កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក នូ ចំរើន៖ វិញ្ញាសាកង់ភ្នំជាក្តីសង្ឃឹមក្នុងការប្រជែងមេដាយនៅស៊ីហ្គេម២០២៣
04, Nov 2022 , 7:59 am        
រូបភាព
សកម្មភាពការប្រណាំងកង់ក្នុងកម្មវិធី Cyling for all ត្រៀមស៊ីហ្គេម២០២៣ នាពេលថ្មីៗនេះនៅខេត្តសៀមរាប។ រូបពីCCF
សកម្មភាពការប្រណាំងកង់ក្នុងកម្មវិធី Cyling for all ត្រៀមស៊ីហ្គេម២០២៣ នាពេលថ្មីៗនេះនៅខេត្តសៀមរាប។ រូបពីCCF
ដោយ:
«សម្រាប់ក្តីរំពឹងរបស់សហព័ន្ធកីឡាទោចក្រយាន យើងបានដាក់ក្តីសង្ឃឹមលើវិញ្ញាសាកង់ភ្នំ សម្រាប់ដណ្តើមមេដាយនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន អះអាងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ នៅថ្ងៃទី៣​ ខែវិច្ឆិកា។

 
ជាមួយនឹងក្តីរំពឹងនេះដែរ លោក នូ ចំរើន មើលឃើញថាកីឡាករកម្ពុជា មានការហ្វឹកហាត់បានទៀងពេល ហើយការហ្វឹកហាត់នេះទៀតសោត គឺនៅលើទីតាំងសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលជាហេតុនាំឱ្យកីឡាករស្គាល់ច្បាស់ នៅលើផ្លូវដែលបានកត់ចំណាំ។ មួយវិញទៀត កីឡាករកម្ពុជា ក៏ទើបតែធ្វើបានល្អ កាលពីស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមផងដែរ។
 
លោក ចំរើន បញ្ជាក់ថា៖ «ហេតុដែលយើងដាក់ក្តីរំពឹង លើកីឡាករកង់ភ្នំយើង ដោយសារតែកីឡាករយើង បានហ្វឹកហាត់នៅលើផ្លូវដែលបានកត់ចំណាំ លើទីលានដែលត្រៀមរៀបចំការប្រកួត អ៊ីចឹងបានន័យថា នេះជាផ្លូវរបស់ពួកយើងដែលបានហ្វឹកហាត់រាល់ថ្ងៃ។ យើងបានសាងស្នាដៃជាលទ្ធផលថ្មីៗ នៅស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម គឺយើងជាប់ចំណាត់ថ្នាក់លេខ។ ៥,៦ណាមួយកីឡាករយើងវ័យក្មេង មានថាមពលក្នុងការប្រណាំង»។ 
 
សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏គ្រោងនឹងបង្កើតកម្មវិធីប្រកួតកីឡាប្រណាំងកង់ថ្នាក់ជាតិ នៅខែធ្នូខាងមុខនេះដែរ ដើម្បីជាការវាស់ស្ទង់បន្ថែម ​លើកម្រិតសមត្ថភាពមន្រ្តីគណៈកម្មការបច្ចេកទេស ដើម្បីត្រៀមសម្រាប់ការប្រកួតស៊ីហ្គេម២០២៣។ ក្នុងនោះ ក៏មានមន្រ្តីបច្ចេកទេសអន្តរជាតិមកពីប្រទេសថៃ ចូលរួមធ្វើបទបង្ហាញផងដែរ។
 
លោក ចំរើន និយាយថា៖ «មុននឹងការប្រកួតមកដល់ គឺយើងនឹងមានវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកម្រិតខ្ពស់ ដែលមានអ្នកជំនាញ Technical Delegate ពីប្រទេសថៃ»។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានថ្នាក់ជាតិ នឹងធ្វើនៅថ្ងៃទី២៦ ដល់២៨ ខែធ្នូ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ ឬNational Games ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២៕
 
 
 

Tag:
 កីឡាទោចក្រយាន
 ថ្នាក់ជាតិ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com