ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
យុវជន៦នាក់ នាំគ្នាអត់ហូបអាហារ «៧ថ្ងៃ» ដើម្បីទាមទារឲ្យដោះលែងអ្នកនាង សេង ធារី
02, Nov 2022 , 6:00 pm        
រូបភាព
យុវជន-យុវតីទាំង៦នាក់នៃក្រុមខ្មែរថាវរៈ យកស្កុតបិទមាត់និងគូសសញ្ញាខ្វែងលើរូបចាន ដែលបង្ហាញពីសញ្ញាមិនទទួលទានអាហារ។ រូបនារីកាន់ជញ្ជីង ក្នុងដៃយុវតីទាំង៣នាក់ គឺរូបអ្នកនាង សេង ធារី។ រូបពីគណនីហ្វេសប៊ុក Svay Samnang
យុវជន-យុវតីទាំង៦នាក់នៃក្រុមខ្មែរថាវរៈ យកស្កុតបិទមាត់និងគូសសញ្ញាខ្វែងលើរូបចាន ដែលបង្ហាញពីសញ្ញាមិនទទួលទានអាហារ។ រូបនារីកាន់ជញ្ជីង ក្នុងដៃយុវតីទាំង៣នាក់ គឺរូបអ្នកនាង សេង ធារី។ រូបពីគណនីហ្វេសប៊ុក Svay Samnang
ដោយ៖ តេង យ៉ាលីរូហ្ស៊ី និង ទេពញាណ

យុវជន៣នាក់ និងយុវតី៣នាក់នៃក្រុមខ្មែរថាវរៈ បានធ្វើយុទ្ធនាការ១ ហៅថា យុទ្ធនាការពហិកាបង្អត់អាហារខ្លួនឯង។ ពួកគេ ធ្វើយុទ្ធនាការនេះ ដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកនាង សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីអន្តរជាតិ។



ក្រុមយុវជនទាំងនោះ បានបង្ហោះព័ត៌មានអំពីយុទ្ធនាការបង្អត់អាហារខ្លួនឯងលើបណ្តាញសង្គម។ បើតាមសារលើបណ្តាញសង្គម ពួកគេទាំង៦នាក់ នឹងបង្អត់អាហារខ្លួនឯងរយៈពេល «៧ថ្ងៃ៧យប់» ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២២។ អ្នកនាង សេង ធារី ដែលកំពុងជាប់ឃុំនៅឯពន្ធនាគារខេត្តព្រះវិហារ ក៏នឹងចូលរួមធ្វើយុទ្ធនាការបង្អត់អាហារខ្លួនឯងរយៈពេល៧ថ្ងៃនេះជាមួយក្រុមយុវជនដែរ។

លោក ស្វាយ សំណាង យុវជនម្នាក់ក្នុងចំណោម៦នាក់ និយាយជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ក្នុងរយៈ៧ថ្ងៃនេះ ក្រុមយុវជន នឹងមិនទទួលទានអាហាររឹង ដូចជា បាយ និងផ្លែឈើឡើយ ដោយគ្រាន់តែផឹកទឹក និងភេសជ្ជៈផ្សេងៗប៉ុណ្ណោះ។ លោក លើកឡើងថា៖«ក្នុងរយៈពេល៧ថ្ងៃហ្នឹង ដឹងពួកខ្ញុំទ្រាំបានឬអត់ទេ ប្រហែលជាមានដួលខ្លះហើយ»។


យុវជន ស្វាយ សំណាង ចូលរួមក្នុងសកម្មភាពការពារព្រៃឈើកន្លងមក (រូបពីគណនីហ្វេសប៊ុករបស់លោក)។ 

