កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Camsoc យកការរៀបចំកីឡាជាតិ​លើកទី៣ និងប៉ារ៉ាឡាំពិកជាតិ​លើកទី១ ជាបទពិសោធន៍ត្រៀមស៊ីហ្គេម
11, Nov 2022 , 8:59 pm        
រូបភាព
លោក ស សុខា អនុប្រធាន Camsoc ក្នុងសន្នីសិទ្ធសារព័ត៌មានការប្រកួតកីឡាជាតិលើកទី៣ កន្លងទៅ រូបពី Camsoc
លោក ស សុខា អនុប្រធាន Camsoc ក្នុងសន្នីសិទ្ធសារព័ត៌មានការប្រកួតកីឡាជាតិលើកទី៣ កន្លងទៅ រូបពី Camsoc
លោក ស សុខា អនុប្រធាន​គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Camsoc) បានបញ្ជាក់ថាក្រុម​ការងារលោក នឹងទទួលបានបទពិសោធន៍ពីការរៀបចំការប្រកួតប្រភេទកីឡាផ្សេងៗ តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣និងកីឡាប៉ារ៉ាឡាំពិកលើកទី១ ដែលនឹងធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២។

 
យោងទៅលើការផ្សាយលើគេហទំព័រ Camsoc នៅថ្ងៃទី១១ខែវិច្ឆិកានេះ លោក ស សុខា បាននិយាយថា ព្រឹត្តិការណ៍កីឡាដ៏ធំ នៅអំឡុងខែវិច្ឆិកាគឺជាការស្ទង់នូវសមត្ថភាពមន្ដ្រីរៀបចំការប្រកួត និងមន្ដ្រីបច្ចេកទេសដោយមានគោលដៅផ្ដោតលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។កម្ពុជា នៅសល់ពេលប្រមាណជិត ៦ខែ ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នៅអំឡុងខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅអំឡុងខែមិថុនា ឆ្នាំ២០២៣។ 
 
«ការប្រកួតកីឡាជាតិលើកទី៣ ផ្តោតសំខាន់លើការកែលម្អមន្ត្រីរៀបចំការប្រកួត របស់យើងតាមលក្ខណៈបច្ចេកទេសដោយសារយើងជឿជាក់ថាភាពជោគជ័យដ៏សំខាន់នៃព្រឹត្តិការណ៍ប្រកួតកីឡាគឺពឹងផ្អែកលើមន្ត្រីទាំងនោះ។ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ផ្តោត​ជា​ចម្បង​លើ​ការ​ពង្រឹង​មន្ត្រី​បច្ចេកទេស​មុន​ស៊ីហ្គេម​ឆ្នាំ​២០២៣ផងដែរ។»។ អនុប្រធាន Camsoc រូបនេះបាននិយាយដូច្នេះ។
 
ជាមួយគ្នានេះដែរក្រៅពីស្ទង់នៅសមត្ថភាពមន្ដ្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាជាតិ ក៏ជាការប្រកួតដើម្បីស្ទង់នៅសមត្ថភាព បច្ចេកទេសនិងការអភិវឌ្ឍផ្សេងៗរបស់អត្ដពលិកកម្ពុជា មុនពេលព្រឹត្តិការណ៍ស៊ីហ្គេម មកដល់។គួរបញ្ចាក់ផងដែរថាព្រឹត្តិការណ៍កីឡាជាតិលើកទី១ មានប្រភេទកីឡាទាំងអស់ ៣៨ប្រភេទនិងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកជាតិលើកទី១ មានកីឡា ៧ប្រភេទ ដោយពីធីបើកនឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដោយឡែកខេត្តក្រុង ចំនួន៥ មាន៖ ភ្នំពេញ, កែប,កំពត, ព្រះសីហនុ និងសៀមរាប
នឹងធ្វើជាកន្លែងប្រកួតទៅតាមប្រភេទកីឡាផ្សេងៗ៕
 
 

Tag:
 ស៊ីហ្គេម
  កីឡាជាតិ
  កីឡាប៉ារ៉ាឡាំពិកជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com