កីឡាជាតិ
ជាតិ
លោក ប៊ុយ សោភ័ណ្ឌ៖ សៅ រង្សី ចាញ់ពិន្ទុ Khosravi តែកើនសមត្ថភាព
03, Nov 2022 , 12:09 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រម សៅ រង្សី និងបង្គោលខៀវ MEHDI KHOSRAVI ។ រូបពី ASBC
ការប្រកួតរវាងបង្គោលក្រម សៅ រង្សី និងបង្គោលខៀវ MEHDI KHOSRAVI ។ រូបពី ASBC
ដោយ:
«កម្រិតបច្ចេកទេសសៅ រង្សី មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលគាត់មានសមត្ថភាពរហូតដល់វាយជើងខ្លាំងអ៊ីរ៉ង់ Mehdi Khosravi ឱ្យរាប់ទឹក១ ប៉ុន្តែអ្វីដែលគាត់ត្រូវពង្រឹងបន្ថែមគឺកម្លាំង»។ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៣ ខែវិច្ឆិកា ដូច្នេះក្រោយ សៅ រង្សី ចាញ់ពិន្ទុកីឡាករអ៊ីរ៉ង់ Mehdi Khosravi  នៃពានរង្វាន់ប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ASBC Asian Elite Men and Women Boxing Championship 2022 នៅថ្ងៃទី២ ខែវិច្ឆិកា ក្នុងក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។

 
ទោះបីជាកីឡាករ សៅ រង្សី បរាជ័យក្នុងការប្រកួតបើកឆាកដំបូងរបស់ខ្លួនក៏ពិតមែនតែសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មើលឃើញថា រង្សី គឺប្រឹងប្រែង និងតស៊ូក្នុងការហ្វឹកហាត់ជាមួយគ្រូដែលមានបច្ចេកទេសខ្ពស់មកពី កាហ្សាក់ស្ថាន។
 
លោក ប៊ុយ សោភ័ណ្ឌ លើកឡើងថា៖«ក្រោយទទួលបានការហ្វឹកហាត់កម្រិតអន្តរជាតិពីគ្រូបង្វឹកកាហ្សាក់ស្ថានមួយរយៈខ្លី សហព័ន្ធវាយតម្លៃបានថា សៅ រង្សី មានបច្ចេកទេស និងទម្រង់ប្រកួតរបស់គាត់មានការរីកចម្រើនខ្លាំង ដែលគាត់ជាក្តីសង្ឃឹម ១រូប សម្រាប់កម្ពុជាក្នុងការដណ្តើមយកមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០២៣»។ 
 
លោក បានបន្តថា៖«អ្វីដែលយើងត្រូវត្រៀមលក្ខណៈសម្រាប់ឈានឆ្ពោះទៅដណ្តើមមេដាយស៊ីហ្គេម គឺស្វែងរកឱកាសបន្ថែមឱ្យគាត់ទៅបោះជំរុំហ្វឹកហាត់ក្រៅប្រទេស ដែលយើងគ្រោងទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថានរយៈពេល ២សប្តាហ៍នាខែធ្នូ ខាងមុខនេះ ក៏ដូចជាផ្តល់ឱកាសប្រកួតក្រៅប្រទេសឱ្យបានច្រើនដើម្បីពង្រឹងបច្ចេកទេស និងភាពជឿជាក់របស់គាត់»។
 
កីឡាករសៅ រង្សី នាំមុខពិន្ទុកីឡាករអ៊ីរ៉ង់ នៅទឹកទី១ ដោយវាយ Khosravi ឱ្យអាជ្ញាកណ្តាលរាប់១លើក។ ដោយឡែក ទឹក២ បង្គោលក្រហម សៅ រង្សី មានបញ្ហាឈឺដៃ និងធ្លាក់កម្លាំងហ្ស៊ូសទើបបណ្តាលឱ្យចាញ់ពិន្ទុ បង្គោលខៀវ MEHDI KHOSRAVI នៅទឹកទី២ និងទឹកទី៣។
បញ្ចប់ការប្រកួតបង្គោលខៀវ Mehdi Khosravi មកពីអ៊ីរ៉ង់ បានយកឈ្នះបង្គោលខៀវកីឡាករកម្ពុជា សៅ រង្សី ដោយពិន្ទុ។ សៅ រង្សី ត្រូវហាលអាវក្នុងជំនួបប្រកួតដំបូងរបស់ខ្លួនសម្រាប់កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ដែលបានទៅចូលរួមប្រកួតនៅហ្ស៊កដានី។
 
គួរបញ្ជាក់ថា ការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ASBC Asian Elite Men and Women Boxing Championship 2022 ចាប់ផ្តើមពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើនៅក្នុងក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។ ប្រតិភូដឹកនាំដោយ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក Kassymkhanov Berikbol Amantayevich គ្រូបង្គោល លោក ជ័យ ណារ៉ា គ្រូជំនួយ រួមមានទាំងកីឡាករ សៅ រង្សី, នូវ សុខទី, ទូច ដេវីត, វ៉ែន រដ្ឋា, ណាស្រេឌីនូវ អាន់វ៉ា និងកីឡាករ រ៉ាចាពៅ អាប់ឌុលឡា៕
 
 
 
 
 
 

Tag:
 កីឡាប្រដាល់សកល
  ASBC
© រក្សាសិទ្ធិដោយ thmeythmey.com