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្តល់យោបល់ដល់ក្រុមយុវជនខាងលើថា មានតែស្វែងរកភស្តុតាងដោះបន្ទុក និងចូលរួមតាមនីតិវិធីរបស់តុលាការទេ ទើបអាចជួយការពារអ្នកនាង សេង ធារីបាន។ ឯការធ្វើពហិកាបង្អត់អាហារខ្លួនឯងនេះ លោក មើលឃើញថា មិនអាចជួយការពារអ្នកនាងតាមផ្លូវច្បាប់បានឡើយ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«យុទ្ធនាការបង្អត់អាហារនេះ គ្រាន់តែជាវិធីសាស្រ្ត ដើម្បីទាមទារការចាប់អារម្មណ៍ និងបិទបាំងនូវកំហុសដែលខ្លួនបានប្រព្រឹត្ត តែអត់មានឥទ្ធិពលអីលើតុលាការ ដែលជាស្ថាប័នអនុវត្តច្បាប់ទេ»។


លោក ជិន ម៉ាលីន ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងយុត្តិធម៌ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)។ 

យុវជន ស្វាយ សំណាង ដឹងច្បាស់ថា ការធ្វើពហិកាបង្អត់អាហារខ្លួនឯង គឺប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព តែយុវជនរបស់ក្រុមខ្មែរថាវរៈ នៅតែធ្វើយុទ្ធនាការនេះ ដើម្បីបង្ហាញឲ្យរដ្ឋាភិបាល និងតុលាការឃើញពីការលះបង់របស់ពួកគេ ក្នុងការទាមទារឲ្យដោះលែងអ្នកនាង សេង ធារី។ លោក សរសើរអ្នកនាងថា ជានារីក្លាហាន ដែលហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីទាមទារយុត្តិធម៌ និងសេរីភាពនៅកម្ពុជា។

លោក ប្រាប់ថា ក្រុមយុវជន នឹងជ្រើសរើសយកទីតាំងសាធារណៈណាមួយ ដើម្បីធ្វើយុទ្ធនាការបង្អត់អាហារខ្លួនឯងនេះ។ យុវជនរូបនេះ ពន្យល់ថា ពេលព្រឹក ឬពេលថ្ងៃ ក្រុមយុវជន  នឹងនាំគ្នាអង្គុយស្មិងស្មាធិ៍ក្នុងទីតាំងសាធារណៈនោះ ក្នុងរយៈពេលណាកំណត់ណាមួយ ហើយនៅពេលយប់ ពួកគេ នឹងវិលត្រឡប់ទៅសម្រាកតាមគេហដ្ឋាន លុះព្រឹកឡើង ពួកគេ នឹងបន្តធ្វើបែបនេះទៀត រហូតដល់គ្រប់៧ថ្ងៃ។

លោក ស្វាយ សំណាង ផ្ញើសារទៅកាន់សាធារណជនថា យុវជន និងប្រជាពលរដ្ឋផ្សេងទៀត ក៏អាចចូលរួមធ្វើពហិការបង្អត់អាហារជាមួយក្រុមយុវជនរបស់លោកដែរ ដើម្បីបង្ហាញការគោរពស្រឡាញ់ និងការឲ្យតម្លៃដល់អ្នកនាង សេង ធារី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ លោក យល់ថា រដ្ឋាភិបាល និងតុលាការ គួរដោះលែងអ្នកនាងឲ្យបានមុនកិច្ចប្រជុំកំពូលអាស៊ានមកដល់។ កិច្ចប្រជុំកំពូលអាស៊ាន នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ជូង ជូងី មេធាវីរបស់អ្នកនាង សេង ធារី បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា អ្នកនាង សេង ធារី នឹងចេញលិខិតជាលាយលក្ខណ៍អក្សរ អំពីការធ្វើពហិកាបង្អត់អាហារខ្លួនឯងរយៈពេល៧ថ្ងៃនេះ។ តាមរយៈសារព័ត៌មានថ្មីៗ លោក អះអាងថា៖«សុខភាពផ្លូវកាយរបស់គាត់ មិនជាបញ្ហាអ្វីទេ តែគាត់ ដូចជាមានបញ្ហាផ្លូវចិត្ត ប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់»។

