ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
កវីនិពន្ធ ស៊ូ ខេមរិន្ទ៖ ខ្ញុំសរសេររឿងពិតពីសង្គម ដើម្បីបំបាត់ភាពអសកម្ម
04, Nov 2022 , 8:59 am        
រូបភាព
«ម្ខាស់ប៉ាកការាំ »  លោក ស៊ូ ខេមរិន្ទ  កវីនិពន្ធខ្មែរឯករាជ្យ
«ម្ខាស់ប៉ាកការាំ » លោក ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរឯករាជ្យ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ជិត២០ឆ្នាំហើយ ដែលលោក ស៊ូ ខេមរិន្ទ ចាប់យកឯកទេសអក្សរសាស្រ្តខ្មែរ ក្នុងការផ្តល់នូវពុទ្ធិទៅកាន់សិស្ស ក៏ដូចជាមិត្តអ្នកអានរបស់ខ្លួន តាមរយៈការបង្រៀន ការតែងនិពន្ធ កំណាព្យ រឿងខ្លី និងទំនុកច្រៀងជាដើម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកនិពន្ធរូបនេះ បាននិយាយថា ខ្លួនហ៊ានសរសេរពីរឿងពិតក្នុងសង្គម ដោយមិនបម្រើឱ្យបក្សនយោបាយណាមួយឡើយ ព្រោះចង់បំបាត់ភាពអសកម្មសង្គម ដើម្បីជាតិរីកចម្រើន។

 
«ម្ចាស់ប៉ាកការាំ» គឺជារហ័សនាមកវីនិពន្ធរូបសង្ហា លោក ស៊ូ ខេមរិន្ទ ដែលចំណាយពេលជិត២០ឆ្នាំហើយ ក្នុងការចាប់យកឯកទេសអក្សរសាស្រ្តខ្មែ​រជាដើមទុន សម្រាប់អាជីពរស់នៅ។ បច្ចុប្បន្នលោក គឺជាកវីនិពន្ធខ្មែរឯករាជ្យមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃរបស់ខ្លួនមួយចំនួន មានទាំងប្រភេទអត្ថបទកំណាព្យ  ប្រលោមលោកខ្នាតខ្លី និងស្នាដៃទំនុកច្រៀងជាដើម។ ក្រៅពីនេះ បុរសអ្នកខេត្តកំពង់ធំខាងលើ ក៏ជាគ្រូឧទ្ទេសមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ដែលកំពុងបង្ហាត់បង្រៀននៅសាលាគរុកោសល្យ និងវិក្រឹត្តការខេត្តកំពង់ធំផងដែរ។
  

«ម្ចាស់ប៉ាកការាំ » លោក ស៊ូ  ខេមរិន្ទ កវីនិពន្ធ ឯករាជ្យ
 
ដើម្បីកាន់តែលម្អិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ស៊ូ ខេមរិន្ទ  អ្នកនិពន្ធខ្មែរឯករាជ្យ ដូចតទៅ៖





កវីនិពន្ធដែលពូកែលេងពាក្យពេចន៍ និងហ៊ាននិយាយរិះគន់ខ្លាំងៗទៅលើចំណុចអសកម្មផ្សេងៗដោយភាពជឿជាក់នោះ បានពន្យល់ថា ខ្លួនហ៊ានសរសេរពីរឿងពិតក្នុងសង្គម ដោយមិនបម្រើឱ្យបក្សនយោបាយណាមួយឡើយ ព្រោះតែចង់បំពេញរាល់ភាពអសកម្មក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍប្រទេស តាមដែលអាចធ្វើទៅបាន។ 
 
