អន្តរជាតិ
ប្រមុខណាតូ៖ វាជាពេលត្រូវស្វាគមន៍ហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក
05, Nov 2022 , 10:29 pm        
រូបភាព
លោក Jens Stoltenberg ប្រមុខសម្ព័ន្ធយោធាណាតូ (ខាងឆ្វេង) ជាមួយប្រមុខការទូតតួកគី​ លោក Mevlut Cavusoglu នៅតួកគី។ រូបភាព៖ AFP
លោក Jens Stoltenberg ប្រមុខសម្ព័ន្ធយោធាណាតូ (ខាងឆ្វេង) ជាមួយប្រមុខការទូតតួកគី​ លោក Mevlut Cavusoglu នៅតួកគី។ រូបភាព៖ AFP
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃទី៣ ខែវិច្ឆិកា បានអះអាងថា ស៊ុយអែត និងហ្វាំងឡង់ ប្តេជ្ញាក្នុងការធ្វើការជាមួយតួកគី ដើម្បីដោះស្រាយក្តីបារម្ភអំពីសមាជិកភាពរបស់ប្រទេសទាំងពីរ ទៅក្នុងអង្គការណាតូ។ ត្រង់ចំណុចនេះ លោក Stoltenberg បានអះអាងថា វាជាពេលត្រូវស្វាគមន៍ហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក។

 
ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ស៊ុយអែត និងហ្វាំងឡង់ ដែលបារម្ភពីសុវត្ថិភាពខ្លួននោះ បានដាក់ពាក្យចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ យ៉ាងណាមិញ សមាជិកភាពនេះ ត្រូវបានតួកគីជំទាស់ក្រោមហេតុផលភេរវកម្ម។ 
 
ក្នុងដំណើរទស្សនកិច្ចនៅតួកគីរយៈពេល ៣ថ្ងៃ លោក Jens Stoltenberg ប្រមុខអង្គការណាតូមានបំណងពន្លឿនការផ្តល់សច្ចាប័នរបស់តួកគីលើសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុតអែត ទៅក្នុងសម្ព័ន្ធយោធាណាតូ។ មកទល់ពេលនេះ តួកគី ជាមួយនឹងហុងគ្រី មិនទាន់ផ្តល់សច្ចាប័នដល់សមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែតឡើយ។  
 
«វាជាពេលត្រូវស្វាគមន៍ហ្វាំងឡង់ និងស៊ុយអែត ជាសមាជិកពេញលេញរបស់ណាតូ»។ លោក Stoltenberg បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយលោក Mevlut Cavusoglu រដ្ឋមន្រ្តីការបរទេសតួកគី ក្នុងថ្ងៃទី៣ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ត្រង់ចំណុចនេះ ប្រមុខសម្ព័ន្ធយោធាណាតូ យល់ថា ការចូលជាសមាជិកពីសំណាក់ប្រទេសទាំងពីរ នឹងធ្វើឱ្យអង្គការណាតូ កាន់តែរឹងមាំ និងមានសុវត្ថិភាពជាងមុខ។ ហ្វាំងឡង់ និងស៊ុយអែត បានចុះហត្ថលេខាលើនីតិវិធីចូលជាសមាជិកណាតូដំបូង នៅក្នុងខែកក្កដា កន្លងមក ពោលគឺក្រោយប៉ុន្មានខែរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ 
 
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសតួកគី បានអះអាងថា ហ្វាំងឡង់ និងស៊ុយអែត មិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនបានទាំងអស់ឡើយ ហើយវាមានជំហានជាច្រើនទៀត ត្រូវអនុវត្ត។ ប្រមុខការទូតតួកគី បានបន្តថា តួកគី គ្មានបំណងបង្អាក់ការពង្រីកសមាជិកថ្មីរបស់ណាតូឡើយ ប៉ុន្តែខ្លួនគ្រាន់តែចង់ឃើញមានការអនុវត្តច្បាស់លាស់ប៉ុណ្ណោះ។
 
ក្នុងន័យនេះ តួកគីទំនងជាមិនផ្តល់សច្ចាប័នដល់ប្រទេសទាំងពីរងាយៗឡើយ។ ដើម្បីចូលជាសមាជិកអង្គការណាតូ សមាជិកសម្ព័ន្ធយោធាទាំង ៣០ ត្រូវផ្តល់សច្ចាប័នទាំងអស់ឱ្យប្រទេសដែលចង់ចូលជាសមាជិក៕ 
 

Tag:
 ណាតូ
  តួកគី
  ហ្វាំងឡង់
  ស៊ុយអែត
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com