លោក មានប្រសាសន៍ថា អ្នកនាង ជួបបញ្ហាផ្លូវចិត្ត ដោយសារមូលហេតុធំៗ២ គឺ ទី១ តុលាការ កាត់ទោសអ្នកនាងដោយអយុត្តិធម៌ ទី២ យកអ្នកនាងទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ ដែលធ្វើឲ្យអ្នកនាងឯកោ ព្រោះទាំងមេធាវី ទាំងសាច់ញាតិរបស់អ្នកនាង ពិបាកទៅសួរសុខទុក្ខអ្នកនាង។

ទោះបច្ចុប្បន្ន សុខភាពផ្លូវកាយរបស់អ្នកនាង មិនចោទជាបញ្ហាអ្វីក៏ដោយ តែលោកមេធាវី នៅតែបារម្ភ ស្របពេលអ្នកនាង សម្រេចចិត្តនឹងធ្វើពហិកាបង្អត់អាហារខ្លួនឯង។ លោក បារម្ភនៅត្រង់ថា ការបង្អត់អាហារខ្លួនឯង នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយរបស់អ្នកនាង ហើយបន្ទាប់មក បណ្តាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកនាងបន្ថែមទៀត។


លោកមេធាវី ជូង ជូងី ផ្តល់បទសម្ភាសដល់អ្នកកាសែត ពេលចេញពីតុលាការនាពេលកន្លងមក។ 

សូមរម្លឹកពីសាវតារបន្តិចថា អ្នកនាង សេង ធារី រួមទាំងអ្នកមាននិន្នាការប្រឆាំងពី៤០នាក់ ទៅ៥០នាក់ទៀត ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រម កាលពីខែមិថុនា ឆ្នាំ២០២២ ដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេលផ្សេងៗពីគ្នា រួមមាន ៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ។ ចំពោះទោស៥ឆ្នាំ ត្រូវព្យួរ ដូច្នេះ អ្នកដែលជាប់ទោស៥ឆ្នាំនេះ មិនត្រូវជាប់ឃុំក្នុងពន្ធនាគារឡើយ។

អ្នកនាង សេង ធារី ដែលជាស្រ្តីខ្មែរមានសញ្ជាតិអាម៉េរិក ស្ថិតក្នុងចំណោមអ្នកដែលត្រូវជាប់ទោស៦ឆ្នាំ។ ក្រោយពីត្រូវចាប់ខ្លួនយកឃុំនៅពន្ធនាគារព្រៃសបាន១ថ្ងៃ អ្នកនាង ក៏ត្រូវសមត្ថកិច្ច យកទៅឃុំនៅឯពន្ធនាគារខេត្តព្រះវិហារឯណោះវិញ។

មនុស្សប្រមាណ៥០នាក់នោះ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ក្នុងសំណុំរឿងតែមួយជាមួយគ្នា។ តុលាការ រកឃើញថា ពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ដូច្នេះហើយ បានជាតុលាការ ដាក់បទចោទទាំង២នេះលើពួកគេ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវី ជូង ជូងី បដិសេធជាថ្មីថា អ្នកនាង សេង ធារី ពុំពាក់ព័ន្ធអ្វីជាមួយថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតសោះឡើយ។ កន្លងមក លោក ធ្លាប់ដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ផង និងទៅដល់តុលាការកំពូលផង ដើម្បីសុំឲ្យដោះលែងអ្នកនាង តែសុទ្ធតែត្រូវបានបដិសេធ៕


ពេលទៅចូលរួមសវនាការ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ អ្នកនាង សេង ធារី តែងខ្លួនជានាងតេមិស (Themis) ឬហៅថា នាងយុត្តិធម៌ (Lady Justice) ដែលជាជនជាតិក្រិចសម័យបុរាណកាលពីជាង២ពាន់ឆ្នាំមុន (រូបពី AFP)។

Tag:
 សេង ធារី
  យុវជន
  ពហិកាបង្អត់អាហារខ្លួនឯង
© រក្សាសិទ្ធិដោយ thmeythmey.com