ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍ពាណិជ្ជកម្មនៅខេត្តព្រះសីហនុ នឹងជួយស្តារវិស័យទេសចរណ៍ឡើងវិញ
10, Nov 2022 , 6:59 pm        
រូបភាព
 ការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ក្រសួងទេសចរណ៍ បានសហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA CAMBODIA CHAPTER) រៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២ កាលពីថ្ងៃទី៩ វិច្ឆិកា។
ពិព័រណ៌នេះ នឹងជួយស្តារវិស័យទេសចរណ៍កម្ពុជា និងតំបន់ឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

 
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ការតាំងពិព័រណ៌នេះ បាននាំអ្នកទិញ និងអ្នកលក់ផលិតផលចម្រុះ និងអាជីវកម្មទេសចរណ៍ចំនួន ២០០ស្ដង់ ក្នុងនោះមានក្រុមហ៊ុនបរទេស ៣០ ស្ដង់ និងអ្នកទិញ មកពីឥណ្ឌា, តួកគី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ និងវៀតណាម ព្រមទាំងអ្នកវិនិយោគ និងក្រុមហ៊ុនកម្ពុជា ចំនួន១៥ ផងដែរ។


  ការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
 
 
«មានស្តង់ក្រុមហ៊ុនរថយន្ដ ក្រុមហ៊ុនលក់លំនៅដ្ឋាន រមណីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនកែច្នៃម្ហូបអាហារខ្មែរ រួមទាំងស្តង់លក់ម្ហូបអាហារដូចជា ត្រីកាម៉ុង នំបញ្ចុក នំខ្មែរ បង្អែមការ៉េម តែ កាហ្វេ ផ្លែឈើស្រស់ និងវត្ថុអនុស្សាវរីយ៍ អមដោយព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត»។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។
 
លោក នី ផល្លី​ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការតាំងពិព័រណ៌អន្តរជាតិនេះ មាន ៨ប្រទេសចូលរួម ដែលវាផ្ដល់ឱកាសដល់អ្នកលក់ និងអ្នកទិញក្នុងវិស័យទេសចរណ៍ និងចំណីអាហារ។ បានជួបពិភាក្សាគ្នាដោយផ្ទាល់ ក្នុងការផ្លាស់ប្ដូរ និងស្វែងរកឱកាសចាប់ដៃគូ ដើម្បីនាំភ្ញៀវទេសចរពីក្រៅប្រទេស មកលេងនៅកម្ពុជាឱ្យកាន់តែច្រើនទៀត។


ការតាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២២។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖« នេះជាឱកាសមួយផ្សព្វផ្សាយទៅអន្តរជាតិ ដើម្បីឱ្យស្គាល់អំពីគោលដៅទេសចរណ៍ដ៏មានតម្លៃរបស់កម្ពុជា»។
 
បើតាមរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ តំបន់ឆ្នេរសមុទ្រកម្ពុជា មានសក្តានុពលទាំងដីគោក និងដីកោះ ។ រដ្ឋាភិបាល បានចាត់ទុកជា តំបន់ឆ្នេរសមុទ្រជា «មាសបៃតង» ក្នុងការទាក់ទាញទេសចរណ៍ ដែលជាវិស័យសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ច៕
 

Tag:
 ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com