ជាតិ
លោក ម៉ុង ឫទ្ធី អំពាវនាវកុំឱ្យពលរដ្ឋចាញ់បោកការផ្សព្វផ្សាយលក់ពូជដំណាំ ឬផ្លែឈើតាមហ្វេសបុក
02, Nov 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ប្រហែល១ឆ្នាំចុងក្រោយនេះ ពូជដំណាំ និងផ្លែឈើ ប្លែកៗជាច្រើនពីបរទេស ត្រូវបានគេដាក់លក់ និងចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ យ៉ាងណា អ្នកជំនាញកសិកម្ម លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញការប្រតិកម្មយ៉ាងខ្លាំង ចំពោះការដាក់លក់ពូជដំណាំ និងផ្លែឈើ គ្មានប្រភពទាំងនេះ។ លោក អំពាវនាវកុំឱ្យពលរដ្ឋចាញ់បោក តាមការឃោសនា។



លោក ម៉ុង ឫទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី២ ខែវិច្ឆិកានេះថា លោក សង្កេតឃើញមានការផ្សព្វផ្សាយលក់ពូជដំណាំ និងផ្លែឈើ តាមហ្វេសប៊ុកជាហូរហែ រហូតដល់មានអ្នកយករូបភាពរបស់លោក ទៅបង្ហោះ ដើម្បីទាញការចាប់អារម្មណ៍ថែមទៀត។
  

លោក ម៉ុង ឫទ្ធី  បេះផ្លែទន្លាប់ គ្រាដែលលោកបានធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វញ៉ា សហអាម៉េរិក។ រូបពី ហ្វេសប៊ុករបស់លោក

ជាក់ស្ដែង មានម្ចាស់គណនីហ្វេសប៊ុកមួយចំនួន បានយករូបដែល លោក ថតជាមួយដើមទន្លាប់ ដែលមានផ្លែពោរពាស នៅសហរដ្ឋអាម៉េរិក ទៅផ្សព្វផ្សាយថា ជាផ្លែទន្លាប់ជប៉ុន រសជាតិផ្អែម ហើយស្រួយ ងាយស្រួលដាំ មិនរើសដីជាដើម។ ប្រហែល៥ឆ្នាំមុន លោកម៉ុង ឫទ្ធី ក៏ធ្លាប់បានយកទន្លាប់ប្រភេទនេះ ពីអាម៉េរិក មកសាកល្បងដាំនៅផ្ទះរបស់លោកដែរ ប៉ុន្តែគ្មានបានផលនោះទេ។ 
 
ការផ្សព្វផ្សាយដែលដាក់រូបលោកនៅពេលនេះ អាចនាំឱ្យពលរដ្ឋមានការយល់ច្រឡំ និងចាញ់បោកគេ ព្រោះផ្លែឈើ ឬដំណាំហូបផ្លែខ្លះ មិនអាចដាំដុះនៅប្រទេសកម្ពុជាបាននោះទេ ដោយសារកត្តាអាកាសធាតុ និងប្រភេទដីខុសគ្នាជាដើម។ លោក ម៉ុង ឫទ្ធី មិនពេញចំពោះទង្វើបែបនេះឡើយ។ 
 
លោក ប្រាប់យ៉ាងដូច្នេះថា៖« ខ្ញុំមិនគួរលូកមាត់នោះទេ រឿងនេះ ប៉ុន្តែទ្រាំអត់បាន។ យូៗទៅដូចជាពេក គ្មានអាណិតអ្នកដែលទិញយកទៅដាំសោះ។ ចេះតែយកបង្ហោះឱ្យគ្នា​(ពលរដ្ឋ) ទិញ ហើយគ្នា(ពលដ្ឋ)ឃើញប្លែក ក៏ចេះតែទិញដែរ។ ការទិញហ្នឹង បើនៅស្រុកគេលក់តែមួយដើម៨ ឬ៩ដុល្លារប៉ុណ្ណោះ។ តែនៅស្រុកឯង(កម្ពុជា) លក់សុទ្ធតែ៣០ដុល្លារ អ៊ីចឹងទៅ។ បើកុំដាក់រូបខ្ញុំ ខ្ញុំក៏មិនមាត់ដែរ។ នេះគេហៅ យករូបខ្ញុំទៅបោកប្រាស់គេ។ អ៊ីចឹង បានខ្ញុំប្រាប់ថា​ ទន្លាប់នេះ ខ្ញុំថតនៅរដ្ឋកា​លី​ហ្វ​ញ៉ាទេ»។ 
 
លោក ម៉ុង ឫទ្ធី បារម្ភពលរដ្ឋចាញ់បោកតាមការប្រកាសលក់ពូជរុក្ខជាតិតាមបណ្ដាញហ្វេសប៊ុកនេះ ដែលនាំឱ្យខាតបង់ប្រាក់ និងពេលវាលា។ ដូច្នេះ លោកណែនាំដល់ពលរដ្ឋ ពិចារណាឱ្យបានច្បាស់ មុនសម្រេចទិញពូជផ្លែឈើ ឬដំណាំអ្វីមួយមកដាំ៕ 
 
 
 
 

Tag:
 កសិកម្ម
  លោកឧកញ៉ា ម៉ុង ឫទ្ធី
  ពូជដំណាំ
© រក្សាសិទ្ធិដោយ thmeythmey.com