ជាតិ
កម្ពុជា អាចផលិតថាមពលបាន ៤២៤៦មេហ្កាវ៉ាត់ លើសពីតម្រូវការប្រើប្រាស់
15, Nov 2022 , 8:59 pm        
រូបភាព
លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។ រូបពី អាជ្ញាធរកម្ពុជា
លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។ រូបពី អាជ្ញាធរកម្ពុជា
ភ្នំពេញ៖ កម្ពុជាផលិតថាមពលបាន ៤២៤៦មេហ្កាវ៉ាត់ ក្នុងមួយឆ្នាំ ខណៈតម្រូវការប្រើប្រាស់ថាមពលសព្វថ្ងៃ មានប្រមាណតែ២១០០មេហ្កាវ៉ាត់ប៉ុណ្ណោះ ។ នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

 
លោក ស៊ុយ សែម បានលើកឡើងក្នុងកិច្ចស​ន្ទនា ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្មនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤វិច្ឆិកា ថា បច្ចុប្បន្ន កម្ពុជា មានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ ដែលកើនឡើង៦០ភាគរយ បើគិតពីឆ្នាំ២០១៨មក។ 
 
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលល បានបញ្ជាក់ថា៖ «សព្វថ្ងៃនេះយើងមានភ្លើងគ្រប់គ្រាន់ ដែលមានចំនួនជាង ៤ពាន់មេហ្កាវ៉ាត់ ខណៈប្រចាំថ្ងៃ យើងប្រើតែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ។ យើងនៅសល់ពាក់កណ្ដាលទៀត ដូច្នេះសូមបងប្អូនកុំភ័យរឿងខ្វះភ្លើងប្រើប្រាស់ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ»។
 
ចំពោះការអភិវឌ្ឍបណ្ដាញខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ក្នុងឆ្នាំ២០១៨ កម្ពុជាមានត្រឹមតែ ២,១៤១គីឡូម៉ែត្រ ហើយកើនឡើងដល់ ៣,៤៨៥គីឡូម៉ែត្រ នៅឆ្នាំ២០២២នេះ។ ដោយឡែកអនុស្ថានីយវិញ នៅក្នុងឆ្នាំ២០១៨ មានចំនួន៣៣កន្លែង កើនឡើងដល់ ៦៣កន្លែង នៅឆ្នាំនេះ។ ចំណែក ខ្សែបណ្ដាញបញ្ជូនអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន បានគ្រប់ដណ្ដប់ទូទាំងប្រទេស។ 
 
សម្រាប់ខ្សែបណ្ដាញចែកចាយអគ្គិសនីតង់ស្យុងមធ្យមវិញ នៅក្នុងឆ្នាំ២០១៨ មានចំនួន ៣១,០៥៦គីឡូម៉ែត្រ និងឆ្នាំ២០២២មានចំនួន ៤២,៧៥០គីឡូម៉ែត្រ។ ចំណែក ខ្សែបណ្ដាញចែកចាយអគ្គិសនីតង់ស្យុងទាប នៅក្នុងឆ្នាំ២០១៨ មានចំនួន៣២,១១៨គីឡូម៉ែត្រ និងឆ្នាំ២០២២ មានចំនួន ៤៤,៣២០គីឡូម៉ែត្រ។ 
 
លោក ស៊ុយ សែម ក៏បានបញ្ជាក់ដែរថា សម្រាប់ខ្សែបណ្ដាញគ្របដណ្ដប់នៅតាមភូមិ មានការកើនឡើងជាង១ពាន់ភូមិ ក្នុងរយៈពេល៥ឆ្នាំនេះ ។ ជាក់ស្ដែង នៅឆ្នាំ២០១៨ មាន១២,៣០៥ភូមិ ស្មើនឹង៨៦ភាគរយនៃចំនួនភូមិទូទាំងប្រទេស ដែលមានអគ្គិសនីប្រើប្រាស់ បានកើនឡើងដល់ ១៣,៩២៣ភូមិ ស្មើនឹង៩៨ភាគរយ នៅឆ្នាំ២០២២។ ដូចនេះ នៅសល់តែ ២៤៥ភូមិប៉ុណ្ណោះ ដែលពុំទាន់មានអគ្គិសនីប្រើប្រាស់៕
 
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com