អន្តរជាតិ
ជប៉ុនបញ្ជាក់ភាពចាំបាច់លើកិច្ចសហការជាមួយកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើងបាញ់មីស៊ីលច្រើនលើក
04, Nov 2022 , 2:44 pm        
រូបភាព
លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងស្តាំ) ចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ Kyodo
លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងស្តាំ) ចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ Kyodo
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វីមីអូ នៅថ្ងៃទី៣ ខែវិច្ឆិកា បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកូរ៉េខាងជើង នាពេលនេះ គឺសំខាន់ជាងពេលណាទាំងអស់ ខណៈពេលកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើកទៅសមុទ្រខាងកើត។

 
ក្នុងសារមួយ ដែលអានដោយអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង លោក Koichi Aiboshi នៅក្នុងកិច្ចប្រជុំរបស់សហភាពមិត្តភាពសភានៃប្រទេសទាំងពីរ លោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងតូក្យូ។ 
 
«វាគ្មានពេលណាសំខាន់ជាងពេលនេះឡើយ សម្រាប់កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង និងជប៉ុន និងកិច្ចសហប្រតិបត្តិការត្រីភាគីអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ស្របពេលសណ្តាប់ធ្នាប់អន្តរជាតិ ស្ថិតក្រោមការគំរាមកំហែង»។ លោក គីស៊ីដា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា សហគមន៍អន្តរជាតិ កំពុងប្រឈមបញ្ហាជាច្រើនដូចជា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន  ជំងឺឆ្លងសកល រួមទាំងវិបត្តិស្បៀងអាហារ និងថាមពលជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
ក្នុងសារនោះ ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ បានចាត់ទុកកូរ៉េខាងត្បូងជាប្រទេសជិតខាងដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ។ ត្រង់ចំណុចនេះ លោកគីស៊ីដា បានជំរុញឱ្យទំនាក់ទំនងប្រទេសជិតខាងទាំងពីរមានភាពល្អប្រសើរវិញ ក្រោយកូរ៉េខាងត្បូង និងជប៉ុន មានភាពល្អក់កករជុំវិញសាលក្រមទាក់ទិននឹងជនរងគ្រោះនាសម័យសង្រ្គាម និងការចាប់បង្ខំកម្លាំងពលកម្មជាដើម។ 
 
សាររបស់លោកគីស៊ីដានេះ កើតមានស្របពេលកូរ៉េខាងជើងបានសាកល្បងមីស៊ីលជាច្រើនលើកនៅក្នុងថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា។ 
 
ជុំវិញការសាកល្បងមីស៊ីលខាងលើ ក្រសួងការបរទេសកូរ៉េខាងត្បូង​ នៅថ្ងៃទី៣ ខែវិច្ឆិកា បានអះអាងថា ខ្លួនកំពុងពិចារណាដាក់ទណ្ឌកម្មជាឯកតោភាគីបន្ថែមលើកូរ៉េខាងជើង។ នៅខែមុនក្រុងសេអ៊ូល បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៥រូប និងស្ថាប័នចំនួន ១៦ជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំមកនេះ។ ទន្ទឹមនេះ កូរ៉េខាងត្បូង ក៏កំពុងពិភាក្សាជាមួយជប៉ុន និងអាម៉េរិក ជុំវិញទណ្ឌកម្មឯកតោភាគីនេះដែរ៕ 
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com