹកធ្លាក់​ចម្ការ​ទុរេន​អូតង និង​តំបន់​រមណីយដ្ឋាន​ជាច្រើនផងដែរ។ បើតាម​លោក សុខ លូ តំបន់​​ទេសចរណ៍សំខាន់ៗ​ រួមមាន ​ ​អាង​កំពីងពួយ ទឹកធ្លាក់​៥៣ ភ្នំព្រឹក ​ សហគមន៍​អេកូ​ទេសចរណ៍ទឹកធ្លាក់​អូរ​ជាំ ល្អាង​ភ្នំ​ប្រាំពីរ ​មណ្ឌល​កម្សាន្តឡូ​រី ជើងភ្នំ​បាណ​ន់ ​សួន​ទឹក​សុភមង្គល ​សួន​ទឹក​ហ្គោ​ល​ឌិន​ហ៊ី​ន និងផ្ទះ​ផ្កា ចំការ​ស្វាយ ​ស្ទឹង​ថ្មដា​ចំការ​ធុ​រេ​ន ដែលជាកន្លែងធម្មជាតិទាក់ទាញទេសចរមកកម្សាន្តជាច្រើនជារៀងរាល់ឆ្នាំ។ 
 
ដោយ​ឡែក​ខេត្ត​ពោធិ៍សាត់វិញ ក៏​រំពឹង​ថា​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ក្នុង​ឱកាស​ឈប់​សម្រាក​បុណ្យអុំទូកផងដែរ។ លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ បាននិយាយថា៖ «ខេត្តពោធិ៍សាត់ រំពឹងថាបុណ្យអុំទូក នឹងមានភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋានក្នុងខេត្តលើស៥០ភាគរយ នៃឆ្នាំ២០២១ ដោយសារបញ្ហាកូវីដ-១៩ កាន់តែធូស្រាលខ្លាំង និងដោយសារខេត្តពោធិ៍សាត់សម្បូរតំបន់ទេសចរច្រើន»។ 
 
ខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍ចំនួន៣៩កន្លែង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្តចំនួន៣កន្លែង វប្បធម៌-ធម្មជាតិ មាន២កន្លែង រមណីយដ្ឋានធម្មជាតិមាន៩កន្លែង កសិទេសចរណ៍មាន៤កន្លែង កែច្នៃមាន១១កន្លែង និងនិងសហគមន៍ អេកូទេសចរណ៍មាន១០កន្លែង។ ដោយឡែក ភ្ញៀវទេសចរភាគច្រើនទៅកម្សាន្ត រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង សួនកម្សាន្តតាលោសែនជ័យ តំបន់ទេសចរណ៍ក្នុងស្រុកវាលវែង និងរមណីយដ្ឋានភ្នំនាគ ស។ នេះបើតាម លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់។
 
ខេត្តពោធិ៍សាត់ បានត្រៀមកន្លែងស្នាក់នៅជាច្រើន ដើម្បីទទួលទេសចរកម្សាន្តក្នុងពិធីបុណ្យអុំទូកខាងមុខនេះ ដែលមានកន្លែងស្នាក់នៅចំនួន៨០ ក្នុងនោះសណ្ឋាគារ៦កន្លែង និងផ្ទះសំណាក់៧៤កន្លែង។ លើសពីនេះ កន្លែងស្នាក់មួយចំនួនក៏មានភ្ញៀវកក់បណ្តើរៗ ជាពិសេសគឺនៅក្នុងស្រុកវាលវែង ដែលភ្ញៀវទៅកម្សាន្តតាមដងផ្លូវបុប្ផាលាក់ខ្លួន(ភ្នំ១៥០០) និងតាមតំបន់កម្សាន្តនៅទីនោះ។
 
សូមបញ្ជាក់ដែរ មន្ទីរទេសចរណ៍ខេត្តទាំង២ បានអំពាវនាវ ដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍សេវាកម្មស្នាក់នៅ សេវាកម្មកម្សាន្ត និងសេវាកម្មម្ហូបអាហារទាំងអស់ឱ្យពង្រឹងគុណភាពសេវាកម្ម និងតម្លៃសេវាកម្ម ព្រមទាំងការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវផងដែរ៕
 

Tag:
 ពោធិ៍សាត់
  បាត់ដំបង់
  ទេសចរ
  អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com