អន្តរជាតិ
មេដឹកនាំអង់គ្លេស ប្ដេជ្ញាពន្លឿនផែនការថាមពលកកើតឡើងវិញនៅកិច្ចប្រជុំ COP27
06, Nov 2022 , 11:27 am        
រូបភាព
លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស
លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak សន្យាថានឹងពន្លឿនការបំពេញផែនការថាមពលកកើតឡើងវិញ។ លោក ត្រៀមលើកយកបញ្ហានេះ ពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល COP27 របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី៧ ខែវិច្ឆិកា នាប្រទេសអេហ្ស៊ីប។

 
លោក Sunak ប្ដេជ្ញាពន្លឿនផែនការប្រើថាមពលកកើតឡើងវិញឱ្យបានល្អជាងមុន ។ ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយខុទ្ធកាល័យខ្លួននោះ លោក Sunak នឹងធ្វើការជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅរកប្រភពថាមពលស្អាតជាងមុន បើទោះជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបង្ករសម្ពាធកាន់តែធ្ងន់ធ្ងរក្តី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
«ការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងការគ្រប់គ្រងតម្លៃថាមពលបានជំរុញយើងបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ យើងត្រូវបន្តដំណើរទៅមុខទៀត និងលឿនជាងមុន ដើម្បីផ្លាស់ប្តូរទៅកាន់ថាមពលកកើតឡើងវិញ ហើយខ្ញុំនឹងធានាថា អង់គ្លេសស្ថិតនៅជួរមុខនៃចលនាសកលនេះ»។ លោក Sunak លើកឡើងបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍ដែលនឹងថ្លែងទៅអ្នកនយោបាយ ក៏ដូចជាមេដឹកនាំធុរកិច្ចនៅក្នុងកិច្ចប្រជុំ COP27។
 
មូលហេតុលោក Sunak ផ្ដោតលើផែនការថាមពលស្អាតនោះ ដោយសារនាយករដ្ឋមន្ត្រីរូបនេះ រងការរិះគន់យ៉ាងខ្លាំងពីសកម្មជនបរិស្ថាន និងគូប្រជែងនយោបាយ។
 
កាលពីឆ្នាំ២០២១ អង់គ្លេសបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow។ លោក Sunak នឹងជំរុញឱ្យមេដឹកនាំប្រកាន់ខ្ជាប់ការសន្យាដែលពួកគេបានធ្វើកាលពីឆ្នាំមុនស្ដីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ លោកនឹងបើកកិច្ចប្រជុំស្តីពីសន្តិសុខថាមពល បច្ចេកវិទ្យាបៃតង និងការការពារបរិស្ថាន ព្រមទាំងធ្វើជាប្រធានកិច្ចពិភាក្សាស្តីពីព្រៃឈើនិងធម្មជាតិផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com