អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន រងរបួសក្នុងការប៉ុនប៉ងធ្វើឃាតកម្ម
03, Nov 2022 , 8:02 pm        
រូបភាព
លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ រូបភាព៖ AFP
លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ រូបភាព៖ AFP
លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន នៅថ្ងៃទី៣ ខែវិច្ឆិកា បានរងការប៉ុនប៉ងធ្វើឃាតកម្ម ក្នុងអំឡុងពេលតវ៉ាទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់។ ក្នុងការប៉ុនប៉ងធ្វើឃាតកម្មនេះ លោក Imran Khan បានរងរបួស ដោយខ្មាន់កាំភ្លើងបាញ់ត្រូវជើង។

 
 
ក្នុងការតវ៉ាទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់ ដោយមានអមជាមួយក្បួនរថយន្តជាច្រើនគ្រឿង ពីស្រុក Wazirabad ខេត្តភាគខាងកើត Punjab ប៉ាគីស្ថាន ដើម្បីឆ្ពោះទៅក្រុងអ៊ីស្លាម៉ាបាដ លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានរងការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងមួយរូប។ 
 
ក្នុងការប៉ុនប៉ងធ្វើឃាតកម្មនេះ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានរងរបួសត្រូវជើង។ នេះបើតាមការបញ្ជាក់របស់មន្រ្តីបក្សរបស់លោក Imran Khan។ 
 
«បុរសម្នាក់បានបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ។ មនុស្សមួយចំនួន បានរងរបួស ហើយលោក Imran Khan ក៏រងរបួសដែរ»។ លោក Asad Umar មន្រ្តីបក្សរបស់លោក Imran Khan បានបញ្ជាក់បែបនេះ ទីកាន់ទីភ្នាក់ងារព័ត៌មាន Reuters។ មេដឹកនាំបក្សមួយទៀត លោក Imran Ismail បានប្រាប់ទូរទស្សន៍ Bol TV ថា ខ្មាន់កាំភ្លើង បានប្រើ AK-47 និងបាញ់ជើង លោក Imran Khan ៣ឬ៤ដង។ 
 
មនុស្សជំនិតរបស់លោក Imran Khan មួយរូបទៀត បានអះអាងថា លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងក្រុង Lahore ខេត្ត Punjab ប៉ាគីស្ថាន និងមានស្ថានភាពល្អនៅឡើយ។ 
 
សូមបញ្ជាក់ថា ការវាយប្រហារខាងលើ ធ្វើឡើងតិចជាង ១សប្តាហ៍ប៉ុណ្ណោះ ក្រោយអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានចាប់ផ្តើមតវ៉ាពីក្រុង Lahore ដើម្បីទាមទារឱ្យមានការបោះឆ្នោតមុនពេលកំណត់។ លោក Imran Khan ត្រូវបានដកចេញពីតំណែង បន្ទាប់ពីសភាបោះឆ្នោតមិនទុកចិត្ត នៅក្នុងខែមេសាកន្លងមក៕
 

Tag:
 ប៉ាគីស្ថាន
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com