លោក ស៊ូ ខេមរិន្ទ លើកឡើងដូច្នេះ៖ «គ្រប់ស្នាដៃរបស់ខ្ញុំ តែងតែសរសេរតាមអ្វីដែលមើលឃើញ មើលឃើញដូចម្តេចក៏សរសេរតាមហ្នឹង! ក្នុងនាមជាអ្នកនិពន្ធឯករាជ្យមួយរូប។ ខ្ញុំសរសេរដោយមិនបានបម្រើឱ្យនិន្នាការនយោបាយណាមួយឡើយ ហើយចង់បង្ហាញអ្វីដែលខ្លួនមើលឃើញ ចំណុចអសកម្មរបស់សង្គម ឬរឿងរ៉ាវផ្សេងៗទៅកាន់អ្នកនយោបាយ មហាជន ដើម្បីចូលរួមចាប់អារម្មណ៍ កែប្រែ ឈានទៅរកការអភិវឌ្ឍប្រទេសឱ្យបានជឿនលឿន»។ 
  

ប្រលោមលោកខ្នាតខ្លី ពីអ្នកនិពន្ធ ស៊ូ ខេមរិន្ទ
 
ស្នាដៃដែលលោក និពន្ធកន្លងមករួមមាន រឿងខ្មាសឆ្កែ  ទឹកខ្មៅល្វីង ជាដើម។ អ្នកនិពន្ធ វ័យជាង៣០ឆ្នាំរូបនេះ ហាក់បារម្ភពីសុវត្ថិភាពរបស់ខ្លួនខ្លះដែរ នៅពេលដែលលោកហ៊ាននិយាយរិះគន់នូវភាពអសកម្មក្នុងសង្គមចំៗ។ 
 
លោក ស៊ូ ខេមរិន្ទ បានប្រៀបធៀបខ្លួនលោកយ៉ាងដូច្នេះថា៖ « ខ្ញុំនៅតែមានការព្រួយបារម្ភខ្លះដែរ ព្រោះអ្នកនិពន្ធប្រៀបដូចជាធូបមួយដើមដែលមានពន្លឺតិចតួច ក្នុងទីងងឹត ហើយមានផ្សែងហើរ ដែលផ្សែងនេះអាចផ្សាភ្នែកអ្នកដទៃដែរ។ ពន្លឺគេមិនពេញចិត្ត ហើយផ្សែងក៏គេមិនពេញចិត្តដែរ។ អ៊ីចឹងគឺជារឿងជៀសមិនផុតសម្រាប់កវីនិពន្ធ»។
 

លោក ស៊ូ ខេមរិន្ទ  កវីនិពន្ធខ្មែរ ឯករាជ្យ
 
ម្ចាស់ស្លាបប៉ាកការាំរូបនេះ បានចែករំលែកថា ដើម្បីមានដើមទុនក្នុងការសរសេរស្នាដៃនីមួយៗរបស់ខ្លួន លោក ក៏មានការសិក្សាស្រាវជ្រាវច្រើនគួរសម ទាំងការអានសៀវភៅជាតិ អន្តរជាតិ អំពីទម្រង់នៃការសរសេរ និងគំនិតក្នុងការផ្តល់ឱ្យអ្នកអាន។ លើសពីនេះគឺការតាមដានព័ត៌មាន ទាំងព័ត៌មានឯករាជ្យ ព័ត៌មានប្រឆាំងរដ្ឋាភិបាល និងគាំទ្ររដ្ឋាភិបាលជាដើម​ ដើម្បីសម្រិតសម្រាំងឱ្យបានល្អ មុនចេញផ្សាយ។
 
តាមរយៈការចាប់យកមុខវិជ្ជាអក្សរសាស្រ្តខ្មែរជិត២០ឆ្នាំហើយនោះ លោក ស៊ូ ខេមរិន្ទ មើលឃើញថា បច្ចុប្បន្នអ្នកដែលស្រឡាញ់មុខវិជ្ជានេះ ហើយចង់ចាប់យកជាអាជីពទៅថ្ងៃអនាគត គឺមិនសូវច្រើនប៉ុន្មានទេ៕
 

Tag:
 វិស័យសិល្បៈអក្សរសិល្ប៍
© រក្សាសិទ្ធិដោយ thmeythmey.com